Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិបត្តិការ ADB កើនដល់ ២៣,៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ សម្រេចបានកំណត់ត្រាខ្ពស់សម្រាប់ហិរញ្ញវត្ថុអាកាសធាតុ

spot_img

ភ្នំពេញ ៖ បើតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានសម្រេចផ្តល់ជំនួយចំនួន ២៣,៦ ពាន់លានដុល្លារពីធនធានរបស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលក្នុងនោះ ៩,៨ ពាន់លានដុល្លារសម្រាប់សកម្មភាពអាកាសធាតុ ដើម្បីជួយអាស៊ី និងប៉ាស៊ីហ្វិក បោះជំហានទៅមុខក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។

តួលេខទាំងនេះមានបង្ហាញនៅក្នុងសមិទ្ធផលហិរញ្ញវត្ថុ និងប្រតិបត្តិការរដែលចេញផ្សាយថ្ងៃនេះនៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ ADB។ របាយការណ៍នេះសង្ខេបពីរបៀបដែល ADB បានគាំទ្រប្រទេសកំពុងអភិវឌ្ឍជាសមាជិក (Developing Member Countries ឬ DMCs) ដើម្បីដោះស្រាយវិបត្តិអាកាសធាតុដែលកាន់តែអាក្រក់ ក៏ដូចជាផលប៉ះពាល់នៃជម្លោះ អសន្តិសុខស្បៀង និងបំណុលដែលកើនឡើង ក្នុងចំណោមបញ្ហាប្រឈមផ្សេងទៀត។

ប្រធាន ADB លោក Masatsugu Asakawa បានមានប្រសាសន៍ថា «ADB បានបន្តប្រែក្លាយជាធនាគារអាកាសធាតុសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក ដោយឈានដល់ការផ្តល់ហិរញ្ញប្បទានប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានសម្រាប់សកម្មភាពអាកាសធាតុ។ ការវិនិយោគរបស់យើងក្នុងការងារបន្សាំ និងកាត់បន្ថយផ្តោតយ៉ាងខ្លាំងលើកសិកម្មដែលធន់នឹងអាកាសធាតុ ថាមពលកកើតឡើងវិញ និងការដឹកជញ្ជូនដែលបញ្ចេញកាបូនទាប។»

ទឹកប្រាក់ចំនួន ២៣,៦ ពាន់លានដុល្លារនេះ រួមមានប្រាក់កម្ចី ជំនួយ ការវិនិយោគទុន ការធានា និងជំនួយបច្ចេកទេសដែលផ្តល់ដល់រដ្ឋាភិបាល និងវិស័យឯកជន។ បន្ថែមទៅនឹងធនធានផ្ទាល់ខ្លួន ADB បានប្រមូលថវិកាបន្ថែមចំនួន ១៦,៤ ពាន់លានដុល្លារជាសហហិរញ្ញប្បទាន តាមរយៈភាពជាដៃគូដ៏រឹងមាំរបស់ខ្លួន។

ADB បានវិនិយោគយ៉ាងច្រើនក្នុងការកសាងថាមពលគុណភាពខ្ពស់ ការដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ធនាគារបានពង្រឹងបន្ថែមនូវធនធានមនុស្សក្នុងតំបន់តាមរយៈការបង្កើនការគាំទ្រសម្រាប់ផ្នែកអប់រំ និងសុខាភិបាល។

ការដោះស្រាយវិសមភាពយេនឌ័របានបន្តជាមូលដ្ឋានគ្រឹះនៃការងាររបស់ធនាគារ ដោយប្រតិបត្តិការស្ទើរតែទាំងអស់របស់ADBក្នុងឆ្នាំ ២០២៣ បានរួមចំណែកកាត់បន្ថយអតុល្យភាពដែលនៅសេសសល់ រួមទាំងការគាំទ្រដើម្បីកាត់បន្ថយផលប៉ះពាល់យេនឌ័រមិនសមាមាត្រនៃការប្រែប្រួលអាកាសធាតុ។

របាយការណ៍នេះពន្យល់ពីរបៀបដែល ADB កំពុងវិវឌ្ឍខ្លួន ដើម្បីអាចជួយពន្លឿនវឌ្ឍនភាពក្នុង តំបន់ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កំណែទម្រង់ការគ្រប់គ្រងមូលធនសំខាន់ៗក្នុង ឆ្នាំ ២០២៣ នឹងជំរុញប្រតិបត្តិការផ្តល់ប្រាក់កម្ចីនាពេលអនាគតរបស់ធនាគាររហូតដល់ ១00 ពាន់លាន ដុល្លារនៃកម្រិតផ្តល់ប្រាក់កម្ចីថ្មីក្នុងទសវត្សរ៍ខាងមុខ។ ADB ក៏បានចាប់ផ្តើមដាក់ចេញនូវគំរូប្រតិបត្តិការថ្មី របស់ខ្លួនក្នុងឆ្នាំ ២០២៣ ដែលជាការផ្លាស់ប្តូរដើម្បីកែលម្អវិធីដែលធនាគារបម្រើអតិថិជនរបស់ខ្លួន។

លោក Asakawa មានប្រសាសន៍ថា «គំរូប្រតិបត្តិការថ្មីរបស់យើងបានអនុញ្ញាតឱ្យ ADB ធ្វើការផ្លាស់ប្ដូរសំខាន់ៗដែលចាំបាច់ ដើម្បីផ្តល់នូវការគាំទ្រកាន់តែប្រសើរ លឿន និងសមស្របជាងមុនដល់ DMCs របស់យើង។»

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×