Saturday, November 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រើប្រាស់សេវាទូរស័ព្ទ និងអ៊ីនធើរណេត មិនទាន់គ្រប់គ្រាន់នៅឡើយ ខណៈប្រតិបត្តិកររបស់ក្រសួងកំពុងសាងសង់ «បង្គោលអង់តែនរួម» បន្ថែមចំនួន ២៩៨បង្គោល






រាជធានីភ្នំពេញ ÷ ការប្រើប្រាស់សេវាទូរស័ព្ទរបស់ប្រជាពលរដ្ឋ ក៏ដូចជា បណ្ដាញអ៊ីនធើរណេត កន្លែងខ្លះ ឬបុរីមួយចំនួន នៅមិនទាន់មានសេវាទូរស័ព្ទពេញលេញចូលទៅដល់ ក៏ដូចជាបណ្ដាញអ៊ីនធើរណេត ព្រោះថា ការប្រើប្រាស់អ៊ីនធើរណេតក្នុងបុរីខ្លះមិនទាន់មានជម្រើសច្រើនសម្រាប់អតិថិជននៅឡើយ ដ្បិតក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបង្កើតក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ ក្នុងរាជធានីភ្នំពេញ ដដែលមានក្រុមការងារប្រតិបត្តិ ៩ក្រុម នៅតាមបុរី និងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញក៏ដោយ។ 

ក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារ របស់ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍ នៅក្នុងរាជធានីភ្នំពេញ ទាំង៩ក្រុម នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងឱ្យដឹងថា រយៈពេលកន្លងមកថ្មីៗនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានខិតខំឆ្លើយតបយ៉ាងខ្លាំងទៅនឹងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងអ៊ីនធើណេតដល់ប្រជាពលរដ្ឋ, ជាក់ស្ដែង ក្រសួងបានខិតខំដំឡើងបង្គោលអង់តែនចែករំលែកសេវា ដើម្បីលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងការធ្វើអាជីវកម្មប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវចំពោះសង្គម ដោយគិតមកដល់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅតាមបុរី បានសាង់សង់ «បង្គោលអង់តែនរួម» ៧៤បង្គោលហើយ។

គួរបញ្ជាក់ផងដែរថា ស្ថានីយអង់តែនដែលស្ថាបនារួចនាពេលកន្លងមក មានចំនួន១៥៧ បានដាក់ឱ្យដំណើរការ ក្នុងនោះ ក្រុមហ៊ុន Cellcard ចំនួន  ៣៧ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ៥៨ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ៦២ស្ថានីយ ដែលប្រតិបត្តិករបានបំពាក់ស្ថានីយអង់តែនតាមការគ្រោងទុក។

ដោយយោងលើតម្រូវការ និងការពង្រីកទំហំនៃការប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ក្រសួងបានដាក់ចេញឱ្យសាងសង់ «បង្គោលអង់តែនរួម» បន្ថែមចំនួន ២៩៨បង្គោល។ ចំណែកស្ថានីយអង់តែនចំនួន ៣២០ បានដាក់ឱ្យដំណើរការ ក្នុងនោះ ក្រុមហ៊ុន Cellcard ចំនួន ២៥ ស្ថានីយ, ក្រុមហ៊ុន Metfone ចំនួន ១០៣ ស្ថានីយ, និងក្រុមហ៊ុន Smart ចំនួន ១៩២ ស្ថានីយ។ ប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយអង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុក។

ទោះជាតាមការពិនិត្យជាក់ស្ដែងប្រជាពលរដ្ឋនៅមានកង្វះខាតក្នុងការប្រើសេវាទូរស័ព្ទ និងអ៊ីនធើរណេតក៏ដោយ ក៏ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារឱ្យបន្តពង្រឹងគុណភាពសេវា ក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយ ក្នុងការផ្គត់ផ្គង់សេវាអ៊ីនធើរណេត និងស្នើសុំកិច្ចសហការពីម្ចាស់បុរី និងទីតាំងអគារខ្ពស់ៗ ក្នុងការជំរុញគុណភាពសេវាឱ្យបានគ្រប់គ្រាន់ទូលំទូលាយ៕ ពិសិដ្ឋ CEN

×