ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់! ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ដែលបានចូលរួមជាមួយ បងប្អូនកម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ក្នុងការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នាឆ្នាំនេះ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលជាចក្ខុវិស័យមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យការងារ សំដៅប្រែក្លាយទៅជាចលនាជាតិមួយ នៅកន្លែងធ្វើការងារ ដែលគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស កម្មករនិយោជិត និងនិយោជក ចូលរួមអនុវត្ត ដើម្បីបង្កើត បាននូវវប្បធម៌អនុលោមភាពតាមច្បាប់ សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលខុសត្រូវផ្នែកសង្គម របស់សហគ្រាស។ ប្រធានបទនេះ គឺជាអនុសាសន៍ដែលបានលើកឡើងដោយ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី និងខ្ញុំផ្ទាល់ ក្នុងអំឡុងពេលចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតកន្លងទៅ។ ការជ្រើសរើស ប្រធានបទមួយនេះ គឺជាការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព អត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គម អត្ថប្រយោជន៍នានារបស់បងប្អូនកម្មករនិយោជិត និងពង្រឹងយន្តការដោះស្រាយវិវាទការងារ ដែលអាចកើតមាន ឡើងជាសត្យានុម័ត សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគមកអភិវឌ្ឍសេដ្ឋកិច្ច បង្កើតសហគ្រាសនិងការងារ ជូនបងប្អូនប្រជាពលរដ្ឋ នោះទេ រាជរដ្ឋាភិបាលក៏មានមហិច្ឆតាបង្កើតនិងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង សហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករនិយោជិត ក្រោមម្លប់ដ៏ត្រជាក់ នៃសន្តិភាពផងដែរ។
បងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ជាទីគោរពស្រឡាញ់! ឆ្នាំ២០២៤នេះ គឺជាឆ្នាំដំបូងនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនោះកម្មវិធីអាទិភាពចំនួន ៦ និងវិធានការគន្លឹះចំនួន ៥ ត្រូវបានដាក់ចេញដោយរាជរដ្ឋាភិបាល សំដៅធានាឱ្យបាននូវប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីនយោបាយ និងការកែ ទម្រង់ស៊ីជម្រៅ ក្នុងគោលបំណងសម្រួលការធ្វើធុរកិច្ច អាជីវកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានចំណូលខ្ពស់ ការងារកាន់តែសមរម្យនិងសម្បូរបែប ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។ ជាលទ្ធផលក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោង វិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លាន ដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា ១០,៧ម៉ឺនកន្លែង។ ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ដដែលនេះ ចំនួនសហគ្រាសដែលបានចុះបញ្ជីនៅក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពី ចំនួន ៤០ ៩៧៥ ដល់ចំនួន ៤៣ ៨៤៩សហគ្រាស (កើនឡើងចំនួន ២ ៨៧៤សហគ្រាស) ហើយចំនួន កម្មករនិយោជិត បានកើនពីចំនួន ១ ៧១៥ ០២៩នាក់ ដល់ចំនួន ១ ៧៩៣ ៤៦៧នាក់ (កើនឡើងចំនួន ៧៨ ៤៣៨ នាក់)។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា និងលិខិតបទដ្ឋាន ការងារអន្តរជាតិនានា។ គិតត្រឹមខែមីនា ឆ្នាំ២០២៤ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីកា អង្គការវិជ្ជាជីវៈសរុបចំនួន ៦ ៣១៧ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២ សហព័ន្ធសហជីពមានចំនួន ២៨០ សហជីពមូលដ្ឋានមានចំនួន ៥ ៩៨៣ និងសមាគមនិយោជកមានចំនួន ១២។
ជាមួយគ្នានេះ ការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានដោះស្រាយនិងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និង មានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការផ្សះផ្សាវិវាទការងារ។ ជាក់ស្តែងក្នុងត្រីមាសទី១នេះ អត្រាសះជានៃការផ្សះផ្សាវិវាទការងារនៅកម្រិតក្រសួង គឺបានកើនឡើងដល់ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រដល់ ដំណើរការរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលជាយន្តការត្រីភាគី និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពី ភាគីពាក់ព័ន្ធកន្លងមក ដើម្បីឱ្យក្រុមប្រឹក្សាអាជ្ញាកណ្តាលក្លាយទៅជាស្ថាប័នមួយរឹងមាំ និងមានប្រភពមូលនិធិ មួយពិតប្រាកដ តម្លាភាព និងអាចដំណើរការសកម្មភាពផ្សះផ្សា និងដោះស្រាយវិវាទការងារប្រកបដោយក្រម សីលធម៌វិជ្ជាជីវៈកាន់តែខ្ពស់នៅកម្ពុជា។
រាជរដ្ឋាភិបាលក៏នឹងបន្តជំរុញឱ្យមានផែនការសកម្មភាពកាន់តែបុរេសកម្ម និងច្រើនថែមទៀត ពាក់ព័ន្ធនឹងការលើកកម្ពស់សមត្ថភាពនិងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ចំពោះសមាជិករបស់ខ្លួន និងការយល់ដឹងអំពីលក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍នានារបស់ភាគី ពាក់ព័ន្ធ ដើម្បីភាគីនីមួយៗអាចបំពេញតួនាទីជាតំណាងសមាជិករបស់ខ្លួនបានកាន់តែល្អនិងមានវិជ្ជាជីវៈ ដោយ ឈរលើមូលដ្ឋានច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
កន្លងទៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសរួចហើយក្នុងការបង្កើតកម្មវិធីប្រកួតប្រជែងពានប្រចាំឆ្នាំ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយបានកំណត់វិញ្ញាបនបត្រអនុលោមភាពចំនួន ៨ សម្រាប់ជាលក្ខខណ្ឌកំណត់ថា សហគ្រាសមួយអាចទទួលបានពានសហគមន៍សុខសាន្តប្រចាំឆ្នាំ។ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ ១ ឧសភា
ជាថ្ងៃប្រគល់ពានដល់សហគ្រាសដែលទទួលបានជ័យលាភី។
ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារជាច្រើនគួរជាទីមោទនៈ ក្នុងវិស័យការងារ សន្តិសុខសង្គម និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងការអនុវត្តប្រកបដោយជោគជ័យក្នុងការអនុវត្តអនុសាសន៍គន្លឹះទាំង ១០ចំណុច របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុសាសន៍របស់ខ្ញុំ ១០ចំណុច ដែលខ្ញុំបាន ណែនាំកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ជាពិសេស ចំណុចដែលបានដាក់ចេញនៅចុងឆ្នាំ២០២៣ កន្លងទៅនេះ ដូចខាងក្រោម៖
១- បានបន្តជំរុញការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមា ដែលជាយន្តការត្រីភាគី ហើយដែលតាមរយៈការបោះឆ្នោតរបស់ត្រីភាគី និងការបន្ថែមចំនួន ២ដុល្លារ អាម៉េរិករបស់ខ្ញុំនោះ ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ បានកើនដល់ ២០៤ដុល្លារអាម៉េរិក ក្នុងមួយខែ ហើយបើបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ ទទួលបានប្រាក់ឈ្នួលជាមធ្យមចាប់ពី ២២១ ទៅ ២៣២ដុល្លារអាម៉េរិកក្នុងមួយខែ។
២- បានពង្រីករបបថែទាំសុខភាពជូនអ្នកនៅក្នុងបន្ទុកសមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តើមចេញពីបុគ្គលស្វ័យនិយោជន៍។ គិតត្រឹមខែមីនា ឆ្នាំ២០២៤នេះ ប.ស.ស. បានចុះបញ្ជីកាជូនបុគ្គលដែលស្ថិតក្នុងបន្ទុកសមាជិក ប.ស.ស. បាន ចំនួន ៣៦ ៩៨៥នាក់ និងបុគ្គលស្វ័យនិយោជន៍បានចំនួន ១៥៣ ៤១៧នាក់។
៣- បានដាក់ឱ្យអនុវត្តនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជន ១,៥លាននាក់ ក្នុងនោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺអាចចូលរៀនដោយមិនបង់ថ្លៃ និងទទួលបាន ប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនេះដោយមិនបង់ថ្លៃផងដែរ ដើម្បី ចាប់យកជំនាញមួយពិតប្រាកដមុនចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួន។ គិតត្រឹម ខែមីនា ឆ្នាំ២០២៤ មានយុវជនចំនួន ៣៤ ២៦៧នាក់ (ស្រី ៩ ៦០៦នាក់) កំពុងទទួលបានការបណ្តុះបណ្តាល ក្នុងនោះ ចំនួន ១៦ ២៦៧នាក់ (ស្រី ៥ ២២៣នាក់) កំពុងទទួលការបណ្តុះបណ្តាលសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈ កម្រិត១ (C1)។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត ជាពិសេស យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងបុគ្គលនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ បន្តអញ្ជើញទៅ ចុះឈ្មោះចូលរៀនជំនាញនានា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៃក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបន្តចុះឈ្មោះជាប្រចាំ និងបើកថ្នាក់ជាបន្តបន្ទាប់នៅតាមទីរួមខេត្តនានា និងនៅ រាជធានីភ្នំពេញ។
៤- បានជំរុញឱ្យវិស័យឯកជនទទួលយកសិក្ខាកាម សិស្ស និស្សិត ឱ្យចូលហាត់ការនៅកន្លែងការងារដើម្បីផ្សារភ្ជាប់ទ្រឹស្តីបទពិសោធដែលមាននៅរោងជាងមជ្ឈមណ្ឌលស្រាវជ្រាវ ទៅនឹងការអនុវត្តជាក់ស្តែងនៅតាមសហគ្រាស គ្រឹះស្ថាន ដោយមានសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧ បានឯកភាពចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ លើកម្មវិធីហាត់ការនេះ។
៥- បានបន្តនិរន្តរភាព និងបង្កើនប្រសិទ្ធភាពបើកផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះមុនពេលសម្រាលកូន និងក្រោយពេលសម្រាលកូនរហូតដល់កូនអាយុ ២ឆ្នាំ ចំនួន ១៤លើក ដោយ១លើកទទួលបានថវិកាចំនួន ៨ម៉ឺនរៀល និងប្រាក់ឧបត្ថម្ភពេលសម្រាលកូនចំនួន ៨០ម៉ឺនរៀល ដើម្បីលើកកម្ពស់សុខុមាលភាពមាតានិងទារក រួមចំណែកដោះស្រាយកង្វះអាហារូបត្ថម្ភ ព្រមទាំងជំរុញការលូតលាស់ទាំងកាយសម្បទា និងបញ្ញាស្មារតីរបស់កូនចៅបងប្អូនកម្មករនិយោជិត។
ក្រៅពីនេះ ក្នុងនាមរាជរដ្ឋាភិបាល និងខ្លួនខ្ញុំផ្ទាល់ នឹងបន្តតាមដាននិងជំរុញយ៉ាងយកចិត្តទុកដាក់ដល់ ចលនាប្រកួតប្រជែង “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ការបង្កើតឱ្យមានទារកដ្ឋាន និងមត្តេយ្យ សហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ឱ្យបានមុនដំណាច់ឆ្នាំ២០២៥ ដោយមានការចូលរួមទ្រទ្រង់ពី និយោជក កម្មករនិយោជិត និងភាគីពាក់ព័ន្ធនានា ការកែលម្អកន្លែងទទួលទានអាហារ ឬអាហារដ្ឋាននៅតាម រោងចក្រដែលកំពុងដំណើរការ ឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវឱ្យមានការរៀបចំកន្លែង ទទួលទានអាហារ ឬអាហារដ្ឋាន សម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី ដោយរួមបញ្ចូលទាំងការគិតគូរអំពីកត្តា អនាម័យ រំហូរខ្យល់ និងសីតុណ្ហភាពទាំងនៅកន្លែងទទួលទានអាហារ និងកន្លែងធ្វើការឱ្យបានល្អ ជាពិសេស នៅរដូវប្រាំង ការផ្លាស់ប្តូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងមានផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ និងកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់ បងប្អូនកម្មករនិយោជិត និងពលករទេសន្តប្រវេសន៍អាចទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជំនាញ សមត្ថភាព និងកម្រិតជំនាញ ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍របស់បងប្អូនកម្មករនិយោជិត ក៏ដូចជាពលករ ទេសន្តប្រវេសន៍។
បងប្អូន ក្មួយៗ កម្មករនិយោជិត និយោជក និងជនរួមជាតិទាំងអស់ ជាទីគោរពស្រលាញ់! រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ការកំណត់យកប្រធានបទ ក៏ដូចជាការបង្កើតកម្មវិធីប្រកួតប្រជែង យកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” នឹងជំរុញឱ្យមានចីរភាពនៃវប្បធម៌អនុលោមភាព វប្បធម៌នៃកិច្ចសន្ទនាសង្គម ការយោគយល់អធ្យាស្រ័យគ្នានៅកន្លែងការងារ និងយន្តការដោះស្រាយវិវាទការងារ នៅកម្រិតសហគ្រាស គ្រឹះស្ថាន នៅកម្រិតក្រសួង និងនៅកម្រិតក្រុមប្រឹក្សាអាជ្ញាកណ្តាល។ ខ្ញុំនឹងបន្តចុះជួប បងប្អូនកម្មករនិយោជិត ដើម្បីតាមដានវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ដែលខ្ញុំបានដាក់ចេញកន្លងទៅ ពាក់ព័ន្ធនឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្តាប់ឱ្យបាននូវសំណូមពររបស់បងប្អូន កម្មករនិយោជិត ទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធ ក៏ដូចជាបងប្អូនពលករយើងនៅក្រៅប្រទេស៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី








