Saturday, May 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកស្រី ទ្រី ដាណា ប្រើពាក្យ ” គួឱ្យខ្លាចខ្លាំងណាស់ ” ចំពោះការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ជាពិសេសត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង ប្រៀបដូចជាការញុះញង់មួយ… 

spot_img

រាជធានីភ្នំពេញ ÷ អ្នកស្រី ទ្រី ដាណា ម្ចាស់ហាងគ្រឿងអលង្ការមាសពេជ្រ និងអ្នកលក់ផលិតផលអនឡាញដ៏ល្បីឈ្មោះម្នាក់ បាននិយាយធ្វើឱ្យប៉ះពាល់ដល់គោលការណ៍របស់រាជរដ្ឋាភិបាល គឺការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការត្រួតពិនិត្យអ្នកបើកបរមានជាតិស្រវឹង នៅទូទាំងប្រទេស ខណ:សមត្ថកិច្ចក្នុងទឹកដីខណ្ឌសែនសុខ ដាក់ប៉ុស្តិ៍ត្រួតពិនិត្យប៉ះចំឡានអ្នកស្រី ធ្វើឱ្យអ្នកស្រីសម្ដែងអារម្មណ៍ធុញថប់មិនពេញចិត្ត រហូតសរសេរសារបង្ហោះជាសាធារណៈ ហើយត្រូវបានមហាជនឆ្លើយតបរិះគន់ថា ការធុញថប់មិនពេញចិត្តរបស់អ្នកស្រី ទ្រី ដាណា គឺជាទង្វើប៉ះពាល់គោលការណ៍ច្បាប់ គោលការណ៍រាជរដ្ឋាភិបាល ដែលដាក់បញ្ជាឱ្យអនុវត្តពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីសណ្ដាប់ធ្នាប់ និងស្រោចស្រង់អាយុជីវិតពលរដ្ឋដែលស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចេះតែកើនឡើង។

ទាក់ទងនឹងការត្រួតពិនិត្យជាតិអាល់កុល (អ្នកបើកបរស្រវឹង) ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបំភ្លឺបកស្រាយជូនសាធារណជនមេត្តាជ្រាបថា អធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាវេលាម៉ោង១១យប់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ភ្នំពេញ-ហាណូយ ខាងមុខសាលាបឋមសិក្សាភ្នំពេញថ្មី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លុះដល់ម៉ោងប្រហែល ០០:៥៣នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចបានឃើញរថយន្ត ០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BS-2222 មានម៉ូតូ ០២គ្រឿង តាមពីក្រោយ ដោយធ្វើដំណើរពីត្បូងទៅជើង លុះរថយន្តនោះបានធ្វើដំណើរមកដល់ជិតគោលដៅសមត្ថកិច្ចអនុវត្តត្រួតពិនិត្យជាតិស្រវឹង កម្លាំងសមត្ថកិច្ចបានធ្វើសញ្ញាឱ្យអ្នកបើកបររថយន្តចូលកន្លែងត្រួតពិនិត្យជាតិស្រវឹង ប៉ុន្តែបែរជារថយន្តនោះមិនបានសហការចូលមកកន្លែងត្រួតពិនិត្យ និងបានបត់ឆ្វេងមិនចូលគោលដៅត្រួតពិនិត្យ, ភ្លាមនោះកម្លាំងសមត្ថកិច្ច ក៏បានដេញតាម ហើយកាក់រថយន្តនោះឱ្យឈប់ និងអញ្ជើញអ្នកបើកបរចូលសហការត្រួតពិនិត្យជាតិស្រវឹង ទើបម្ចាស់រថយន្តព្រមសហការ និងចូលមកកន្លែងត្រួតពិនិត្យ, លុះអ្នកបើករថយន្តដោះម៉ាសចេញ ទើបសមត្ថកិច្ចស្គាល់ថា ជាស្វាមីរបស់ អ្នកស្រី ទ្រី ដាណា,  ហើយគាត់ក៏បានសហការជាមួយសមត្ថកិច្ចដោយរលូនគ្មានការតវ៉ាអ្វីនោះទេ, ការផ្លុំជាតិអាល់កុល ជាលទ្ធផលគាត់គ្មានផ្ទុកជាតិអាល់កុលក្នុងខ្លួនឡើយ។ កម្លាំងសមត្ថកិច្ច ក៏បានថ្លែងអំណរគុណដល់ម្ចាស់រថយន្តដែលព្រមសហការ និងអនុញ្ញាតឱ្យគាត់បន្តដំណើរ។

អ្វីដែល អ្នកស្រី ទ្រី ដាណា ធុញថប់មិនពេញចិត្តចំពោះការរឹតបន្តឹងត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ចំពោះអ្នកបើកបរមានជាតិស្រវឹងនេះ គឺកើតឡើងបន្ទាប់ពីអ្នកស្រី និងស្វាមី កាលពីរាត្រីរំលងអធ្រាត ឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានធ្វើដំណើរដោយរថយន្តចាកចេញពីមន្ទីរពេទ្យមួយ ឆ្ពោះទៅកាន់លំនៅដ្ឋានរបស់អ្នកស្រី ដោយធ្វើដំណើរតាមផ្លូវ ភ្នំពេញ-ហាណូយ ក្នុងទឹកដី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយក៏ជួបកម្លាំងសមត្ថកិច្ចដាក់ប៉ុស្ដិ៍ត្រួតពិនិត្យជាតិអាល់កុល ក៏កើតជាបញ្ហាឡើង , តាមពិតរឿងនេះ គឺបានដោះស្រាយគ្នាបញ្ចប់នៅកន្លែងកើតហេតុរួចហើយ ប៉ុន្តែអ្វីជាការដុតកម្ដៅឱ្យឆេះរោលឡើងវិញនោះ គឺអ្នកស្រី ទ្រី ដាណា សម្ដែងពាក្យពេចន៍ចេញពីអារម្មណ៍ និងសរសេរសារបង្ហោះជាសាធារណៈ រិះគន់កម្លាំងសមត្ថកិច្ចដែលដាក់ប៉ុស្ដិ៍ត្រួតពិនិត្យជាតិអាល់កុលថា ការរស់នៅរាល់ថ្ងៃរបស់អ្នកស្រីរាងពិបាកណាស់ តាំងពីមកនៅម្ដុំសែនសុខនេះមក  ព្រោះជួបប៉ុស្តិ៍ត្រួតពិនិត្យជាតិស្រវឹងនេះរហូត  ឱ្យតែពេលចេញពីផ្ទះទៅហាង និងចេញពីហាងទៅផ្ទះ។

យោងតាមទំព័រ facebook ផ្លូវការរបស់អ្នកស្រី ទ្រី ដាណា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានសរសេរថា ការរស់នៅរាល់ថ្ងៃ រាងពិបាកណាស់តាំងពីមកនៅផ្ទះម្ដុំសែនសុខនេះ ផលលំបាករបស់ខ្ញុំ គឺនៅពេលយប់តែម្ដង ចំពេលដែលគេឆែកជាតិអាល់កុល គឺជារៀងរាល់ពេល គឺឡានខ្ញុំត្រូវតែចូលឆែកគ្រប់ពេល មិនថា ឈឺស្កាត់យប់ព្រលប់មកពីមន្ទីរពេទ្យ ឬក៏មកពីផ្ទះខ្ញុំនៅហាងពេជ្រ ឬក៏មកពីធ្វើការអី គឺត្រូវតែចូលពិនិត្យជាតិអាល់កុលគ្រប់ពេល។ ករណីនេះ ខ្ញុំប្រាកដជាអាយុខ្លី ហើយខ្ញុំភ័យណាស់ ខ្ញុំលែងចង់រស់នៅទីហ្នឹងទៀតហើយ និយាយមែន, ព្រោះគេដាក់ប៉ុស្តិ៍ត្រួតពិនិត្យចំផ្លូវចូលផ្ទះខ្ញុំតែម្ដង, គួរឱ្យខ្លាចខ្លាំងណាស់។

ត្រង់ចំណុចនេះរបស់អ្នកស្រី ទ្រី ដាណា មហាជនបានមើលឃើញ និងយល់ថា គឺប៉ះពាល់ដល់សង្គមខ្លាំងណាស់ ព្រោះថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ ក៏ដូចជាការអនុវត្តគោលការណ៍ផ្សេងៗដែលដាក់ចេញដោយរាជរដ្ឋាភិបាល គឺមិនសំដៅតែលើអ្នកស្រី ទ្រី ដាណា និងគ្រួសាររបស់អ្នកស្រីមួយឯណា តែគឺសម្រាប់ទាំងអស់គ្នានៅទូទាំងប្រទេស  ដូច្នេះផលវិបាករបស់ប្រជាពលរដ្ឋ គឺតែងតែកើតមានខ្លះៗហើយ ប៉ុន្តែទោះជាយ៉ាងណា  គឺរាជរដ្ឋាភិបាល ធ្វើដើម្បីសណ្ដាប់ធ្នាប់សង្គមទាំងមូល និងសុវត្ថិភាពអាយុជីវិតប្រជាពលរដ្ឋទាំងអស់គ្នា ដូច្នេះមិនគួរអ្នកស្រី ទ្រី ដាណា ទៅជាធុញថប់ចំពោះការអនុវត្តច្បាប់នោះឡើយ និងប្រើពាក្យថា ” គួរឱ្យខ្លាចខ្លាំងណាស់ ” វាប្រៀបដូចជាការញុះញង់មួយឱ្យប្រជាពលរដ្ឋស្អប់ខ្ពើមការអនុវត្តច្បាប់របស់សមត្ថកិច្ច និងគោលការណ៍របស់រាជរដ្ឋាភិបា៕ រក្សាសិទ្ធដោយ ៖ ពិសិដ្ឋ CEN

spot_img
×