ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ សង្ឃឹមថា នឹងទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ ប្រាកបដោយសមធម៌ ក្នុងរយៈពេលលឿន

ខេត្តឧត្តរមានជ័យ ÷ តទៅនេះ គេសង្ឃឹមថា ប្រជាពលរដ្ឋរស់នៅក្នុងទឹកដីខេត្តឧត្តរមានជ័យ នឹងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់គ្រប់គ្រងកាន់កាប់ដីធ្លីជាអតិបរមាប្រកបដោយសមធម៌, នេះបើយោងតាម ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានថ្លែងជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ត្រូវរួមគ្នាយកចិត្តទុកដាក់ ដើម្បីសម្រេចតាមផែនការ នៃការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស។

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ថ្លែងលើកឡើងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងប្រតិភូអមដំណើរ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ និងមន្ត្រីសុរិយោដីខេត្ត ក្រុង ស្រុក ជាច្រើនរូបទៀត។

ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថា ការចុះបញ្ជីដីធ្លីមិនមែនអង្គភាពសុរិយោដីធ្វើតែម្នាក់ឯងនោះទេ គឺត្រូវការចូលរួមធ្វើទាំងអស់គ្នា ពីមន្រ្តីជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដូចនេះសូមជំរុញដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធត្រូវរួមគ្នា ដើម្បីសម្រេចឱ្យបានតាមផែនការរបស់រាជរដ្ឋាភិបាលក្នុងការរៀបចំចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យឱ្យបានឆាប់ និងចប់រួចរាល់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីជាប្រយោជន៌ និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ពោលគឺ ធ្វើយ៉ាងណាឱ្យពួកគាត់មានប័ណ្ណកម្មសិទ្ធប្រើប្រាស់ស្របច្បាប់ជាទ្រព្យសម្បត្តិរឹងមាំ។

បើតាមការពន្យល់របស់ ឧបនាយករដ្ឋមន្រ្តី សាយ អាល់ បានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចាត់ទុកថា ការងារចុះបញ្ជីដីធី្ល គឺជាបញ្ហាសំខាន់មួយ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញលើបញ្ហានេះ។ ដូច្នេះក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឲ្យបានល្អត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាលដែលបានកំណត់, ជាពិសេសនោះ គឺការបន្តសកម្មភាពរៀបចំចុះបញ្ជី ដីធ្លីជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសុក្រិតភាព ជាមួយនឹងការធ្វើការកែសម្រួល ដោយកាត់ឆ្វៀលជូនប្រជាពលរដ្ឋ  ដែលមានតាំងទីលំនៅពិតប្រាកដ និងរស់នៅរយៈពេលយូរមកហើយ ប៉ុន្តែការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋទាំងនោះ មិនទាន់ចប់សព្វគ្រប់នៅឡើយនោះទេ បញ្ហានេះ គឺទាមទារឱ្យមានការបន្តសកម្មភាពយ៉ាងសកម្ម និងផុសផុលក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មីនេះឱ្យបានឆាប់ចប់ ដើម្បីភាពសុខដុមរមនា នៃអចលនទ្រព្យរបស់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម