ស្វាយរៀង៖ វេជ្ជបណ្ឌិតជំនាញ សាន់ សុធាវុធ មានតួនាទីជាប្រធានមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដែលមានទីតាំងស្ថិតនៅក្នុងស្រុកស្វាយទាបខេត្តស្វាយរៀង ស្រវឹងស្រាជោកជាំ បានប្រើអំពើហិង្សាយ៉ាងឃោរឃៅវាយដំច្រំធាក់លើប្រពន្ធស្ទើរដាច់ខ្យល់ បណ្ដាលឲ្យមានស្នាមរបួសជាំពេញខ្លួន។
ប្រភពច្បាស់ការពីសាច់ញាតិដែលរៀបរាប់ប្រាប់អ្នកសារព័ត៌មាន នៅយប់ថ្ងៃទី 6 ខែឧសភាឆ្នាំ 2024 នេះឲ្យដឹងថា ករណីនេះបានកើតឡើង តាំងពីយប់ ថ្ងៃទី 25 ខែមេសា មកម្ល៉េះ? ហើយបន្ទាប់មក សាច់ញាតិជនរងគ្រោះខាងប្រពន្ធ ក៏បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឲ្យមានវិធានការច្បាប់លើជនដៃដល់។
ប្រភពបានបន្តទៀតថា បុគ្គលនេះ រៀនបានខ្ពង់ខ្ពស់ ធ្វើជាគ្រូពេទ្យ តែដើរលេងផឹកស៊ីយប់ស្ទើររាល់ថ្ងៃ មកដល់ផ្ទះជេរម្រាយវាយដំប្រពន្ធ ជាច្រើនលើកជាច្រើនសាររាប់ឆ្នាំមកហើយ ប៉ុន្តែដោយមានការសម្របសម្រួលពីអនាព្យាបាលទាំងសងខាងដោយមិនចង់ឲ្យកូនៗបែកបាក់ក៏សះជាគ្នាឡើងវិញ នាពេលកន្លងមក ប៉ុន្តែមួយរយៈចុងក្រោយនេះ ដែលជាករណីចុងក្រោយបំផុតនេះ ជនរងគ្រោះមិនអាចទ្រាំនឹងអំពើហិង្សា បែបនេះយ៉ាងធ្ងន់ធ្ងរបានទៀតនោះក៏សម្រេចចិត្តដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាននិងអាជ្ញាធរពាក់ព័ន្ធឱ្យចាត់វិធានការច្បាប់តែម្ដង។ ប្រភពច្បាស់ការដដែលបានបញ្ជាក់យ៉ាងដូច្នេះថា សមត្ថកិច្ច បន្ទាប់ពីទទួលបានពាក្យបណ្ដឹង រួចហើយ កាលពីថ្ងៃទី 5 ខែ ឧសភា ក៏បានមានចំណាត់ការច្បាប់លើជនដៃដល់ជាវេជ្ជបណ្ឌិតរូបនេះ ដោយចាប់ខ្លួនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះដែរសាច់ញាតិជនរងគ្រោះដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានសំណូមពរឲ្យសមត្ថកិច្ចក៏ដូចជា ព្រះរាជអាជ្ញា និងចៅក្រម នៃ អយ្យការសាលាដំបូង ខេត្តស្វាយរៀងចាត់វិធានការ លើជនដៃដល់រូបនេះ ឲ្យធ្ងន់ធ្ងរជាទីបំផុត។
ប្រពន្ធមានឈ្មោះរ៉ារី វណ្ណិច រស់នៅភូមិព្រៃរំដួល ឃុំក្រោលគោ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង សូមប្ដឹងការប្រើប្រាស់អំពើហិង្សាក្នុងគ្រួសារ ក្នុងនោះចុងចម្លើយមានឈ្មោះសាន់ សុធាវុធ ដែលត្រូវជាស្វាមីដោយក្នុងពាក្យបណ្ដឹងបានរៀបរាប់ថា បុរសជាប្ដីរូបនេះ តែងតែរករឿងវាយដាំច្រំធាក់មកលើខ្លួនជាច្រើនលើក ច្រើនសា។ មិនតែប៉ុណ្ណោះ បុរសជាប្ដីរូបនេះក្រោយពីប្រើហិង្សារួចហើយតែងតែដេញប្រពន្ធឱ្យទៅប្តឹង ទោះបីប្ដឹងដល់ណា ក៏ប្តឹងទៅ រូបគាត់មិនខ្លាចឡើយ។ ដោយទ្រាំនឹងទង្វើរបស់ប្ដីកំហូចឈ្មោះសាន់ សុធាវុធ រូបនេះមិនបាន គាត់ក៏បានស្វែងរកអន្តរាគមន៍ពីសំណាក់សមត្ថកិច្ច តែមើលទៅហាក់បីដូចជាសមត្ថកិច្ចញញើតមិនហ៊ានចាត់ការមកលើចុងចម្លើយដែលជាប្ដីរបស់គាត់នោះទេ គាត់មិនដឹងថាបណ្ដាលមកពីមូលហេតុអ្វីដែរ បើទោះជាគាត់សុំឱ្យមានអន្តរាគមន៍ពី សមត្ថកិច្ចរាល់ពេលប្រើអំពើហិង្សាយ៉ាងណាក៏ដោយ។
ស្ត្រីជាដើមបណ្ដឹងបានបន្តទៀតថា ជាក់ស្ដែងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង11និង 30នាទី បុរសជាប្ដីរបស់គាត់ ក្រោយពីត្រឡប់មកពីផឹកស៊ីបានជេរនិងវាយដំមកលើរូបគាត់យ៉ាងសាហាវព្រៃផ្សៃជាទីបំផុត ដោយបានចាប់បោចសក់បោកក្បាលអុកទៅនឹងគ្រែហើយអូសចុះពីលើផ្ទះមកក្រោមទៀតផង ។ ក្នុងពេលនោះដែរបើកុំតែបានប្អូនជីដូនមួយរបស់គាត់ជួយឃាត់ឃាំងម៉្លេះសមប្ដីរបស់គាត់ វាយរូបគាត់បណ្ដាលឱ្យស្លាប់បាត់បង់ក៏មិនដឹង។ ក្រោយពីប្រើហិង្សាមកលើរូបគាត់ជាប្រពន្ធហើយ ។
បុរសជាប្ដីឈ្មោះសាន់ សុធាវុធ នេះបានបោះពាក្យសំដី និងនិយាយបែបគំរាមកំហែងមកលើគាត់ថា បើទោះជាគាត់ទៅប្តឹងដល់ណា ក៏គេមិនខ្លាចដែរ នៅខេត្តស្វាយរៀងនេះ គ្មានអ្នកណាហ៊ានធ្វើអ្វីគាត់ឈ្មោះ(សាន់សុធាវុធ)ទេ ព្រោះគាត់គឺជាគ្រូពេទ្យមួយរូបដែលរៀនមកពីក្រៅប្រទេស ហើយត្រូវបានថ្នាក់ដឹកនាំតែងតាំងឱ្យធ្វើជាប្រធានមន្ទីរពេទ្យបង្អែក។
ប្រភពព័ត៌មានបានបញ្ជាក់ថា មិនដឹងចិត្តអ្នកសាងពីអ្វីបានជាឃោរឃៅម៉្លេះវាយដំច្រំធាក់ប្រពន្ធស្ទើរដាច់ខ្យល់ ខ្លួនជាគ្រូពេទ្យ តែដើរលេងផឹកសុីយប់ស្ទើររាល់ថ្ងៃ មកដល់ផ្ទះជេរម្រាយវាយដំប្រពន្ធកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០២៤ យប់ម៉ោង១១ មានទូរស័ព្ទពីបុគ្គលិកម្នាក់បានប្រាប់ថា ប្រពន្ធលោកប្រធានប្រាប់ប្រពន្ធខ្ញុំ កុំឱ្យខ្ញុំនាំលោកប្រធានដើរផឹក សូមលោកប្រធានប្រដៅប្រពន្ធលោកប្រធានផង ខ្ញុំមិនបាននាំលោកប្រធានដើរផឹកទេ គ្រាន់តែឮគេប្រាប់ភ្លាមៗ លោកប្រធានដ៏ឃោរឃៅមកជេរម្តាយដៀលប្រពន្ធតែម្តង ឯបុគ្គលិកម្នាក់នោះបានបន្តថា ខ្ញុំកុហកលោកប្រធានដែរថាមិននិយាយអីជាមួយប្រពន្ធគាត់ទេ តែលោកប្រធានដ៏ឃោរឃៅនៅតែមិនជឿ រហូតដល់ប្រើហឹង្សាលើនាងយ៉ាងព្រៃផ្សៃ បុគ្គលរូបនេះមិនស័ក្តិកសមជាគ្រួពេទ្យឡើយ ។
ប្រភពព័ត៌មានបានបញ្ជាក់ថា មន្ទីរសុខាភិបាលខេត្តស្វាយរៀង ការិយាល័យស្រុក ប្រតិបត្តិស្វាយទាប មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល លោកគ្រូពេទ្យនេះ ជាវេជ្ជបណ្ឌិត សាន់ សុធាវុធ មានតួនាទីជាប្រធានមន្ទីរពេទ្យ ៕