Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដចតេជោ បានស្នើសុំឲ្យឯកឧត្ដមប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះ គឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ

spot_img

ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។

សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ថងលូនស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ សម្ដេចតេជោ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ថងលុន នៅកម្ពុជានាពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនង រវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជាបងប្អូន ជាអ្នកជិតខាងល្អ ហើយនៅថ្ងៃស្អែកនេះ គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ប្រជាជនឡាវ នឹងកិច្ចប្រជុំរួមគ្នាផងដែរ។

សម្ដេចតេជោ បានសម្តែងការរីករាយ ដោយឃើញថាក្នុងរយៈពេលចុងក្រោយនេះ គឺមានការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ដោយ សម្ដេចតេជោ ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយក្រោយមក ប្រធានសភាកម្ពុជាក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ទើបនឹងបានបំពេញទស្សនកិច្ចនៅប្រទេសឡាវហើយនៅពេលនេះ ប្រធានរដ្ឋឡាវ ក៏បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយជាមួយគ្នានេះដែរ សម្តេចតេជោក៏បានឆ្លៀតសម្តែងការអរគុណចំពោះលិខិតអបអរសាទរ ពីថ្នាក់ដឹកនាំឡាវចំពោះជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅនេះ និងអបអរសាទរចំពោះ សម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ជាការឆ្លើយតប ឯកឧត្ដម ប្រធានរដ្ឋឡាវ បានសម្តែងការរីករាយដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយក៏បានជួប សម្តេចតេជោ ដែលជាមិត្តភក្តិចាស់ ជាគ្រូ ហើយ សម្ដេចតេជោ គឺមានបទពិសោធច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ មានការរីកចម្រើន ហើយដោយថា សម្ដេចតេជោ ជាប្រធានគណបក្សផងនោះ ទោះបីជា សម្តេចធ្វើជាប្រធានព្រឹទ្ធសភា ក៏សម្ដេចនៅតែអាចគ្រប់គ្រងនិងដឹកនាំ ឲ្យមានដំណើរប្រព្រឹត្តទៅយ៉ាងល្អរបស់កម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗទៀត។

ហើយជាថ្មីម្តងទៀត ឯកឧត្ដម ប្រធានរដ្ឋឡាវ ក៏ដូចជា រដ្ឋសភា និងប្រជាជនឡាវ បានអបអរសាទរចំពោះ គណបក្សប្រជាជននិងអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចតេជោត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្ដម ប្រធានរដ្ឋ ក៏បានរៀបរាប់ថា មុននេះ ឯកឧត្ដម បានចូលជួប សវនាការ ជាមួយ ព្រះករុណា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសរីករាយកក់ក្ដៅជាទីបំផុត។

ប្រធានរដ្ឋឡាវ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលបានជួយគាំទ្រឡាវ ហើយ ឯកឧត្ដមប្រធានរដ្ឋ ក៏បាន កត់សម្គាល់នៃការរីកចម្រើនរបស់កម្ពុជា ហើយរីករាយដែលបានមកកម្ពុជាជាបន្តបន្ទាប់ ដោយការបំពេញទស្សនកិច្ច ហើយក៏បានចូលរួមកីឡាស៊ីហ្គេមកន្លងទៅនេះ ដែលកម្ពុជាបានប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យ ហើយនៅពេលនេះបានបំពេញទស្សនកិច្ចនៅកម្ពុជាថែមទៀត ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។

ឯកឧត្ដម ប្រធានរដ្ឋឡាវ ក៏បានសម្តែងក្តីសង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ក្នុងការលើកកម្ពស់កម្រិតដៃគូ ដែលប្រទេសយើងជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយគ្នានេះ យើងបានរួមដំណើរក្នុងការកសាងសមត្ថភាព ហើយ សម្តេចតេជោ និង ឯកឧត្តម ថង លុន បានធ្វើកិច្ចការជាច្រើនដើម្បីត្រួសត្រាយសម្រាប់ក្មេងជំនាន់ក្រោយជាពិសេសលើ បញ្ហាព្រំដែន គឺខិតខំដោះស្រាយយ៉ាងណាដើម្បីឲ្យកូនចៅជំនាន់ក្រោយកុំឲ្យមានបញ្ហា។

សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាង សម្ដេចតេជោ និង ឯកឧត្ដម ថង លុន គឺមានរយៈពេលជាង៤០ឆ្នាំមកហើយ គឺមានរយៈពេល ២ ភាគ ៣ នៃរយៈពេលដែលប្រទេសយើងទាំង២មានទំនាក់ទំនងគ្នា ។ ហើយយើងបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ដោយសម្រេចបានជោគជ័យត្រចះត្រចង់។ ឯកឧត្តម ថងលូន បានរំលឹកនៅពេល ដែល ឯកឧត្ដម បានជួប សម្តេចតេជោ ដំបូងគឺនៅទីក្រុងមូស្គូ ក្នុងពេលដែលសម្ដេចតេជោ ជារដ្ឋមន្ត្រីការបរទេស ដែលពេលនោះ ឯកឧត្ដមប្រធានរដ្ឋឡាវ បានជួយសម្របសម្រួលអោយមានជំនួបជាមួយភាគីថៃ និងបានជួយគ្នាជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោ ក៏បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ ការសម្រេចអោយមានផ្លាស់ប្ដូរផ្ទេរអ្នកជំនាន់ចាស់ឲ្យទៅអ្នកជំនាន់ថ្មី គឺជាទស្សនៈដ៏ត្រឹមត្រូវ ដោយកម្ពុជានៅតែមានស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចរឹងមាំ ចំណូលថវិកាជាតិមានកំណើន និងមិនមានវិបត្តិកើតឡើង។ ហើយតាមការស្ទង់មតិជំនឿលើការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏មានការកើនឡើងជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយគណបក្សប្រជាជនកម្ពុជាក៏មិនព្រងើយកន្តើយក្នុងការត្រៀមខ្លួនដើម្បីជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៧-ឆ្នាំ២០២៨ ខាងមុខនេះដែរ។

ទាក់ទងនឹង វិស័យសេដ្ឋកិច្ច ទេសចរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយចំពោះកិច្ចសហប្រតិបត្តិការដែលយើងមានសព្វថ្ងៃ ដោយទំហំពាណិជ្ជកម្មមានការកើនឡើង កម្ពុជាបានទិញអគ្គិសនីពីប្រទេសឡាវច្រើន ហើយឡាវក៏បានប្ដេជ្ញាខិតខំប្រមូលអគ្គិសនី ផ្ដល់ឲ្យកម្ពុជា អោយបានគ្រប់គ្រាន់ និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យថាមពលនេះ ហើយក្រៅពីនោះ ពាក់ព័ន្ធវិស័យទេសចរណ៍ក៏ល្អប្រសើរ ដោយយើងបានធ្វើការហោះហើរត្រង់ឡើងវិញ ចំនួនទេសចរក្រៅប្រទេសមកកម្ពុជា ហើយក៏មានពីកម្ពុជា បន្តទៅឡាវមានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្ដម ប្រធានរដ្ឋឡាវ បានរំឭកថា សម្តេចតេជោបានចែករំលែកនូវមេរៀនល្អៗជាច្រើន ក្នុងការរក្សាស្ថិរភាពនយោបាយ និងកោតសរសើរចំពោះ ការរៀបចំផ្ទេរតំណែង ពីអ្នកជំនាន់ចាស់ទៅជំនាន់ថ្មី ហើយការផ្តល់តួនាទីទៅដល់មន្ត្រីរាជការអោយមានដំណើរប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នផ្សេងៗបានរលូន ហើយក៏បញ្ជាក់ទៀតថា ឯកឧត្ដម រីករាយដែលបានជួបសម្ដេចតេជោ នាពេលនេះហើយក៏បានសង្កេតឃើញថា កម្ពុជាមានស្ថិរភាពនយោបាយហើយកំពុងតែបោះជំហានទៅមុខយ៉ាងល្អប្រសើរ។

ឯកឧត្តម ប្រធានរដ្ឋឡាវ បានបញ្ជាក់ថា វត្តមានរបស់ ឯកឧត្ដម នាពេលនេះគឺ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និង ចូលរួមប្រជុំរវាងគណបក្សទាំងពីរ ក្នុងឱកាសនេះដែរ ឯកឧត្ដម ក៏បានអញ្ជើញ សម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងចូលរួមប្រជុំរវាងគណបក្សទាំងពីរនៅឆ្នាំក្រោយផងដែរ។ ជាមួយគ្នាដែរ ឯកឧត្ដម ប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចាត់ទុក ឯកឧត្ដម ជាភ្ញៀវបរទេសកំពូលទី១ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងខណៈដែលសម្តេចមានតួនាទីជាប្រធានព្រឹទ្ធសភា និង ជំរុញឲ្យកូនចៅជំនាន់ក្រោយមានទំនាក់ទំនងល្អជាមួយគ្នា ធ្វើការជាមួយគ្នា សុខដុមក្នុងការរស់នៅភូមិផងរបងជាមួយគ្នា ប្រកបដោយការទុកចិត្តគ្នា។

ជាចុងក្រោយ សម្ដចតេជោ ក៏បានស្នើសុំឲ្យ ឯកឧត្ដម ប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់ដើម្បីទៅកាន់សមុទ្រកម្ពុជា ហើយប្រធានរដ្ឋឡាវបានគាំទ្រចំពោះគម្រោងនេះផងដែរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×