ភ្នំពេញ៖ សម្តេចធិបតី ហ៊ុនម៉ាណែត គូសបញ្ជាក់ថា ប្រព័ន្ធបញ្ជរតែមួយជាតិ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែង ធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច និងជំរុញការធ្វើពាណិជ្ជកម្ម។
ក្នុងឱកាសអញ្ជើញជាអធិបតី “ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ” នាព្រឹកថ្ងៃអង្គារ ទី៧ ឧសភា ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ» ក៏មានមុខងារដ៏សំខាន់ក្នុងការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ទិន្នន័យឯកសារប្រតិវេទន៍គយ និងទិន្នន័យឯកសារពាណិជ្ជកម្មផ្សេងទៀត តាមទម្រង់អេឡិចត្រូនិកជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានផងដែរ។
ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច ជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ក្នុងន័យនេះ ប្រព័ន្ធបញ្ជរតែមួយជាតិ មានតួនាទីសំខាន់ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មអន្តរជាតិ ស្របតាមយុទ្ធសាស្រ្ត និង គោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈការផ្តល់និងទទួលអាជ្ញាប័ណ្ណ វិញ្ញាបនបត្រ លិខិតអនុញ្ញាត និងឯកសារផ្សេងទៀត ក្នុងទម្រង់អេឡិកត្រូនិក សម្រាប់ទំនិញនាំចេញ-នាំចូល ។ បន្ថែមពីនោះ ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាការរួមចំណែកលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ប្រកួតប្រជែង តម្លាភាព គណនេយ្យភាព និងសុក្រឹតភាពទាំងផ្លូវច្បាប់ និងបច្ចេកទេសសម្រាប់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ។
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ បានប្រកាសដាក់ឱ្យអនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់អាទិភាពចំនួន ៥ គឺ ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា ។ ក្នុងនោះ បច្ចេកវិទ្យា គឺជាអាទិភាពថ្មីមួយ ដែលបានកំណត់នៅក្នុងបញ្ចកោណទី៥ គឺការកសាងសេដ្ឋកិច្ច និង សង្គមឌីជីថល ហើយការដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ តាមអនឡាញ នឹងលើកកម្ពស់បរិយាកាសធុរកិច្ច និងការវិនិយោគប្រកបដោយសមធម៌ ។
អនុសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត
ទី១. ក្រសួង-ស្ថាប័នដែលមានការពាក់ព័ន្ធ ហើយដែលមិនទាន់ចូលរួមអនុវត្តប្រព័ន្ធ បញ្ជរតែមួយជាតិ ត្រូវជំរុញការចូលរួមអនុវត្តប្រព័ន្ធនេះ ឱ្យបានឆាប់។ ចំពោះ ការងារ ឱ្យបានប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។
ក្រសួង-ស្ថាប័នដែលបានចូលរួមរួចហើយក៏ត្រូវបន្តយកចិត្តទុកដាក់អនុវត្ត។
ទី២. គណៈកម្មាធិការដឹកនាំគម្រោងបញ្ជរតែមួយជាតិ ត្រូវតាមដាន និងវាយតម្លៃការអនុវត្ត ព្រមទាំងបន្តកែលម្អ និងពង្រីកមុខងារប្រព័ន្ធ ក៏ដូចជាពង្រីកការតភ្ជាប់ទៅ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដែលពាក់ព័ន្ធនឹងការធ្វើធុរកិច្ច និងពាណិជ្ជកម្ម ដើម្បីបន្តឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ធុរជន។
ទី៣. សូមវិស័យឯកជន ចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ ឱ្យបានជាអតិបរមា ពីប្រព័ន្ធបញ្ជរតែមួយជាតិនេះ និងចូលរួមផ្តល់មតិយោបល់ សម្រាប់ការកែ- លម្អឱ្យកាន់តែប្រសើរ។
ទី៤. ដើម្បីបន្តចូលរួមដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន, ក្រសួង-ស្ថាប័នត្រូវ បន្តយកចិត្តទុកដាក់ខ្ពស់ លើការងារលើកកម្ពស់បរិយាកាសធុរកិច្ច និងការសម្រួល ពាណិជ្ជកម្ម, ជាពិសេស ត្រូវជំរុញអនុវត្តឱ្យបានជោគជ័យ នូវវិធានការទាំងឡាយ ដែលត្រូវបានដាក់ចេញ នៅក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ។
ទី៥. គ្រប់ក្រសួង-ស្ថាប័ន, ក្រោមការដឹកនាំ និងការសម្របសម្រួលរបស់គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល, ត្រូវបន្តខិតខំរៀបចំដាក់បញ្ចូលអនឡាញ នូវ សេវាសំខាន់ដទៃទៀត ដែលជាសេចក្តីត្រូវការប្រចាំថ្ងៃសម្រាប់ធុរកិច្ច និងសូម រួមសហការគ្នា រៀបចំជាក្របខណ្ឌរួមមួយ ដែល សម្តេចធិបតី ដាក់ឈ្មោះថា “ប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច” ដើម្បីជាមូលដ្ឋានឈានទៅពង្រីក ការដ្ឋានការងារផ្សេងទៀត សំដៅកែលម្អបរិយាកាសធុរកិច្ចក្នុងប្រទេស និង បង្កើនភាពទាក់ទាញរបស់កម្ពុជាសម្រាប់ការវិនិយោគ។