រាជធានីភ្នំពេញ ÷ កិច្ចប្រជុំ៣ក្រសួង គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្ដើមឡើងដើម្បីរិះរកមធ្យោបាយ ដូចជា ប្រព័ន្ធស្រោចស្រព្យទឹករដូវប្រាំង , បច្ចេកទេសអភិវឌ្ឍន៍កសិកម្មទំនើប និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅមូលដ្ឋានជនបទ។
អង្គប្រជុំ នៃក្រសួងទាំង៣ បានសម្រេចគោលការណ៍ចំនួន ៤ រួមមាន ÷
១- កំណត់គោលដៅយុទ្ធសាស្ត្រ ដែលជាអាទិភាពរួមរបស់ក្រសួងទាំង៣ ដោយដាក់កម្លាំង និងធនធានរួមគ្នា ដើម្បីសហការអនុវត្តឱ្យបានជោគជ័យ។
២- ប្រឹក្សាយោបល់ជាមួយគ្នា តាមជំនាញ និងវិស័យរៀងៗខ្លួនឱ្យបានទៀងទាត់ និងជាប់លាប់ដើម្បីបង្ការ និងទម្លុះ នូវភាពរាំងស្ទះទាំងឡាយ ដើម្បីឈានទៅសម្រេចបាននូវគោលដៅដែលបានកំណត់។
៣- ផ្សារភ្ជាប់គម្រោង និងកម្មវិធីគោលនយោបាយ ដែលពាក់ព័ន្ធនឹងសហគមន៍របស់ក្រសួងទាំង៣ ដូចជា សហគមន៍កសិកម្មទំនើប របស់ក្រសួងកសិកម្ម សហគមន៍កសិករប្រើប្រាស់ទឹក របស់ក្រសួងធនធានទឹក និង គម្រោងភូមិគំរូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យទទួលបាន អត្ថប្រយោជន៍ជាអតិបរមា។
៤- ឯកភាពជាគោលការណ៍ បង្កើតក្រុមការងារអន្តរក្រសួង ដើម្បីធ្វើការរួមគ្នាជាប់លាប់ និងដាក់ចេញនូវរបបប្រជុំទៀងទាត់រៀងរាល់៣ខែម្តង ដើម្បីតាមដានការងារដែលបានដាក់ចេញ និងកំណត់ផែនការងារបន្ត ព្រមទាំងដោះស្រាយបញ្ហាប្រឈម។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះ ដឹកនាំដោយរដ្ឋមន្ត្រីទាំង៣ក្រសួង ជាសហប្រធាន គឺលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ធ្វើឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃក្រសួងទាំង៣ ៕ ពិសិដ្ឋ CEN









