ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាគ្រូបង្វឹកកិត្តិយសក្រុមបាល់ទាត់តារាកម្ពុជា នឹងអញ្ជើញដឹកនាំការប្រកួតដោយផ្ទាល់ ចំពោះការប្រកួតរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ ហើយសម្តេចបានអំពាវនាវសប្បុរសជនចូលរួមបរិច្ចាគថវិកាជួយគន្ធបុប្ផា ខណៈសម្តេចចូលរួម ២០០លានរៀល។
នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានការប្រកួតបាល់ទាត់ដើម្បីមនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុមVloggers All Star Vs បាល់ទះ S&E All Star និងជំនួបរវាង CFSS Vs Kun Khmer All Star។
ក្នុងជំនួបជាមួយក្រុមបាល់ទាត់តារាកម្ពុជា នាព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ដោយទទួលបាននូវការអញ្ជើញឲ្យធ្វើជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football superstars) ដែលមានអ្នកចម្រៀងខេមជាប្រធានក្រុម។ ព្រឹកនេះខ្ញុំបានជួបសំណេះសំណាលជាមួយគ្រូបង្វឹក និងកីឡាករទាំងអស់ ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់មួយនេះ។ អ្វីដែលជាកិច្ចការបន្ទាន់ គឺការរៀបចំការប្រកួតល្ងាចថ្ងៃ១ឧសភា២០២៤
ខាងមុខនៅពហុកីឡដ្ឋានអូឡាំពិកក្រោមមូលបទ (រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន) និង
ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា”។
សម្តេចបានបញ្ជាក់ថា “ខ្ញុំនឹងចូលរួមដឹកនាំការប្រកួតជាមួយគ្រូបង្វឹកផ្លូវការនៅស្តាតអូឡាំពិកនាល្ងាចថ្ងៃ១ឧសភា២០២៤ ដោយចាប់ផ្តើមនូវទម្រង់លេងរបស់ខ្ញុំគឺ3.4.3។ សូមចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជំរុញចលនាមនុស្សធម៌ និងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមអំពាវនាវសប្បុរសជនចូលរួមជួយថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលកំពុងត្រូវការសម្រាប់ព្យាបាលដល់កុមារកម្ពុជា។ សម្រាប់ខ្ញុំនិងភរិយា នឹងចូលរួមចំនួន២០០លានរៀល។ ក្នុងករណីបងប្អូនចង់ចូលរួមតាមរយៈ ខ្ញុំសូមទាក់ទងទៅលោកសេង ទៀងដែលមានលេខទូរស័ព្ទ០១២ ៩៦១៩៧១”៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

















