Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងរ៉ែ និងថាមពលប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ

spot_img



ក្រសួងរ៉ែ និងថាមពលប្តេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅនឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍសហគមមូលដ្ឋានតាមរយៈការធ្វើអាជីវកម្មរ៉ែប្រកបដោយចីរភាព។

របរជីករ៉ែមាសរបស់ប្រជាពលរដ្ឋខ្មែរគឺមានតាំងពីយូរលង់ណាស់មកហេីយ ដែលប្រជាពលរដ្ឋយេីងតែងតែធ្វេីឡេីងជាលក្ខណៈគ្រួសារនៅពេលទំនេរពីការងារស្រែចម្ការសម្រាប់ផ្គត់ផ្គង់ជីវភាពបន្ថែមហេីយប្រេីប្រាស់ឧបករណ៍សាមញ្ញមាននៅក្នុងមូលដ្ឋាន និងមិនប្រេីប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានទេ។ ប៉ុន្តែចុងក្រោយនេះ សកម្មភាពជីករ៉ែអនាធិបតេយ្យនៅតែបន្តមានកាន់តែធ្ងន់ធ្ងរជាមួយនឹងការប្រើប្រាស់សារធាតុគីមី រំសេវជាតិផ្ទុះថ្មបំបែក និងជីករូងអណ្តូងរ៉ែក្រោមដី ដែលអាចបង្កគ្រោះថ្នាក់បំផុត។ ក្រៅពីនេះសកម្មភាពអាជីវកម្មអនាធិបតេយ្យទាំងនេះ បន្តបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុងនិងក្រៅមូលដ្ឋាន។

ថ្មីៗនេះ ក្រសួងរ៉ែ និងថាមពលបានសហការជាមួយរដ្ឋបាលខេត្តមណ្ឌលគិរី អមដោយកងកំលាំងមានសមត្ថកិច្ច ចុះអនុវត្តច្បាប់លើសកម្មភាពខុសច្បាប់ទាំងនេះឡេីងវិញ និងបានសហការជាមួយអ្នកជំនាញរបស់JICA មកពីសកលវិទ្យាល័យហុកកៃដូនៃប្រទេសជប៉ុន និងវិទ្យាស្ថានបច្ចេកវិជ្ជាកម្ពុជាដោយសិក្សាពីផលប៉ះពាល់ ដូចជាអាស៊ីតនិងសារធាតុលោហៈផ្ទុកក្នុងទឹក ដែលអាចបង្កហានិភ័យខ្ពស់ដល់សុខភាព។ ក្រុមជំនាញយើងកំពុងសិក្សាពីវិធីសាស្រ្តបន្សាបអាសុីត និងសារធាតុពុល ដោយប្រើប្រាស់វិធីសាស្រ្តអកម្ម passive treatment នាពេលខាងមុខនេះ ដើម្បីជាប្រយោជន៍ដល់សុខមាលភាព សង្គម និងបរិស្ថាននៅតំបន់អតីតអនាធិតេយ្យរ៉ែ និងតំបន់ដែលរងប៉ះពាល់ក្បែរនោះ។

ក្រសួងរ៉ែ និងថាមពលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើអាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរសព្ទ័លេខ ០៩៥ ៧២៧ ៧២៧ ។

spot_img
×