Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះស្លាប់ រួចអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់

spot_img

ភ្នំពេញ៖ បុរសម្នាក់ចាក់សម្លាប់ស្ត្រីម្នាក់ដល់ក្នុងផ្ទះស្លាប់ក្នុងថ្លុកឈាមរួចអារកសម្លាប់ខ្លួនឯងតាមក្រោយតែមិនស្លាប់ បណ្ដាលឲ្យរងរបួសធ្ងន់ដួល ដេកក្បែរគ្នា និងត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាម ៗ ដែលពុំទាន់ដឹងថាផ្ដើមចេញពីរឿងអ្វីឡើយ។ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅបុរីឈូកវ៉ា២ ផ្លូវលេខ៣៦ ផ្ទះលេខ៣១ ស្ថិត នៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

ស្ត្រីដែលស្លាប់ឈ្មោះ មាស លក្ខិណា អាយុ ២៤ ឆ្នាំ ជនជាតិ ខ្មែរ មានប្ដីឈ្មោះ ហួ ស៊ិន អាយុ ៣៧ ឆ្នាំ ជាជនជាតិចិន មុខរបរ ធ្វើការនៅក្រុមហ៊ុន កិនថ្ម ក្នុងខេត្តកំពង់ស្ពឺ អ្នកទាំង ២ មានកូន ប្រុស ២ នាក់ សព្វថ្ងៃស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ។ ដោយឡែកជនដៃដល់ជាឃាតករមិនទាន់ ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។

បើតាមអ្នករស់នៅជិតខាងកន្លែងកើតហេតុនោះ បាននិយាយថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ កំពុងនៅក្រោមសំយ៉ាបផ្ទះខាងមុខ ចំណែកកូនៗ របស់នាងនៅក្នុងបន្ទប់លើផ្ទះ ហើយប្ដីរបស់នាងមិននៅផ្ទះទេ ព្រោះ ជាប់រវល់ទៅធ្វើការ ។ ពេលនោះជនដៃដល់ខាងលើប្រដាប់ ដោយកូនកាំបិតចុងស្រួចបានដើរចូលទៅក្នុងផ្ទះស្ត្រីរងគ្រោះ រួចចាក់ទៅលើនាងជាច្រើនកាំបិតបណ្ដាលឲ្យនាងដួល ដេកស្លាប់នៅ ក្នុងថ្លុកឈាមភ្លាមៗតែម្ដង ។

តាមប្រភពដដែលបានប្រាប់ឲ្យដឹងបន្តទៀតថា ក្រោយពីចាក់សម្លាប់នាង រួចហើយជនជាឃាតកររូបនោះ អត់បានរត់ទៅណានោះទេ ក៏បានយក កូនកាំបិតនោះអារកសម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនបានស្លាប់នោះទេ គ្រាន់តែរបួសធ្ងន់ ។ បន្ទាប់មកត្រូវបានគេបញ្ជូនតាមរថយន្តពេទ្យ នាំទៅ សង្គ្រោះបន្ទាន់ភ្លាមៗ ហើយ ចំពោះដើមហេតុដែលឈានដល់ការចាក់សម្លាប់គ្នានេះ ពុំទាន់ត្រូវបានដឹងច្បាស់ថាជារឿងស្នេហាត្រីកោណ ឬក៏ជា រឿងគំនុំអ្វីមួយនៅឡើយទេ ។

ចំណែកសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ក៏បានចុះទៅកាន់ទីនោះ ធ្វើការស្រាវជ្រាវអំពីដើមហេតុខាងលើនោះ និងរាយការណ៍ជូននគរបាល ការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះទៅធ្វើកោសល្យវិច័យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×