Tuesday, May 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ បានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយ ទាក់ទងនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» ថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ

spot_img

ភ្នំពេញ ៖ ទាក់ទងនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅមនុស្ស និងប្រទេសមួយចំនួនថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ហើយនឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ នៅល្ងាច ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី។

សម្តេចតេជោបានថ្លែងបន្តថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។ ព្រែកជីកហ្វូណនតេជោមានសារប្រយោជន៍ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្ទ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេនោះទេ។ សម្ដេចតេជោបន្ថែមទៀតថា ពេលដែលវៀតណាមស្រួលចិត្តគេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិនសម្រួលឱ្យកម្ពុជានោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ព្រែកជីក “ហ្វូណនតេជោ” មានសារប្រយោជន៍ ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាត ទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានប្រកាសប្តេជ្ញាមិនឲ្យអ្នកណាមកបំផ្លាញ ចំពោះ គម្រោងព្រែកជីក​ “ហ្វូណនតេជោ​”​ បាននោះឡើយ ខណៈទាក់ទងនឹងគម្រោងនេះសម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ចូលរួមធ្វើព្រែកជីកហ្វូណនតេជោនេះឲ្យខាងតែបាន។

សម្ដេចតេជោបានបញ្ជាក់ជាថ្មី ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។ សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថា សម្ដេចឈរនៅជាមួយរាជរដ្ឋាភិបាលគាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកាដើម្បីជួយរាជរដ្ឋាភិបាលដើម្បីធ្វើព្រែកជីកហ្វូណនតេជោនេះសម្រេចបានជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន
បានមានប្រសាសន៍ទៀតថា មូលហេតុដែលសម្ដេចប្រតិកម្មចំពោះការលើកឡើងរបស់វៀតណាមជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជាលើករណីព្រែកជីកហ្វូណនតេជោនេះ។
សម្តេចតេជោបានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយ ថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាតបន្ថយការបង់ពន្ធទៅឲ្យវៀតណាមតាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ។

សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ខ្លាំងៗថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសិក្សាមួយ​ល្ងិតល្ងង់បែបនេះ ទទួលយកមិនបានទេ ហើយថែមទាំងអ្នកសិក្សា ២នាក់ទៀតរបស់វៀតណាម បញ្ជូនឱ្យសារព័ត៌មានរបស់សាំងហ្គាពួរចុះផ្សាយ។ យើងដឹងឈ្មោះ ហើយវិទ្យាសាស្ត្រនេះ ជាវិទ្យាស្ថានរបស់វៀតណាម ដែលថា ព្រែកជីកនេះ វាសម្រួលឱ្យកងទ័ពជើងទឹករបស់ចិនប្រើប្រាស់។ ខ្ញុំតបទៅវិញថា តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? ដើម្បីអ្វី? នេះជាចំណុចទី១។ ចំណុចទី២ កម្ពុជានិងវៀតណាម មានមិត្តភាពជាមួយគ្នា ទំនាក់ទំនងល្អលើគ្រប់វិស័យ។ ទី៣ វៀតណាម និងចិន ទាក់ទងគ្នាល្អ។ ឬអាចនិយាយមួយបែបអញ្ចេះ កម្ពុជាមិនល្ងង់រហូតយកកងទ័ពចិន មកដាក់នៅទឹកដីរបស់ខ្លួន ផ្ទុយនឹងរដ្ឋធម្មនុញ្ញ របស់ខ្លួនឯងទេ»។

សម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថា កម្ពុជាក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរទាក់ទងនឹងគម្រោងនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×