Monday, May 13, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចមហាបវរធិបតី ចាត់ទុករោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក

spot_img

រាជធានីភ្នំពេញ៖ អនុសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

បើតាមអនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត, ដើម្បីចូលរួមជំរុញយុទ្ធនាការ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ឱ្យក្លាយ ទៅជាចលនាជាតិមួយនៅកន្លែង សម្តេចធិបតី ផ្តល់អនុសាសន៍ដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចខាងក្រោម៖

ទី១. ត្រូវពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធវិស័យការងារ ដោយចាត់ វិធានការយ៉ាងម៉ឺងម៉ាត់តាមច្បាប់ គ្មានការលើកលែង ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន ទាំងឡាយដែលមិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងវិស័យការងារ។

ទី២. ត្រូវបន្តដឹកនាំយន្តការអធិការកិច្ចអន្តរក្រសួង ដោយកំណត់ធ្វើឡើងតែម្តងគត់ក្នុង ១ឆ្នាំ លើគោលដៅតែមួយ លើកលែងតែមានបណ្ដឹងពីបងប្អូនកម្មករនិយោជិត ឬ មានឧបទ្ទវហេតុណាមួយកើតឡើង និងធ្វើវិជ្ជាជីវៈនីយកម្មអធិការការងារ និង បណ្តុះបណ្តាល វាយតម្លៃ ដើម្បីផ្តល់នីតិសម្បទាជានគរបាលយុត្តិធម៌ និងផ្តល់ការ បណ្តុះបណ្តាលច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ។

ទី៣. ត្រូវសហការគ្នាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសិក្សាលទ្ធភាពបង្កើតរបបធានារ៉ាប់រងផលប្រយោជន៍របស់កម្មករនិយោជិត នៅពេលរោងចក្របិទទ្វារ ឬដួលរលំ នៅក្រោមបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលត្រូវអនុវត្តតែក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិត ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប។

ទី៤.ត្រូវពិភាក្សាជាមួយដៃគូពាក់ព័ន្ធដើម្បីបន្តគាំទ្រដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគីក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការប្រកបដោយតម្លាភាព ប្រសិទ្ធភាព ឯករាជ្យ និងទទួលបាននូវជំនឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ។ ទន្ទឹមនឹងនេះ ក្រសួងត្រូវពិនិត្យរៀបចំក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្តាលទៅជាស្ថាប័នជាតិមួយ ដែលមានទីកន្លែងការងារសមរម្យ និងមានប្រភពមូលនិធិពិតប្រាកដមួយដើម្បីធានានិរន្តរភាព ក្នុងការអនុវត្តតួនាទី ភារកិច្ច ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈកាន់តែច្បាស់ និងវិសាលភាពកាន់តែទូលំទូលាយ។

ទី៥. ត្រូវបន្តយកចិត្តទុកដាក់អនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអនុសាសន៍ ១០ ចំណុច ដែល សម្តេចធិបតី បានដាក់ចេញកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ឱ្យមានប្រសិទ្ធភាពខ្ពស់។

ទី៦. ត្រូវបន្តរៀបចំកម្មវិធីជួបសំណេះសំណាលរបស់សម្តេចធិបតី ជាមួយបងប្អូនកម្មករ និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ដើម្បីចុះសួរសុខទុក្ខ និង ដោះស្រាយសំណូមពររបស់បងប្អូនកម្មករនិយោជិត។

ទន្ទឹមនឹងនេះ សម្តេចធិបតី ផ្តល់អនុសាសន៍ដល់ម្ចាស់សហគ្រាស គ្រឹះស្ថាន ប្រតិបុគ្គលិក និងសហជីពដូចខាងក្រោម៖

ទី ១. ត្រូវចូលរួមអនុវត្តច្បាប់ និងពង្រឹងវប្បធម៌អនុលោមភាពតាមច្បាប់។

ទី២. ត្រូវខិតខំពង្រឹងសមត្ថភាព និងការយល់ដឹងអំពីច្បាប់, និងលិខិតបទដ្ឋានពាក់ព័ន្ធ វិស័យការងារ ដើម្បីបំពេញតួនាទីប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានតម្លាភាពក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របតាមច្បាប់។

ទី៣. ត្រូវចាត់ទុករោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិត និងនិយោជក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×