Monday, May 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាក់ព័ន្ធនឹងការឡើងកម្តៅថ្ងៃ សម្តេចធិបតី ណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណែនាំបន្ត ដល់ប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្ការគ្រោះអគ្គិភ័យ

spot_img

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្ដីការនាយករដ្ឋមន្រ្តី (វិមានសន្តិភាព) នាព្រឹកថ្ងៃសុក្រ ទី២៦ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ពាក់ព័ន្ធនឹងការឡើងកម្តៅដោយការប្រែប្រួលអាកាសធាតុ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណែនាំបន្ត ដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំងនេះ។

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងក្តីសប្បាយរីករាយ ចំពោះប្រជាពលរដ្ឋដែលបាននាំគ្នាលេងល្បែងប្រជាប្រិយខ្មែរយ៉ាងច្រើនកុះករ ក្នុងអំឡុងពេលចូលឆ្នាំកន្លងទៅនេះ។ ទន្ទឹមនឹងនោះ បញ្ហាដែលកើតឡើងដោយសកម្មភាពបងធំ បងតូច បានធ្លាក់ចុះយ៉ាងខ្លាំង។ នេះបណ្តាល មកពីការយល់ដឹងរបស់ប្រជាពលរដ្ឋ និងការរៀបចំបានល្អរបស់អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងន័យនេះសម្តេចធិបតី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានចូលរួមកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំ និងកងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញការងារ និងបានរៀបចំពិធីបុណ្យចូលឆ្នាំយ៉ាងល្អ ដែលបង្កលក្ខណៈឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រព្រឹត្តទៅប្រកបដោយសុខសុវត្ថិភាព និងភាពសប្បាយរីករាយយ៉ាងក្រៃលែង។
     
  • សម្តេចធិបតី បានប្រកាសផ្តល់រង្វាន់តាមការសន្យាដល់ខេត្តចំនួន ៦ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ខេត្តទាំង ៦ នោះគឺ ខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តប៉ៃលិន ដោយខេត្តនីមួយៗទទួលបាន លិខិតសរសើរ១ច្បាប់ ថវិកា២០០លានរៀល និងភេសជ្ជៈ ១០០០កេស។
     
    –  សម្តេចធិបតី បានណែនាំឱ្យគណៈកម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន រវាងរាជរដ្ឋាភិបាល និងវិស័យឯកជនរៀបចំឯកសារវាយតម្លៃអំពីវឌ្ឍនភាពនៃការងារបន្ទាប់ពីរាជរដ្ឋាភិបាល និងវេទិកាវិស័យឯកជនដែលបានប្រព្រឹត្តទៅកាលពីខែវិច្ឆិកាឆ្នាំ២០២៣ សំដៅដោះស្រាយបញ្ហានានាជូនវិស័យឯកជន។ ឯកសារវាយតម្លៃនេះត្រូវដាក់ជូន សម្តេចធិបតី ក្នុងខែមិថុនាខាងមុខ។
     
    –  សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាបានសម្រេចផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិមក ឆ្នាំ២០២៤ វិញនិងបានណែនាំឱ្យក្រសួងពាក់ព័ន្ធរៀបចំការងារនេះ និងបានណែនាំឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសិក្សាអំពីការពង្រឹងវិទ្យាស្ថានជាតិស្ថិតិ ពីព្រោះវិទ្យាស្ថាននេះគឺជាស្នូលនៃការប្រមូលទិន្នន័យដើម្បីជាមូលដ្ឋាននៃការវិភាគ។ ដោយកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) សម្តេចធិបតី ក៏បានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធរៀបចំយុទ្ធសាស្ត្រសម្រាប់រយៈពេលអន្តរកាល ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពដោយកាត់បន្ថយនូវផលប៉ះពាល់នានាដែលអាចកើតមាន។
     
  • ពាក់ព័ន្ធនឹងការឡើងកម្តៅដោយការប្រែប្រួលអាកាសធាតុ សម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ណែនាំបន្ត ដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង ដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតមានជាយថាហេតុក្នុងរដូវប្រាំងនេះ។ ទន្ទឹមនឹងនោះ សម្តេចធិបតីក៏បានស្នើឱ្យក្រុមការងារចុះមូលដ្ឋានសហការជាមួយអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ចំពោះប្រភពទឹក ដើម្បីធានាឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាទឹកសម្រាប់ស្រោចស្រព។ សម្តេចធិបតី ក៏បានណែនាំដល់ក្រសួងរ៉ែនិងថាមពល ឱ្យពិនិត្យមើលលទ្ធភាពផ្គត់ផ្គង់អគ្គិសនី និងត្រៀមលក្ខណៈ ក្នុងករណីដែលមានបញ្ហាខ្វះទឹកសម្រាប់ផ្គត់ផ្គង់វារីអគ្គិសនី ខណៈដែលក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវយកចិត្តទុកដាក់លើការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។
     
  • សម្តេចធិបតី បានណែនាំឱ្យគណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ ត្រៀមរៀបចំការងារសន្តិសុខសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមបឹ្រក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព។
     
    –  ចុងក្រោយសម្តេចធិបតី បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធបំផុសចលនាដាំដើមឈើឱ្យបានទូលំទូលាយដើម្បីបង្កើនស្មារតីស្រឡាញ់ធម្មជាតិ កាត់បន្ថយកំដៅការពារបរិស្ថាន ដោយស្នើឱ្យក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃនិងឱ្យបានច្រើនតាមតែអាចធ្វើទៅបានដល់ប្រជាពលរដ្ឋ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
spot_img
×