…ឆ្នាំ ២០១១ លោកតា Joao Pereisa de Souza អាយុ ៧១ឆ្នាំ សញ្ជាតិប្រេស៊ីល ប្រកបរបរនេសាទត្រី ។ ថ្ងៃមួយដោយចៃដន្យគាត់ក្រឡេកឃើញសត្វផេនឃ្វីន ១ក្បាលកំពុងដេកសំដិលលើផ្ទាំងថ្ម ខ្សោះកម្លាំ ប្រាណប្រឡាក់ដោយឈាម រោមជាប់ក្រាំងដោយប្រេង… ។
គាត់ក៏យកវាមកថែទាំ សំអាតប្រេងជាប់រោមរបស់វា ហើយដាក់ឈ្មោះវាថា Dindim ។
ពេលឃើញវាជាសះស្បើយទាំងស្រុង គាត់ក៏សម្រេចចិត្តព្រលែងវាទៅកាន់សមុទ្រវិញ ទាំងអារម្មណ៍ក្តុកក្តួលនឹកថាលែងបានជួបវាទៀតហើយ ។
ប៉ុន្តែប៉ុន្មានខែក្រោយមក Dindim ស្រាប់តែវិលត្រឡប់មកផ្ទះរបស់ “អ្នកមានគុណ” វិញ ។ រាល់ពេលលោកតាដើរទៅណាមកណាវាដើរ “ទ្រេតទ្រោត” តាមក្រោយជានិច្ច ។
លោក Joao ចែករំលែកថា ៖ “… វាមិនព្រមទៅវិញសោះហើយនៅជាមួយខ្ញុំអស់រយៈពេល ១១ខែ រហូតដល់វាដុះរោមថ្មី ទើបវាចាកចេញទៅ ។ អ្នកណាៗក៏និយាយថា ប៉ណ្ណេះវាប្រាកដជាលែងមកហើយ ។
ផ្ទុយស្រឡះ ៤ឆ្នាំហើយ ដែលវាតែងមករកខ្ញុំជាប្រចាំ ។ វាមកលេងនៅខែមិថុនា រួចចាកចេញទៅនៅខែកុម្ភៈ ។ រៀងរាល់ពេលមកម្តងៗវាកាន់តែស្និទ្ធស្នាល ហើយសម្តែងការត្រេកអរពេលជួបមុខខ្ញុំភ្លាម!” ។
Dindim ពុំស្និទ្ធស្នាលនឹងអ្នកដទៃឡើយ វាតែងបង្ហាញការប្រុងប្រយ័ត្នពេលអ្នកដទៃចូលកៀក ។
លោក Joao ប្រាប់ថា ៖ “គ្មានអ្នកណាហ៊ានប៉ះ Dindim ទេ ។ ឲ្យតែហ៊ានប៉ះវា វានឹងចឹកភ្លាម ។ ប៉ុន្តែចំពោះខ្ញុំវិញវាផ្ទុយស្រឡះ ។ វាតែងចូលចិត្តអង្គុយផ្អែកទ្រូងខ្ញុំ ឲ្យខ្ញុំងូតទឹកឲ្យ និងបញ្ចុកចំណី ឬបីវាដើរលេង” ។
ប្រិយមិត្តទស្សនា “មនោសញ្ចេតនា របស់ផេនឃ្វីន ដែលធ្វើដំណើរសែនឆ្ងាយមកសួរសុខទុក្ខអ្នកមានគុណ… !” លីសា