Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចអនុវត្តតាមដីកា ចាប់ខ្លួនឯកឧត្តមម្នាក់ ដែលអះអាងចែកដីឱ្យប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

spot_img

ភ្នំពេញ ៖ អនុវត្តតាមដីការបស់អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ , សមត្ថកិច្ចបានចុះស្រាវជ្រាវនាំខ្លួនឯកឧត្តមម្នាក់ ឈ្មោះ ជួន គន្ធា ពាក់ព័ន្ធ ករណី ញុះញង់ ប្រជាពលរដ្ឋឲ្យទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចនគរបាលផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះអនុវត្តន៍ដីកាបញ្ជាឲ្យចូលខ្លួន របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដោយនាំខ្លួនឈ្មោះ ជួន គន្ធា ពាក់ព័ន្ធករណីញុះញង់ប្រជាពលរដ្ឋឲ្យទន្ទ្រានកាន់កាប់ដីរដ្ឋខុសច្បាប់ និងប៉ុនប៉ងឆបោក ប្រព្រឹត្តទៅនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

លោក ទិន សុចិត្រា តំណាងអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ខែ មេសា ឆ្នាំ ២០២៤បានចេញដីកាបញ្ជាឱ្យចូលខ្លួន ដោយយោងបានឃើញ មាត្រា៣៧, ៩៤ និងមាត្រា ១១៤ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។ បានឃើញ សំណើសុំបញ្ជាឱ្យចូលខ្លួន លេខ៖ ០៣/២៤ ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់ការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

លោក ទិន សុចិត្រា បានចេញបញ្ជា ឱ្យឈ្មោះ ជួន គន្ធា ភេទប្រុស កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៨៩ សញ្ជាតិខ្មែរ កាន់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរលេខ ០៣០៩៧៤២៣៣ ទីកន្លែងកំណើតនៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិត្រពាំងឬស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ឱ្យចូលមកបង្ហាញខ្លួននៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ឱ្យបានមុនថ្ងៃទី ៣០ ខែ មេសា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី៖ “ប៉ុនប៉ងឆបោក និង ញុះញុងឱ្យមានការប្រព្រឹត្តបទ ឧក្រិដ្ឋជាអាទិ៍” កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន ភូមិផ្ញើ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

លោក ជួន គន្ធា បានប្រកាសចែកដីជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលដីទាំងនេះ ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់រដ្ឋ និងជាដីសាធារណៈរបស់រដ្ឋ ក្នុងមួយឡូតិ៍ទំហំ ១០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ហើយគេមានដី ៦០០០ឡូតិ៍ ដោយយកប្រាក់មួយឡូតិ៍ ៤៥០ដុល្លារ ថ្លៃសេវារដ្ឋបាល ថ្ងៃសេវាធ្វើផ្លូវ តប្រព័ន្ធភ្លើងទឹក។

សូមរំលឹកថា បន្ទាប់ពីមានករណីឯកឧត្តមម្នាក់ ឈ្មោះជួន គន្ធា ប្រកាសចែកដីនៅកំពង់ស្ពឺចំនួន៦០០០ឡូតិ៍ ដោយម្រូវអោយបង់សេវា ៤៥០ដុល្លារ ,រដ្ឋបាលស្រុកឱរ៉ាល់ នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្តីជូនដំណឹងបដិសេធ។

យោង តាមការ Live វីឌីអូរបស់ផេក KH PLUS NEWS ដោយមានឈ្មោះ ពូ ហ៊ន និងឈ្មោះ ជួន គន្ធា បានធ្វើការចែកដី ជូនប្រជាពលរដ្ឋក្រីក្រ ដីស្ថិតនៅភូមិរោងម៉ាស៊ីន និងភូមិត្រពាំងធៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

រដ្ឋបាលស្រុកឱរ៉ាល់ សូមបដិសេធមិនទទួលស្គាល់ដឹងឮលើករណីខាងលើ ព្រោះការអះអាងរបស់បុគ្គលខាងលើ ជាដីស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដែលត្រូវបានការពារដោយច្បាប់ ហើយគ្មានបុគ្គលណា អាចកាប់ឆ្ការ ទន្ទ្រាន រឺឈូសឆាយលើដីនោះបានឡើយ។

ក្នុងករណីបើរដ្ឋចែកដីជូនប្រជាពលរដ្ឋក្រីក្រគឺអនុវត្តតាមគោលនយោបាយដីសម្បទានសង្គមកិច្ចដែល មិនតម្រូវឱ្យប្រជាពលរដ្ឋក្រីក្របង់ប្រាក់ទេ។

រដ្ឋបាលស្រុកសូមអំពាវនាវដល់ សាធារណៈជន ដល់អ្នកទិញដីនៅក្នុងស្រុកឱរ៉ាល់ មេត្តាទិញដីដែលមាន ប័ណ្ណកម្មសិទ្ធិស្របច្បាប់ ត្រូវជៀសវាងការទិញ លក់ដីដែលមានប្រភពមិនច្បាស់លាស់ ជាពិសេសដីដែលស្ថិត នៅក្នុងតំបន់ការពារធម្មជាតិ និងដីសាធារណៈរបស់រដ្ឋផ្សេងៗ ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×