ខណ្ឌដូនពេញ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០១៖២០នាទីទៀបភ្លឺមានករណីផ្ទះអាវុធបង្កឡើងដោយជនសង្ស័យម្នាក់ បណ្តាលឲ្យរងរបួសជនរងគ្រោះចំនួន០៣នាក់ នៅចំណុចបឹងកក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានជិះរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ទឹកប្រាក់ រត់គេចខ្លួនបាត់។
ក្រោយពីទទួលបានព័ត៌មានភ្លាម ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានប្រើវិធានការជំនាញ ស្រាវជ្រាវតាមនីតិវិធី រហូតដល់វេលាម៉ោង១៩៖៣០នាទីនាថ្ងៃដដែល កម្លាំងជំនាញននៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន ឈានដល់នាំខ្លួនបានជនសង្ស័យបានចំនួន១នាក់ ឈ្មោះ ថុល តាំង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីយោធា នាយកដ្ឋានសណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅត្រង់ចំណុចសង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បន្ទាប់ធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់អាវុធខ្លីម៉ាក Glock បាញ់ទៅលើជនរងគ្រោះពិតប្រាកដមែន។ មូលហេតុដោយសារតែយុវជននោះ និងបក្ខពួកជាច្រើននាក់ប៉ុនប៉ងប្លន់ទ្រព្យសម្បត្តិសង្សារបស់ខ្លួន។
មធ្យោបាយ និងវត្ថុតាងដកហូតបានរថយន្តប្រព្រឹត្តបទល្មើស ម៉ាក Nissan (Pick up) ពណ៌ទឹកប្រាក់ និងអាវុធខ្លី ១ដើម ម៉ាក GLOCK។
បច្ចុប្បន្ននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងរៀបចំបញ្ជូនជនសង្ស័យខាងលើ ដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី៕