Wednesday, September 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តសំណូមពរឱ្យថ្នាក់ក្រោមពេលរៀបចំវេទិកាសាធារណៈត្រូវអញ្ជើញប្រធានក្រុមការងារចូលរួមដើម្បីដោះស្រាយបញ្ហានានារបស់ពលរដ្ឋ

ខេត្តកំពង់ចាម: “ស្នើរសុំឱ្យស្រុក-ក្រុងទាំង១០ នៅក្នុងខេត្តកំពង់ចាម ធ្វើយ៉ាងណាត្រូវរៀបចំវេទិកាសាធារណៈនៅកន្លែងណាមួយហើយស្នើសុំឲ្យប្រធានក្រុមការងារចុះជួយមូលដ្ឋាននោះបានចូលរួមដើម្បីដោះស្រាយបញ្ហាផ្សេងៗដែលពលរដ្ឋបានលើកឡើងនិងសំណូមពរនានា។”នេះជាប្រសាសន៍របស់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចការពារលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសម្រាប់ខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្ត នាព្រឹកថ្ងៃទី៣ខែកញ្ញាឆ្នាំ ២០២៥ ដោយមានអ្នកចូលរួមមកទាំងពីរខេត្តរាប់រយនាក់។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានគូសបញ្ជាក់ថា: តាមរយៈវេទិកាសាធារណៈដែលបានធ្វើឡើងម្ដងនៅស្រុកនេះម្ដងត្រូវប្ដូរទៅកន្លែងផ្សេងទៀត ដែលជាតំបន់ប្រឈមនៃការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋឲ្យដោះស្រាយបញ្ហាផ្សេងៗឧទាហរណ៍ដូចជារឿងដីធ្លីជាដើម។ គឺទទួលយកសំណើរពលរដ្ឋហើយប្រធានក្រុមការងារដែលអាចដោះស្រាយបានភ្លាមគឺដោះស្រាយជូនបើបញ្ហាធំដុំត្រូវតែរាយការណ៍បន្តទៅថ្នាក់លើដើម្បីមានផែនការច្បាស់លាស់ដោះស្រាយជូនពួកគាត់ធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនឿមកលើអាជ្ញាធរមូលដ្ឋាន។ កន្លងមកនៅឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម គឺគ្រួសារវីរៈយុទ្ធជនជួរមុខមុំបីដែលជួបបញ្ហាកង្វះខាតផ្នែកជីវភាពគឺអាជ្ញាធរខេត្តបានដោះស្រាយជូនដោយផ្ដល់ម៉ូតូមួយគ្រឿងជូនដល់ប្រពន្ធចំណែកប្រធានក្រុមការងារចុះមូលដ្ឋានបានជួយសាងសង់ផ្ទះថ្មីមានតម្លៃ៥០០០ដុល្លារ នេះជាការលើកទឹកចិត្តដល់កងកម្លាំងវីរៈយុទ្ធជន។ គិតមកដល់ពេលនេះអាជ្ញាធរមូលដ្ឋានត្រូវតែធ្វើការដោះស្រាយជូនដល់ពលករចំណាកស្រុកនិងគ្រួសារភៀសសឹក ដោយបានផ្ដល់អំណោយជូនដល់ពួកគាត់ហូរហែ ត្រូវតាមដានឱ្យបានដិតដល់មិនទុកឲ្យពលរដ្ឋណាម្នាក់ដោយដាច់បាយនោះទេ។ បើក្រឡេកមើលបញ្ហាព្រំដែនកម្ពុជាថៃវិញរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់និងធ្វើការអត់ធ្មត់ ដោយមានប្រៀបលើគ្រប់សមរភូមិនិងការទូត ពីមុនគេជឿទៅលើថៃ តែដល់មកពេលនេះអន្តរជាតិបានចាប់អារម្មណ៍ពីកម្ពុជាគឺជាភាគីអ្នករងគ្រោះទៅវិញទេ។

ឯកឧត្តមរាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃមានប្រសាសន៍លើកឡើងហើយដឹងដែរថា តាមពិតទៅក្រុមការងារចុះមូលដ្ឋាននេះគឺបានបង្កើតឡើងក្នុងអំឡុងក្រោយឆ្នាំ១៩៧៩ ដែលគ្រានោះប្រធានក្រុមពេលដែលចុះតាមកន្លែងណាមួយគឺមានអាវុធការពារខ្លួនយកទៅជាមួយព្រោះយើងនៅអសន្តិសុខនៅឡើយមានខ្មែរក្រហម។
តាមរយៈនយោបាយឈ្នះឈ្នះ!របស់សម្ដេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងឆ្នាំ១៩៩៨ គឺប្រទេសកម្ពុជាបានទទួលសុខសន្តិភាពពេញលេញ។ជាការពិតណាស់មកដល់បច្ចុប្បន្នដូច្នេះប្រធានក្រុមការងារចុះជួយតាមមូលដ្ឋានគឺត្រូវតែទទួលយកសំណើរបស់ប្រជាពលរដ្ឋនិងបញ្ហាប្រឈមនានាមួយចំនួន ដើម្បីដាក់វិធានការដោះស្រាយជូនតាមសំណូមពររបស់ពួកគាត់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×