Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអប់រំ ហាមឃាត់គ្រឹះស្ថានសិក្សារបស់រដ្ឋ បង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងយកមេរៀនដែលបង្រៀនគួរ ទៅចេញវិញ្ញាសាប្រឡងប្រចាំខែ ប្រចាំឆមាស






រាជធានីភ្នំពេញ ÷ ចៀសវាងការដាក់សម្ពាធ និងបង្កឧបសគ្គទៅលើសិស្សក្រីក្រដែលមិនបានរៀនគួរ (រៀនបន្ថែមក្រៅម៉ោង) ប៉ុន្តែបែរជាជួយធ្វើជាស្ពានចម្លងសិស្សក្នុងគ្រួសារអ្នកមានលុយឱ្យទទួលបានភាពងាយៗក្នុងការប្រឡងនោះ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីថ្លែងការណ៍មួយហាមឃាត់គ្រឹះស្ថានសិក្សារបស់រដ្ឋ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងយកមេរៀន ឬលំហាត់បង្រៀនគួរ ទៅធ្វើជាវិញ្ញាសាប្រឡងនោះឡើយ។

សេចក្ដីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ ទទួលបានព័ត៌មានស្ដីពីភាពត្អូញត្អែររបស់មាតា-បិតា អ្នកអាណាព្យាបាលសិស្សមួយចំនួន ពាក់ព័ន្ធនឹងការលំបាក ក្នុងការរ៉ាប់រងចំណាយ លើការរៀនបន្ថែមក្រៅម៉ោង (រៀនគួរ)។ អាណាព្យាបាលសិស្សលើកឡើងថា គ្រូខ្លះ ដើម្បីសម្រួលដល់សិស្សក្នុងគ្រួសារអ្នកមានលុយដែលបានរៀនគួរនោះ ក៏ចេញវិញ្ញាសាប្រឡងប្រចាំខែ ឬប្រចាំឆមាស នូវលំហាត់ ឬខ្លឹមសារ ដូចគ្នាទៅនឹងការបង្រៀនគួរ  ធ្វើដូច្នេះវាងាយសម្រាប់សិទ្ធិដែលមានលទ្ធភាពរៀនគួរ ប៉ុន្តែធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍របស់សិស្សមិនបានរៀនគួរទៅវិញ និងជាពិសេសបង្កើតគម្លាតវិសមភាពយ៉ាងច្រើន សម្រាប់កុមារក្រីក្រ ជួបការលំបាក ដែលគ្មានលទ្ធភាពរៀនគួរបន្ថែម។

សេចក្ដីថ្លែងការណ៍របស់ក្រសួងអប់រំ ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤  បានឱ្យដឹងថា ក្រសួងបានដាក់ចេញនូវវិធានការមួយចំនួនដូចតទៅ ÷

១- គ្រូបង្រៀនត្រូវអនុវត្តតាម កម្រងភារកិច្ចរបស់គ្រូបង្រៀន ដែលគណៈគ្រប់គ្រងសាលារៀន បានរៀបចំដើម្បីធានាឱ្យបាននូវការបង្រៀន និងរៀនប្រកបដោយសមធម៌ និងបរិយាបន្ន ព្រមទាំងប្រកាន់ខ្ជាប់
នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន,

២- គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវរៀបចំ និងអនុវត្តតេស្តស្ដង់ដារ សម្រាប់ការប្រឡងគ្រប់ប្រភេទ និងពង្រឹងការរៀន និងបង្រៀន ដើម្បីលើកកម្ពស់គុណភាពអប់រំ,

៣- គ្រឹះស្ថានសិក្សាសាធារណៈ មិនត្រូវបង្ខិតបង្ខំសិស្សឱ្យរៀនគួរ និងមិនត្រូវយកមេរៀន ឬលំហាត់បង្រៀនគួរ ដើម្បីធ្វើជាវិញ្ញាសាប្រឡងឡើយ,

៤- គ្រឹះស្ថានសិក្សាសាធារណៈ ត្រូវរៀបចំ និងអនុវត្តកម្មវិធីក្រៅម៉ោងសិក្សា ដើម្បីបង្កើនម៉ោងស្វ័យសិក្សា យ៉ាងតិច ២ម៉ោងបន្ថែម,

៥- មាតាបិតាត្រូវយកចិត្តទុកដាក់ត្រួតពិនិត្យ និងលើកទឹកចិត្តឱ្យកូនៗធ្វើស្វ័យសិក្សា និងរៀនសូត្រនៅផ្ទះបន្ថែម។

លើសនេះទៀត ក្រសួងអប់រំ សូមជំរុញដល់អ្នកអាណាព្យាបាល និងគ្រូៗទាំងអស់ ចូលរួមតាមដានសិស្សទាំងអស់គ្នាក្នុងការសិក្សារៀនសូត្រនេះ៕ ពិសិដ្ឋ CEN

×