ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំប្រមូលធាតុចូលពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋានសហគមន៍សម្រាប់កម្មករឱ្យមានលក្ខណៈស្តង់ដាអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ អ្នកជំនាញមកពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក (World Bank) បានធ្វើបទបង្ហាញអំពីនីតិវិធីក្នុងការសាងសង់ទារកដ្ឋានសហគមន៍សម្រាប់កម្មករ ការស្ទង់មតិកម្មករនិយោជិត និងកិច្ចសហការ ព្រមទាំងពិភាក្សាជាមួយនិយោជកដើម្បីសាងសង់ទារកដ្ឋានសហគមន៍ និងផ្តល់អត្ថប្រយោជន៍ឱ្យចំគោលដៅ។
ក្រោយស្តាប់នូវបទបង្ហាញ ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការចែករំលែកនូវបទបង្ហាញនៃការរៀបចំទារកដ្ឋានសហគមន៍សម្រាប់បងប្អូនកម្មករ កម្មការិនីរោងចក្រកាត់ដេរ ដោយអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធនាគារពិភពលោក ដែលជាធាតុចូលយ៉ាងសំខាន់លើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នាពេលខាងមុខ។
ចំពោះកិច្ចការងារនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយក្រសួងពាក់ព័ន្ធបានដាក់ចេញនូវនីតិវិធីប្រតិបត្តិការស្តង់ដា (SOP) ក្នុងការបង្កើតទារកដ្ឋានសហគមន៍ ក្នុងនោះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជជែកពិភាក្សាជាមួយនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនរួចមកហើយទាក់ទងនឹងការជួយជ្រោមជ្រែងលើកិច្ចការបង្កើតទារកដ្ឋានសហគមន៍នេះ។
គូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានទារកដ្ឋានសហគមន៍សម្រាប់បងប្អូនកម្មករនេះគឺជាអនុសាសន៍មួយក្នុងចំណោមអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដាក់ឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
![](https://cen.com.kh/wp-content/uploads/2024/04/19bdd8d50cfe170eb61226e63ff37d84-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/04/4d3b3dc87e79892435a0ac4e28fa1b80-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/04/149a6dc15c864ab83ae07531d3cdb498-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/04/239e98f98cdc420503062185e659f082-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/04/e06ba75104452c4a88b6607d4cf71b16-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/04/3681c38d65ec7aab6e3a75f2b8d93b90-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/04/23c06c0e2742b5d64b76a0e7ef15f3e8-1024x683.jpg)
![](https://cen.com.kh/wp-content/uploads/2024/04/445b1f867664fd0302dc5948e3a4eb04-1024x683.jpg)