រាជធានីភ្នំពេញ ÷ ក្នុងជំនួបជាមួយ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ដូណាល់ ប្រោន (Donal Brown) អនុប្រធានរងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានបង្ហាញជំហរថា IFAD នៅតែបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ក្នុងវិស័យកសិកម្ម និងវិស័យពាក់ព័ន្ធមួយចំនួនទៀត ជាអាទិភាពដើម្បីរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
ជំនួបស្ដីពីសេដ្ឋកិច្ចផ្ដើមចេញពីវិស័យកសិកម្មនេះ ធ្វើឡើងនាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង IFAD។ លោក ដូណាល់ ប្រោន បានថ្លែងថា IFAD មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាពិតជាបានសម្រេចនូវការអភិវឌ្ឍយ៉ាងរហ័សលើគ្រប់វិស័យ ដូច្នេះគ្មានអ្វីអល់ឯកទៀតទេ, IFAD នៅតែបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តជាមួយរាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តគាំទ្រការអនុវត្តយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះ លោក ដូណាល់ ប្រោន និងសហការី ដែលបានអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ IFAD ធ្វើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ចាប់ពីឆ្នាំ ១៩៩៣ រហូតមក ទាំងផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ។
ជំនួយពី IFAD បានកើនឡើងខ្លាំង នៃទំហំហិរញ្ញទានសហប្រតិបត្តិការ ដែលកាលពីឆ្នាំ២០១៣-២០១៨ មានត្រឹមប្រមាណ ៩៧លានដុល្លារអាម៉េរិក ហើយបានកើនរហូតដល់ប្រមាណ ៥៩៣លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ ២០២២-២០២៧។ ការណ៍នេះបង្ហាញនូវទំនាក់ទំនងដ៏ល្អ និងរឹងមាំ ព្រមទាំងមានលក្ខណៈជាយុទ្ធសាស្រ្ត រវាងព្រះរាជាណាចក្រកម្ពុជា និង IFAD៕ ពិសិដ្ឋ CEN
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91