Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងរុស្ស៊ី បង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ព្រមទាំងពង្រីកទំនាក់ទំនងពាក់ព័ន្ធវិស័យផ្សេងៗទៀត ឱ្យកាន់តែមានភាពរឹងមាំ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី៦ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតរូស្ស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។

តាមខ្លឹមសារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃការអនុវត្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាពិសេសធនធានមនុស្សជាកងកម្លាំងក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសកម្ពុជា និងរុស្ស៊ី និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័ននានា នៃភាគីរុស្ស៊ី ដែលផ្ដល់វគ្គបណ្ដុះបណ្ដាលជាច្រើនលើជំនាញផ្សេងៗ ជាពិសេសជំនាញប្រយុទ្ធប្រឆាំងភេរវកម្ម ចារកម្មដល់នាយនគរបាលជាតិកម្ពុជា ខណៈជានិច្ចកាលក៏បានអញ្ជើញមន្ត្រីនៃក្រសួងមហាផ្ទៃ ទៅចូលរួមកម្មវិធីនានានៅប្រទេសរុស្ស៊ីផងដែរ។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្សី ដែលក្នុងរយៈពេលជិត ៧ ទសវត្សរ៍មកនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបានរួមចំណែកដល់ការស្តារ កសាង និងអភិវឌ្ឍសង្គមជាតិ បម្រើដល់ផលប្រយោជន៍ទៅវិញទៅមកជាច្រើនវិស័យ។

ជាការឆ្លើយតប ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានជម្រាបជូន ឯកឧត្តមអភិសន្តិបណ្ឌិត អំពីការវិវឌ្ឍនៃបញ្ហាប្រឈមសកលលើវិស័យសន្តិសុខ រួមមាន ឧក្រិដ្ឋកម្មឆ្លងដែន បញ្ហាគ្រឿងញៀន ព័ត៌មានមិនពិត ជាពិសេសបញ្ហាភេរវកម្ម ដែលទាមទារជាចាំបាច់នូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌទ្វេភាគី ក្របខណ្ឌតំបន់ និងសកល។

ភ្ជាប់នឹងការលើកឡើងអំពីសារៈសំខាន់ នៃការបណ្ដុះបណ្ដាលសមត្ថភាពបន្ថែមដល់កងកម្លាំង ដើម្បីទប់ស្កាត់ចំពោះការវិវឌ្ឍ នៃបទល្មើសសម័យថ្មី ជាពិសេសបទល្មើសបច្ចេកវិទ្យាព័ត៌មាន ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការត្រៀមខ្លួនជានិច្ចរបស់ភាគីរុស្ស៊ីក្នុងការផ្ដល់វគ្គបណ្ដុះបណ្ដាលជូននាយនគរបាលជាតិកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាក្នុងក្របខណ្ឌភាពជាដៃគូអាស៊ាន។

នាឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានមានប្រសាសន៍ អំពីការបន្តប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដែលបានអនុវត្តកន្លងមក តាមរយៈការដាក់ចេញនូវគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងការប្រយុទ្ធប្រឆាំងនូវឧក្រិដ្ឋកម្មឆ្លងដែន និងគ្រឿងញៀន។

ត្រង់ចំណុចនេះ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានថ្លែងការកោតសរសើរចំពោះលទ្ធផលប្រកបដោយផ្លែផ្កានៃ យុទ្ធនាការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មីនេះ ដើម្បីបុព្វហេតុថែរក្សានូវសន្តិសុខជាតិ ក្រោមការដឹកនាំប្រកបដោយថាមពល និងឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹង ទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ ព្រមទាំងពង្រីកទំនាក់ទំនងពាក់ព័ន្ធវិស័យផ្សេងៗទៀត ឱ្យកាន់តែមានភាពរឹងមាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ៕

×