Sunday, May 5, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីអាជ្ញាសាលា លោក ឡា ប៊ុនហួន ត្រូវបានរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ទេរភារកិច្ច បន្ទាប់ពីធ្វើនីតិវិធីអនុវត្ត បណ្ដាលឱ្យពលរដ្ឋច្រើននាក់រងទឹកភ្នែក នៅក្រុងប៉ោយប៉ែត

spot_img

ខេត្តបន្ទាយមានជ័យ ÷ មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ឡា ប៊ុនហួន ដែលធ្វើនីតិវិធីអនុវត្តសាលដីការរបស់តុលាការកំពូល ទៅលើទីតាំងដីទំនាស់ ទំហំ ១៤៣ ២០២ម៉ែត្រការ៉េ (ជាង១៤ហិចតា) ស្ថិតនៅ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋរស់នៅ ១២៣គ្រួសារ ស្មើនឹង ១៦០ក្បាលដីនោះ ត្រូវបាន ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ សម្រេចផ្ទេរភារកិច្ចពីសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យមកបំរើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌បន្ទាន់ភ្លាមៗវិញ។

យោងតាមប្រកាសស្ដីពីការផ្ទេរភារកិច្ចមន្ត្រីរាជការស្ថិតក្នុងក្របខ័ណ្ឌក្រសួងយុត្តិធម៌ លេខ ០៨៧ កយ ប្រក / ២៤ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ចុះហត្ថលេខាដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា ប្រការ ១ : ផ្ទេរភារកិច្ច លោក ឡា ប៊ុនហួន ជាមន្ត្រីអាជ្ញាសាលា ពីសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យមកបម្រើការងារនៅនាយកដ្ឋានអាជ្ញាសាលា នៃក្រសួងយុត្តិធម៌។ ប្រការ ២ : ប្រគល់ភារកិច្ចដល់ព្រះរាជអាជ្ញា និងព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ឱ្យអនុវត្តកិច្ចការរបស់អាជ្ញាសាលា ក្នុងនាមជាមន្ត្រីទទួលបន្ទុកកិច្ចការអាជ្ញាសាលា នៅក្នុងដែនសមត្ថកិច្ច នៃសាលាដំបូងខេត្តបន្ទាយមានជ័យ។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ លោក ឡា ប៊ុនហួន មន្ត្រីអាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើនីតិវិធីចាត់ចែងខ្វែងដៃខ្វែងជើងយ៉ាងសកម្ម គឺចេញលិខិតជម្រាបទៅ លោកចៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ស្ដីពីការចូលរួមផ្សព្វផ្សាយ ការអនុវត្តសាលដីកា លេខ ៣០៧ “ឆ” ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ របស់តុលាការកំពូល ដោយតម្រូវឱ្យមានសមត្ថកិច្ចចម្រុះចូលរួម និងតម្រូវឱ្យប្រជាពលរដ្ឋរុះរើផ្ទះសម្បែង សម្ភារៈ និងនាំយកទ្រព្យសម្បត្តិចេញពីទីតាំងដែលត្រូវបានសម្រេចដោយតុលាការ ពោលគឺ រុះរើចេញពីទីតាំងដីទំនាស់ ទំហំ ១៤៣ ២០២ម៉ែត្រការ៉េ (ជាង១៤ហិចតា) ស្ថិតនៅ ភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានប្រជាពលរដ្ឋរស់នៅ ១២៣គ្រួសារ ស្មើនឹង ១៦០ក្បាលដីនោះ។ នេះបើយោងលិខិតរបស់អាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ លេខ ០៨៥ រប . អជ / ២៥ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មានហត្ថលេខា លោក ឡា ប៊ុនហួន ជាមន្ត្រីអាជ្ញាសាលា។

មានប្រភពជាច្រើនទៀតលេចចេញពីមន្រ្តីតុលាការនានា សូមមិនបញ្ចេញឈ្មោះ បាននិយាយឱ្យដឹងថា លោកអាជ្ញាសាលា ឡា ប៊ុនហួនរូបនេះ មិនត្រឹមតែរឿងដីនៅប៉ោយប៉ែតប៉ុណ្ណោះទេ លោកតែងតែប្រព្រឹត្តលើស និងខុសនីតិវិធីនៃការអនុវត្តច្រើនលើកជាច្រើនសារ ធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋស្លូតត្រង់ ងាយរងគ្រោះ នៅខេត្តបន្ទាយមានជ័យ។

ជនរងគ្រោះក្នុងករណីដីធ្លីមួយកន្លែង ស្ថិតនៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់បណ្ដាញព័ត៌មានផ្សេងៗថា ថ្មីៗនេះ មន្ត្រីសាលាអាជ្ញារូបនេះ បានចេញលិខិតជូនដំណឹង ស្តីពីការអនុវត្តរបស់ខ្លួនច្រើនលើកច្រើនសារជាន់គ្នា ដូចជា ការចេញលិខិតពន្យារពេលការអនុវត្តករណីមួយដោយបង្ខំ រហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ស្រាប់តែ០៤ថ្ងៃក្រោយមក បែរជាចេញលិខិតជូនដំណឹងស្តីពីការអនុវត្តលើកទី២ ឲ្យមកអនុវត្តនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ វិញ តើត្រឡប់ចុះត្រឡប់ឡើងបែបនេះ មានន័យជាមន្ត្រីអនុវត្តច្បាប់ដូចម្ដេចទៅ?!

ការផ្ទេរភារកិច្ច លោក ឡា ប៊ុនហួន ត្រូវបានជនរងគ្រោះមួយចំនួន សម្ដែងការគាំទ្រចំណាត់ការរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×