Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនទូទៅគាំទ្រពេញទំហឹងប្រសាសន៍សម្តេចតេជោហ៊ុន សែន ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ

spot_img

ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស និយាយដោយឡែកប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ បានចេញញតិ្តគាំទ្រយ៉ាងផុលផុស ទៅលើប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អាណត្តិទី៦នៃរដ្ឋសភា និងជាប្រធានព្រឹទ្ធសភាព នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្រ្តលើកដំបូងនៅកម្ពុជា។

ប្រជាពលរដ្ឋកម្ពុជាសាទរ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សមេ្តចតេជោ កាលពីថ្ងៃទី២៦មេសា ឆ្នាំ២០២៤។ គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង ប្រវត្តិសាស្ត្រលើកទី១ សម្រាប់វិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ តាមការសិក្សាផ្លូវទឹកនេះមានប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល, ខេត្តតាកែវ, ខេត្តកំពត និងខេត្តកែប។

ដោយសារតែការមើលឃើញពីអត្ថប្រយោជន៍ជាច្រើននៃគម្រោងព្រែកជីក ហ្វូណនតេជោ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស រួមទាំងមន្ត្រីរាជការគ្រប់ស្រទាប់វណ្ណៈបានចេញញត្តិគាំទ្រយ៉ាងផុលផុសចំពោះគម្រោងព្រែកជីក
ហ្វូណនតេជោ ដ៏មានសារសំខាន់មួយនេះ។ ដូចប្រសាសន៍របស់បងប្អូនអាជីវករ បងប្អូនអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

យោងអនុសាសន៍របស់សម្តេចតេជោ នាថ្ងៃទី២៦មេសា ព្រែកជីក ហ្វូណនតេជោ មានអត្ថប្រយោជន៍ជាច្រើនចំណុចសម្រាប់លើកកម្ពស់សេដ្ឋកិច្ចកម្ពុជា មានដូចជា៖ ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូន ទៅកាន់សមុទ្រដោយមិនឆ្លងកាត់ប្រទេសដទៃ។ ធ្វើឲ្យិមានការរីកចម្រើនទាំងនៅភាគនិរតី និងទូទាំងប្រទេសកម្ពុជាតែម្តង គឺអាចដឹកជញ្ជូនតាមព្រែកជីកនេះ។ ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដោយសារភាពងាយស្រួលក្នុងការដឹកជញ្ជូន។ មិនចាំបាច់បង់ថ្លៃបន្ថែមពេលដឹកជញ្ជូនចេញទៅសមុទ្រ។ បង្កើតឲ្យមានប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាគ្នា រវាងផ្លូវទឹកនិងផ្លូវគោក។ ក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តក្នុងភាគនិរតីនៃប្រទេស។ ជួយរំដោះទឹកជំនន់ក្នុងខេត្តភាគនីរតី និងជួយបង្កើនផលត្រី ហើយប្រជាពលរដ្ឋអាចទាញទឹកសំរាប់ធ្វើវារីវប្បកម្ម(ចិញ្ចឹមត្រី ចិញ្ចឹមបង្ក ជាដើម)។

អនុសាសន៍សម្តេចតេជោ ហ៊ុន សែន ៨ ចំណុច សំខាន់អំពីព្រែកជីកហ្វូណនតេជោ៖ ១. ផ្តល់ភាពងាយស្រួលលើការដឹកជញ្ជូនទៅកាន់សមុទ្រ ដោយមិន ឆ្លងកាត់ប្រទេសដទៃ។ ២. ធ្វើឱ្យមានការរីកចម្រើនទាំងនៅភាគនិរតី និងទូទាំងប្រទេសកម្ពុជា តែម្តង ពោលគឺកសិផលនៅតាមខេត្តនានា នឹងអាចដឹកជញ្ជូនតាម ព្រែកជីកនេះ។ ៣. ទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា ដោយសារ ភាពងាយស្រួលក្នុងការដឹកជញ្ជូន។ ៤. មិនចាំបាច់បង់ថ្លៃបន្ថែមពេលដឹកជញ្ជូនទំនិញចេញទៅសមុទ្រ។ ៥. បង្កើតឱ្យមានប្រព័ន្ធដឹកជញ្ជូនប្រទាក់ក្រឡាគ្នារវាងផ្លូវទឹក និងផ្លូវគោក។ ៦. ក្លាយជាប្រភពផ្គត់ផ្គង់ទឹកនៅខេត្តក្នុងភាគនិរតីនៃប្រទេស។ ៧. ជួយរំដោះទឹកជំនន់នៅតាមខេត្តក្នុងភាគនិរតី។ ៨. ជួយបង្កើនផលត្រី ហើយពលរដ្ឋក៏ទាញទឹកសម្រាប់ធ្វើវារីវប្បកម្ម (ចិញ្ចឹមត្រី ចិញ្ចឹមបង្កង…..)។

ទាក់ទងនឹងគម្រោង «ព្រែកជីកហ្វូណនតេជោ» សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅមនុស្ស និងប្រទេសមួយចំនួនថា កុំដុតផ្ទះរបស់កម្ពុជា ដើម្បីតែចំអិនសាច់មួយដុំរបស់ពួកអ្នកឯងឲ្យសោះ ខណៈគម្រោងព្រែកជីកនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត ហើយនឹងក្លាយទៅជាចលនាគាំទ្រពីប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ នៅល្ងាច ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលធ្វើឡើងនៅសណ្ឋាគារហ្គាដិនស៊ីធី។

សម្តេចតេជោបានថ្លែងបន្តថា ក្រោយគម្រោងព្រែកជីកហ្វូណនតេជោ បានសម្រេចជាស្ថាពរហើយនោះ គឺនឹងលែងមានការខ្វះខាតទឹកប្រើប្រាស់ និងសម្រាប់ស្រោចស្រពដំណាំរបស់ប្រជាពលរដ្ឋទៀតនោះឡើយ ជាពិសេសគឺបងប្អូន ប្រជាពលរដ្ឋរស់នៅតំបន់ទិសនិរតីតែម្តង។ ព្រែកជីកហ្វូណនតេជោមានសារប្រយោជន៍ជាផ្លូវតភ្ជាប់ដោយផ្ទាល់ទៅកាន់សមុទ្ទ ដោយមិនឆ្លងកាត់ប្រទេសដទៃ គឺមិនឆ្លងកាត់ប្រទេសវៀតណាម ដែលតម្រូវឱ្យមានការបង់ថ្លៃពេលឆ្លងកាត់ប្រទេសគេនោះទេ។ សម្ដេចតេជោបន្ថែមទៀតថា ពេលដែលវៀតណាមស្រួលចិត្តគេក៏ជួយសម្រួលដល់ការឆ្លងកាត់ទំនិញរបស់កម្ពុជា បើមិនស្រួលចិត្ត វៀតណាមគេក៏មិនសម្រួលឱ្យកម្ពុជានោះដែរ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ព្រែកជីក “ហ្វូណនតេជោ” មានសារប្រយោជន៍ ជាប្រព័ន្ធស្រោចស្រពនៅតំបន់ទិសនិរតី ដែលកន្លងមកក៏ដូចជាបច្ចុប្បន្នកំពុងប្រឈមនឹងការខ្វះខាត ទឹកសម្រាប់ដាំដុះដំណាំកសិកម្ម និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានប្រកាសប្តេជ្ញាមិនឲ្យអ្នកណាមកបំផ្លាញ ចំពោះ គម្រោងព្រែកជីក “ហ្វូណនតេជោ ” បាននោះឡើយ ខណៈទាក់ទងនឹងគម្រោងនេះសម្តេចតេជោ ក៏បានអំពាវនាវដល់អ្នកឧកញ៉ា លោកឧកញ៉ា និងអ្នកវិនិយោគិនទាំងអស់ចូលរួមធ្វើព្រែកជីកហ្វូណនតេជោនេះឲ្យខាងតែបាន។

សម្ដេចតេជោបានបញ្ជាក់ជាថ្មី ថា ព្រែកជីកហ្វូណនតេជោ មានសារប្រយោជន៍ជាប្រព័ន្ធជួយដល់ការរំដោះជំនន់នៅតំបន់ទិសនិរតី។ សម្ដេចតេជោបញ្ជាក់បន្ថែមទៀតថា សម្ដេចឈរនៅជាមួយរាជរដ្ឋាភិបាលគាំទ្ររាជរដ្ឋាភិបាល និងជួយកៀរគរថវិកាដើម្បីជួយរាជរដ្ឋាភិបាលដើម្បីធ្វើព្រែកជីកហ្វូណនតេជោនេះសម្រេចបានជោគជ័យ។ សម្ដេចតេជោ ហ៊ុន សែន
បានមានប្រសាសន៍ទៀតថា មូលហេតុដែលសម្ដេចប្រតិកម្មចំពោះការលើកឡើងរបស់វៀតណាមជាចំហបែបនេះ គឺមកពីមេដឹកនាំវៀតណាម មិនព្រមប្រាប់ទៅថ្នាក់ក្រោមរបស់ខ្លួន ដែលប្រតិកម្មច្រើនចំពោះកម្ពុជាលើករណីព្រែកជីកហ្វូណនតេជោនេះ។
សម្តេចតេជោបានប្រាប់ទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវរដ្ឋវៀតណាមមួយ ថា កម្ពុជាមិនល្ងង់ដល់ថ្នាក់ឲ្យទឹកសាបហូរចូលសមុទ្រ ឬទឹកប្រៃចូលមកទឹកសាបនោះឡើយ ខណៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងបង្កើនសេដ្ឋកិច្ចដល់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយជាងនេះទៅទៀតនោះ គម្រោងនេះនឹងកាតបន្ថយការបង់ពន្ធទៅឲ្យវៀតណាមតាមរយៈការដឹកជញ្ជូនកាន់តែច្រើនផងដែរនោះ។

សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ខ្លាំងៗថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការសិក្សាមួយ ល្ងិតល្ងង់បែបនេះ ទទួលយកមិនបានទេ ហើយថែមទាំងអ្នកសិក្សា ២នាក់ទៀតរបស់វៀតណាម បញ្ជូនឱ្យសារព័ត៌មានរបស់សាំងហ្គាពួរចុះផ្សាយ។ យើងដឹងឈ្មោះ ហើយវិទ្យាសាស្ត្រនេះ ជាវិទ្យាស្ថានរបស់វៀតណាម ដែលថា ព្រែកជីកនេះ វាសម្រួលឱ្យកងទ័ពជើងទឹករបស់ចិនប្រើប្រាស់។ ខ្ញុំតបទៅវិញថា តើកម្ពុជាត្រូវការកងទ័ពចិនមកធ្វើអ្វី? ដើម្បីអ្វី? នេះជាចំណុចទី១។ ចំណុចទី២ កម្ពុជានិងវៀតណាម មានមិត្តភាពជាមួយគ្នា ទំនាក់ទំនងល្អលើគ្រប់វិស័យ។ ទី៣ វៀតណាម និងចិន ទាក់ទងគ្នាល្អ។ ឬអាចនិយាយមួយបែបអញ្ចេះ កម្ពុជាមិនល្ងង់រហូតយកកងទ័ពចិន មកដាក់នៅទឹកដីរបស់ខ្លួន ផ្ទុយនឹងរដ្ឋធម្មនុញ្ញ របស់ខ្លួនឯងទេ»។

សម្តេចតេជោ បានប្រកាសយ៉ាងដាច់ណាត់ថា កម្ពុជាគ្មានការរាថយនោះឡើយចំពោះគម្រោងធ្វើ«ព្រែកជីកហ្វូណនតេជោ» ហើយសម្តេចក៏បានប្រកាសផងដែរថា កម្ពុជាក៏គ្មានអ្វីចាំបាច់ត្រូវចចារ និងពិគ្រោះយោបល់ជាមួយអ្នកណានោះដែរទាក់ទងនឹងគម្រោងនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសអំពាវនាវដល់ជនរួមជាតិទាំងអស់គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើនបន្ថែមទៀត និងថែមទាំងកាត់បន្ថយការបង់ពន្ធទៅឲ្យវៀតណាមផងដែរ តាមរយៈនៃការដឹកជញ្ជូនតាមផ្លូវទឹក។

អំពីព្រែកជីកហ្វូណន៖ ផ្លូវនាវាចរណ៍៖ តភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុប ១៨០ គីឡូម៉ែត្រ។ ការចំណាយ៖ ១៧០០ លានដុល្លារ (គម្រោងវិនិយោគ BOT ដូចគ្នានឹងគម្រោងផ្លូវល្បឿនលឿន)។ ទីតាំង៖ ចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។។ ឆ្លងកាត់៖ ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ចំនួនប្រជាជន៖ សរុប ១,៦លាននាក់ (រស់នៅអមសងខាងព្រែកជីក)។ ទំហំ៖ ទទឹងខាងលើ ១០០m ទទឹងខាងក្រោម ៨០m និងជម្រៅ ៥,៤m (បញ្ជាក់៖ ជម្រៅនាវា ៤,៧ m)។ ហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍ ០៣ កន្លែង ស្ពាន ១១ កន្លែង ផ្លូវអមសងខាងប្រវែង ២០៨ គីឡូម៉ែត្រ។ រយៈពេលសាងសង់៖ ០៤ ឆ្នាំ (ចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៤)។

អត្ថប្រយោជន៍៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ ពាណិជ្ជកម្មនិង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញ ការរីកចម្រើនផ្នែកអចលនទ្រព្យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×