ប្រទេសវៀតណាម កំពុងប្រឈមនឹងបញ្ហាខ្វះអ្នកនាំផ្លូវដល់ភ្ញៀសទេសចរ (Tour guide) ខណៈដែលបច្ចុប្បន្នប្រទេសនេះមានអ្នកនាំផ្លូវជាង ២០.០០០នាក់ប៉ុណ្ណោះ ដែលចំនួននេះ បំពេញតំរូវការនៃភ្ញៀវទេសចរបានតែ ១ភាគ៣ប៉ុណ្ណោះ។
បើតាមការសែត TYhanh Nien ដែលដកស្រង់សម្តីអ្នកជំនាញផ្នែកទេសចរណ៍បានឲ្យដឹងថា ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៣លាននាក់ និងភ្ញៀវជាតិ ៧០លាននាក់ក្នុងឆ្នាំនេះដូចការគ្រោងទុក ប្រទេសវៀតណាមនឹងត្រូវការអ្នកនាំផ្លូវយ៉ាងហោចណាស់ចំនួន ២៥.០០០នាក់សំរាប់បំរើសេវាដល់ភ្ញៀវបរទេស និង៥០.០០០នាក់សំរាប់នាំផ្លូវដល់ទេសចរជាតិ។
បើយោងតាមច្បាប់ទេសចរវៀតណាម ដែលនឹងចូលជាធរមាននៅខែមករា ឆ្នាំក្រោយនេះ ដើម្បីធ្វើជាអ្នកនាំផ្លូវភ្ញៀវទេសចរ ក្រៅតែពីមានប័ណ្ណនាំផ្លូវ ពួកគេត្រូវមានកិច្ចសន្យាការងារជាមួយនឹងភ្នាក់ងារទេសចរណ៍ អង្គការ ឬក៏បុគ្គលដែលគ្រប់គ្រងផ្នែកទេសចរណ៍។
សំរាប់រយៈពេលត្រឹម ១០ខែ ក្នុងឆ្នាំ ២០១៧នេះ ប្រទេសវៀតណាម ទទួលបានភ្ញៀវទេសចរបរទេសចំនួន ១០,៥លាននាក់។ ភ្ញៀវទេសចរដែលមកទស្សនាវៀតណាមច្រើនជាងគេ មានកូរ៉េខាងត្បូង បន្ទាប់មកចិន និងរុស្សី៕ សុភ័ក្ត្រ