ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី ហ៊ុន ម៉ាណែត គាំទ្រយ៉ាងពេញទំហឹងដល់គ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុង អនុវត្តក្នុងដំណើរឆ្ពោះទៅរកកម្ពុជាគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតក្នុងឱកាសប្រារព្ធទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។

សម្តេចមហាបវរធិបតី បានមានប្រសាសន៍សូមសម្តែងនូវការអបអរសាទរជាមួយប្រជាជាតិ និងពិភពលោកទាំងមូល ដែលប្រារព្ធ ទិវាគ្រុនចាញ់ពិភពលោក និងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ដើម្បីជំរុញ និងលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ព្រមទាំងដៃគូអនុវត្ត និងដៃគូអភិវឌ្ឍរួមគ្នាពន្លឿនការអនុវត្តសកម្មភាព លុបបំបាត់ជំងឺគ្រុនចាញ់ទៅតាមផែនការយុទ្ធសាស្ត្រជាតិ ឱ្យសម្រេចបានជោគជ័យសម្រាប់ប្រទេសកម្ពុជាគ្មាន ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ និងបណ្តាប្រទេសនៅក្នុងមហាអនុតំបន់មេគង្គគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០៣០។

បើទោះបីជាជំងឺគ្រុនចាញ់ នៅតែយាយីដល់អាយុជីវិតមនុស្សគ្រប់ពេល និងបានធ្វើឱ្យខាតបង់ផលិតភាព យ៉ាងធ្ងន់ធ្ងរ បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ និងសង្គម-សេដ្ឋកិច្ចរបស់ពិភពលោក និងប្រទេសកម្ពុជា ក៏ដោយ ក៏ប្រទេសកម្ពុជាបាននិងកំពុងតែដើរលើផ្លូវត្រូវ ដោយបានចូលរួមយ៉ាងសកម្មជាមួយពិភពលោកគាំទ្រ ការសម្រេចគោលដៅគ្មានជំងឺគ្រុនចាញ់ តាមរយៈការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់ ឆ្នាំ២០១១-២០២៥ ដែលជាគំនិតផ្តួចផ្តើមដ៏ថ្លៃថ្លាប្រកបដោយ បញ្ញាញាណរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។ ក្នុងបរិបទសុខសន្តិភាព ស្ថិរភាពនយោបាយ សេរីភាព សាមគ្គីភាព សេចក្តីថ្លៃថ្នូរនិងវឌ្ឍនភាពទូទាំងប្រទេស កម្ពុជាបានធ្វើដំណើរកាន់តែខិតទៅជិតដល់ការលុបបំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ ត្រឹមឆ្នាំ២០២៥ តាមរយៈសមិទ្ធផលសំខាន់ៗ មានជាអាទិ៍ ការទប់ស្កាត់មិនឱ្យមានភាពស៊ាំនឹងថ្នាំសម្លាប់មេរោគ គ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៦ និងការបន្តថយចុះនៃចំនួនករណីជំងឺគ្រុនចាញ់ ដោយនៅឆ្នាំ២០២៣ មាន ត្រឹមតែ ១ ៣៨៤ ករណី ប៉ុណ្ណោះ ព្រមទាំងគ្មានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់ចាប់តាំងពីឆ្នាំ២០១៨ រហូត មកដល់បច្ចុប្បន្ន។

សម្តេចមហាបវរធិបតី បានថ្លែងថា ទន្ទឹមនឹងវឌ្ឍនភាព និងសមិទ្ធផលជោគជ័យទាំងនេះ យើងមិនត្រូវភ្លេចខ្លួនទេថា យើងពុំទាន់សម្រេច គោលដៅផែនការលុបបំបាត់ជំងឺគ្រុនចាញ់ទាំងស្រុងនៅឡើយ ដោយនៅមានបញ្ហាប្រឈមចម្បងៗដែលយើងត្រូវ តែខិតខំរួមគ្នាដោះស្រាយ និងបង្កើនល្បឿនអនុវត្តផែនការសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់ ដំណាក់កាលទី២ ឆ្នាំ២០២១-២០២៥ ជាពិសេសត្រូវផ្តោតលើការផ្តល់សេវាធ្វើរោគវិនិច្ឆ័យ និងការព្យាបាល ករណីជំងឺគ្រុនចាញ់ ដែលនៅសេសសល់ក្នុងតំបន់ឆ្ងាយដាច់ស្រយាលពិបាកទៅដល់ និងប្រជាជនចល័ត ប្រជាជនក្រីក្រ ស្ត្រីមានផ្ទៃពោះ កុមារតូចៗ ព្រមទាំងជនជាតិដើមភាគតិចដែលប្រឈមនឹងហានិភ័យខ្ពស់ ដោយមិនប្រកាន់ពណ៌សម្បុរ ភេទ ពូជសាសន៍ សាសនា ស្ថានភាពសង្គម-សេដ្ឋកិច្ច ឬស្ថានភាពផ្សេងៗទៀត ប្រកបដោយគុណភាព ស័ក្តិសិទ្ធិភាព សមធម៌ និងបរិយាបន្ន។ បន្ថែមពីលើនេះ ត្រូវបន្តសកម្មភាពលើកកម្ពស់ ការយល់ដឹងរបស់សាធារណជន ការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់ តាមរយៈការធ្វើឱ្យសហគមន៍មានអនាម័យល្អ បរិស្ថានស្អាត ការពារកុំឱ្យមូសខាំ ដែលមិនត្រឹមតែជាវិធានការបង្ការជំងឺដ៏មានប្រសិទ្ធភាពនោះទេ ប៉ុន្តែក៏ជា សិទ្ធិរបស់ប្រជាជនគ្រប់រូបដែលត្រូវទទួលបានផងដែរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាល និងមានអត្ថន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមសម្តែងនូវការកោតសរសើរ និងគាំទ្រយ៉ាងពេញទំហឹងដល់គ្រប់សកម្មភាពទាំងអស់ ដែលបាននិងកំពុង អនុវត្តក្នុងដំណើរឆ្ពោះទៅរកកម្ពុជាគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ និងពិភពលោកគ្មានជំងឺគ្រុនចាញ់ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការលើកកម្ពស់សិទ្ធិមនុស្សនិងសមភាពយេនឌ័រ ដែលបានរំលេចក្នុងយុទ្ធសាស្ត្របញ្ជារកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនឹងនេះដែរ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមថ្លែងអំណរគុណ ជាអនេកប្បការដល់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងនិងក្រៅប្រទេស ដែលជាដៃគូអភិវឌ្ឍ និងដៃគូវិនិយោគ រួមទាំងក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មន្ត្រី បុគ្គលិកសុខាភិបាល ក្រុមការងារលុបបំបាត់ជំងឺគ្រុនចាញ់ អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងប្រជាជនគ្រប់រូប ដែលបានរួមគ្នាធ្វើឱ្យសម្រេចបាននូវជោគជ័យគួរជាទីមោទនៈលើសកម្មភាពការងារលុបបំបាត់ជំងឺគ្រុនចាញ់នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត សូមឧទ្ទិសឱ្យខ្លឹមសារ និងអត្ថន័យ នៃទិវាគ្រុនចាញ់ពិភពលោក ២៥ មេសា ២០២៤ក្រោមប្រធានបទ “លើកកម្ពស់សមធម៌សុខភាព សមភាពយេនឌ័រ និងសិទ្ធិមនុស្ស ដើម្បីប្រយុទ្ធនឹងជំងឺគ្រុនចាញ់” ទៅជាការអនុវត្តជាក់ស្តែងកាន់តែស៊ីជម្រៅ ទូលំទូលាយ និងគ្រប់ជ្រុងជ្រោយពីសំណាក់ភាគីពាក់ព័ន្ធទាំងអស់ ដែលបាននិងកំពុងប្រតិបត្តិការសកម្មភាពលុបបំបាត់ជំងឺគ្រុនចាញ់ហើយខ្ញុំព្រះករុណា ខ្ញុំសង្ឃឹមនិងជឿជាក់យ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្នុងវិស័យសាធារណៈវិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ ដៃគូអនុវត្ត សប្បុរសជន ព្រះសង្ឃ មន្ត្រីសុខាភិបាលគ្រប់កម្រិត អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត ប្រជាពលរដ្ឋទាំងអស់ នឹងបន្តគាំទ្រនិងចូលរួមសហការអនុវត្តឱ្យអស់ពី កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតី ដើម្បីសម្រេចគោលដៅកម្ពុជាគ្មានជំងឺគ្រុនចាញ់ នៅឆ្នាំ២០២៥ ក្នុងបុព្វហេតុ រួមចំណែកជំរុញកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋ របស់ប្រជាជនឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម