ខេត្តត្បូងឃ្មុំ ÷ ក្នុងគោលបំណងស្រឡាញ់ធម្មជាតិ ជាពិសេសព្រៃឈើ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ដ៏ធំមួយដំបូងបំផុតនៅកម្ពុជា មានសមត្ថភាពផលិតកូនឈើបានជាង ១លានដើម ក្នុងមួយឆ្នាំ លេចចេញជារូបរាងហើយ នៅក្នុងខេត្តត្បូងឃ្មុំ ដែលថ្នាលបណ្តុះកូនឈើ នឹងចែកចាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានទូទាំងប្រទេស ដើម្បីដាំជាម្លប់ផង ជាសោភ័ណភាពនៅតាមរុក្ខវិធីនានាផង និងដាំដើម្បីជាគម្របព្រៃឈើផង។
ក្នុងដំណើរទស្សនកិច្ចចុះពិនិត្យមើលស្ថានភាពការសាងសង់ស្ថានីយបណ្តុះកូនឈើថ្នាក់តំបន់ ស្ថិតនៅក្នុង ភូមិ៤៤ ឃុំព្រះធាតុ ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា នេះថ្នាលបណ្តុះកូនឈើខ្នាតធំដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតកូនឈើបានចំនួន ១លាន ២សែនកូនឈើ ក្នុង១ឆ្នាំ និងជាថ្នាលដែលបានបំពាក់ប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ដើរដោយថាមពលព្រះអាទិត្យ។
ថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ នឹងជួយពង្រីកវិសាលភាពព្រៃឈើកម្ពុជា តាមរយៈការរួមចំណែកដាំពីប្រជាជនកម្ពុជា ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូន និងពង្រីកវិសាលភាពព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់កិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិទូទាំងប្រទេសចំនួន៧៣ តំបន់ និងគ្របដណ្តប់លើផ្ទៃដីជាង ៧លានហិកតា ស្មើនឹង ៤០% នៃផ្ទៃដីប្រទេស ពេលនោះកម្ពុជានឹងសម្បូរបែបប្រភេទឈើឡើងវិញ៕ ពិសិដ្ឋ CEN
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91