Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើលទៅដូចពិបាកលេប ពលរដ្ឋ ១២៣គ្រួសារហ្នឹងពេក សាលាដំបូងខេត្តបន្ទាយមានជ័យ ជូនដំណឹងស្ដីពីការផ្អាកការអនុវត្តសាលដីការបស់តុលាការកំពូល 

spot_img

ខេត្តបន្ទាយមានជ័យ ÷ បន្ទាប់ពីពលរដ្ឋ ១២៣គ្រួសារក្រោកឈរធ្វើការតវ៉ាយ៉ាងស្វាញស្វិត និងបណ្ដាញព័ត៌មានជាច្រើនអង្គភាព ក្នុងនោះមានសារព័ត៌មាន CEN មួយផងដែរ បានផ្សព្វផ្សាយទាក់ទិននឹងដំណើរនីតិវិធីគ្រោងអនុវត្តអំណាចសាលដីការបស់តុលាការកំពូល ទៅលើចំណុចវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែង ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យនោះ ពេលនេះមន្ត្រីទទួលបន្ទុកអាជ្ញាសាលារបស់សាលាដំបូងខេត្តបន្ទាយមានជ័យ បានជូនដំណឹងជាថ្មីឡើងវិញ គឺផ្អាកការអនុវត្តសាលដីការបស់តុលាការកំពូល ដែលមុននេះគ្រោងនឹងអនុវត្តនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ការណ៍ដែលពលរដ្ឋ ១២៣គ្រួសារ ផ្ដើមភ័យព្រួយបារម្ភ ដោយខ្លាចពួកអ្នកមានទឹកលុយ គប់គិតជាមួយមន្ត្រីខិលខូចប្រើឧបាយកលទុច្ចរិតតាមផ្លូវតុលាការ ដណ្ដើមយកដីធ្លីរបស់ពួកគាត់ ដែលមាន ១៦០ក្បាលដី ទំហំសរុប ១៤៣ ២០២ម៉ែត្រការ៉េ (ជាង១៤ហិចតា) នោះ គឺនាពេលថ្មីៗនេះ លោក ឡា ប៊ុនហួន មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញលិខិតជម្រាបទៅលោកចៅសង្កាត់ផ្សារកណ្ដាល ស្ដីពីការចូលរួមផ្សព្វផ្សាយ ការអនុវត្តសាលដីកា លេខ ៣០៧ “ឆ” ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ របស់តុលាការកំពូល ដោយតម្រូវឱ្យមានសមត្ថកិច្ចចម្រុះចូលរួម និងតម្រូវឱ្យប្រជាពលរដ្ឋរុះរើផ្ទះសម្បែង សម្ភារៈ និងនាំយកទ្រព្យសម្បត្តិចេញពីទីតាំងដែលត្រូវបានសម្រេចដោយតុលាការ, នេះបើយោងលិខិតរបស់អាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ លេខ ០៨៥ រប . អជ / ២៥ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។

សូមរំលឹកថា កន្លងមក ពលរដ្ឋ ១២៣គ្រួសារ ដែលរស់នៅទីតាំងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ គិតជាក្បាលដី  ១៦០ក្បាលដី ទំហំសរុប ១៤៣ ២០២ម៉ែត្រការ៉េ (ជាង១៤ហិចតា) គឺពុំទទួលបានភាពស្ងប់សុខអស់រយៈកាល ១៣ឆ្នាំ មកហើយ បន្ទាប់ពីកើតមានរឿងប្ដឹងផ្ដល់គ្នារវាងបុគ្គល និងបុគ្គល គឺលោក ហេង ពៅ , លោកសាយ សុធុល ប្ដឹងលោក ជា ខេង , និងប្ដឹងផ្ដល់គ្នាចុះឡើងត្រឡប់ទៅត្រឡប់មកជាមួយ លោក ហង្ស ម៉ៅ,  រហូតត្រូវបានចេញ សាលក្រមសាលាដំបូងខេត្តបន្ទាយមានជ័យ លេខ ១៦ ( ក ) ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១១។ លុះមកលេចចេញលិខិតជូនដំណឹងស្ដីពីការអនុវត្តសាលដីការបស់តុលាការកំពូលថែមទៀត រឹតតែធ្វើឱ្យពួកគាត់តក់ស្លុតយ៉ាងខ្លាំង ក្រោកឈរតវ៉ាយ៉ាងកក្រើក រហូតមកដល់បច្ចុប្បន្ន។ ម្យ៉ាងសំណុំរឿងនេះ កើតវិវាទរវាងបុគ្គល និងបុគ្គល ស្រាប់តែមកអនុវត្តប៉ះពាល់ជាសមូហភាព បណ្ដេញពួកគាត់ទាំង ១២៣គ្រួសារ ចេញពីទីតាំងទំនាស់ខាងលើ ធ្វើឱ្យពួកគាត់ខ្លាយជាអ្នករងគ្រោះ ដែលរឿងនេះប្រជាពលរដ្ឋលើកឡើងថា គួរណាស់តែតុលាការ កាត់ក្ដី និងអនុវត្តសាលក្រម និងសាលដីកា ទៅលើបុគ្គល ឱ្យពួកគេប៉ុន្មាននាក់ហ្នឹងសងថ្លៃខូចខាតគ្នាទៅ កុំមកប៉ះពាល់ប្រជាពលរដ្ឋ គឺចប់ហើយ។  

យោងលិខិតថ្មីរបស់មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ដែល CEN ទើបតែទទួលបានមុននេះបន្តិច គឺ លោក កើត វណ្ណារ៉េត បានចេញលិខិតជូនដំណឹងជាថ្មីមួយទៀត ជម្រាជូនទៅ លោក ហង្ស ម៉ៅ ជាកូនបំណុល នៃការអនុវត្តសាលដីកា ព្រមទាំងតតិយជនទាំងអស់ ដោយបញ្ជាក់ថា ផ្អាកការអនុវត្តសារដីកា លេខ ៣០៧ “ឆ” ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ របស់តុលាការកំពូល, ការផ្អាកនេះ ពុំបានកំណត់កាលបរិច្ឆេទថា នឹងត្រូវបន្តអនុវត្តសាលដីកានេះ នៅពេលណាទៀតនោះទេ, នេះបើយោងលិខិតរបស់ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លេខ ២១៧៦ អយ / ក ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤។

មានន័យថា ដំណើរនីតិវិធីដែលគ្រោងអនុវត្តសាលដីកា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នេះ ត្រូវផ្អាកវិញហើយ, ជាមួយគ្នានេះផងដែរ ប្រជាពលរដ្ឋទាំង ១២៣គ្រួសារ ក៏បានជួបជុំគ្នានៅលើទីតាំងដីទំនាស់ លើកបដា សូមថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធ, សូមអរគុណដល់ឯកឧត្តមម្នាក់ ដែលជានាយករងខុទ្ទកាល័យ សម្ដេចតេជោ ហ៊ុន សែន, សូមអរគុណដល់ក្រសួងថ្នាក់ជាតិពាក់ព័ន្ធទាំងអស់ ដែលបានស្វែងរកតម្លាភាព ផ្ដល់យុត្តិធម៌ និងគាំទ្រដល់ប្រជាពលរដ្ឋតាំងពីដើមទីរហូតមកដល់បច្ចុប្បន្ន៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×