Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋសភាកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយចីរភាព

spot_img

ភ្នំពេញ ៖ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអនុប្រធានក្រុមប្រឹក្សាទឹកនៃសភាអាស៊ី (AAWC) បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសិក្ខាសាលា ស្តីពីចក្ខុវិស័យទឹកនៅកម្ពុជា ក្រោមប្រធានបទ «ការផ្តល់យោបល់អំពីចក្ខុវិស័យទឹកថ្នាក់ជាតិ សម្រាប់និរន្តរភាព និងវិបុលភាពរួម រវាងកម្ពុជា និងក្រុមប្រឹក្សាទឹកអាស៊ី ក្នុងបរិបទនៃវិបត្តិអាកាសធាតុ» ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារហៃយ៉ាត់ រីជែនស៊ី ភ្នំពេញ នាល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

នៅក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងបានផ្តល់នូវធាតុចូលសំខាន់ៗ ពាក់ព័ន្ធនឹងស្ថានភាពទូទៅនៃធនធានទឹកនៅកម្ពុជា ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ការអភិវឌ្ឍទីក្រុង និងបច្ចេកវិទ្យាផ្កាយរណបសម្រាប់ការគ្រប់គ្រងទឹក សំដៅចូលរួមអភិវឌ្ឍន៍វិស័យទឹកប្រកបដោយនិរន្តរភាព។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បានកោតសរសើរ ដោយស្មោះចំពោះការរៀបចំនូវ «ឯកសារផ្តល់យោបល់ក្រុងភ្នំពេញ ស្តីពីទឹក» ដែលបានបញ្ចូលនូវធាតុចូលសំខាន់ៗ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាទឹក ក៏ដូចជាអភិវឌ្ឍន៍វិស័យទឹកប្រកបដោយចីរភាពនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងតាមរយៈវឌ្ឍនភាពនៃការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ច និងសង្គម រួមទាំងការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ទីប្រជុំជន និងជនបទ និងផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៤-២០២៥។

ទន្ទឹមនឹងនេះ ឯកឧត្តម ក៏សង្ឃឹមផងដែរថា លទ្ធផលនៃសិក្ខាសាលានាថ្ងៃនេះ នឹងក្លាយជាធាតុចូលសម្រាប់កិច្ចប្រជុំនៃ AAWC នៅក្នុងឱកាសនៃវេទិកាទឹកពិភពលោកលើកទី១០ នៅប្រទេសឥណ្ឌូនេស៊ី នាខែឧសភា ឆ្នាំ២០២៤ និងក្នុងឱកាសនៃសប្តាហ៍ទឹកពិភពលោក លើកទី៣ នៅប្រទេសចិន នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។ រដ្ឋសភាកម្ពុជាដែលដឹកនាំដោយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការក្នុងស្មារតីនៃវិបុលភាព និងការប្រើប្រាស់ទឹកប្រកបដោយសន្តិវិធី តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូអន្តរជាតិ ដោយធ្វើការចែករំលែកលើវិស័យច្បាប់ និងសកម្មភាពនីតិប្បញ្ញត្តិនានាទាក់ទងនឹងវិស័យទឹកនៅអាស៊ី សំដៅធានាឱ្យបាននូវសុខុមាលភាពទឹក ការគ្រប់គ្រងទឹកប្រកបដោយចីរភាព និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈយន្តការនៃកិច្ចសហប្រតិបត្តិការសភា និងសភាក្នុងកិច្ចការនីតិកម្មលើវិស័យទឹក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×