នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មការដឹកនាំគម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASED III) បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្មនៃកម្មវិធីសម្បទានដីសង្គមកិច្ចគម្រោង (LASED III) ជូនដល់សម្បទាននិក នៅឃុំចំនួន៣ ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង។ កម្មវិធីនេះប្រព្រឹត្ដិទៅនៅបរិវេណវត្តពន្លឺសាមគ្គី (វត្តស្រែគរថ្មី) ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រួមទាំង ឯកឧត្តម ឃី កុសល អនុរដ្ឋលេខាធិការ និងជានាយកគម្រោង LASED III ផ្នែកកសិកម្ម បានចូលរួមជាគណៈអធិបតីក្នុងកម្មវិធីចាប់ឆ្នោតជ្រើសរើសយកដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្មនៃកម្មវិធីសម្បទានដីសង្គមកិច្ចគម្រោង (LASED III) ជូនដល់សម្បទាននិក នៅឃុំសាមឃួយ ឃុំភ្លុក និងឃុំស្រែគរ ស្រុកសេសាន ក្រោមអធិបតីភាព ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
គម្រោង LASED III ជាគម្រោងមួយបន្តពីគម្រោង LASED II ដែលទទួលកម្ចីឥណទានពីធនាគារពិភពលោក មានរយៈពេល៦ឆ្នាំ ដែលចាប់អនុវត្តពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ និងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៦ ដោយគ្របដណ្តប់លើខេត្តគោលដៅចំនួន១៣ គឺខេត្តក្រចេះត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ ស្ទឹងត្រែងសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តបាត់ដំបង។
គម្រោងនេះផ្តោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រព័ន្ធធារាសាស្ត្រខ្នាតតូច ផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ផ្អែកលើកសិកម្មជាមូលដ្ឋាន និងសេវាកម្មទុនបង្វិលកសិកម្មដែលមានប្រជាកសិករអ្នកទទួលសរុប៦.៥០០គ្រួសារ៕