រាជធានីភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការប្រកាសសាលក្រម លើសំុំរឿងឪពុកសម្លាប់កូនប្រុសបង្កើតខ្លួនឯងអាយុទើបតែ២ឆ្នាំ ហើយយកទៅលាក់ទុកលើធ្នើរបន្ទប់ទឹកអស់រយៈពេល៣ថ្ងៃ ទើបរកឃើញសព បង្កការ្យភ្ញាក់ផ្អើលកើតឡើង ដោយសម្រេចដាក់ពន្ធនាគារកំណត់ ៣០ឆ្នាំ និងបើកផ្លូវប្ដឹងឧទ្ធរណ៍តាមច្បាប់កំណត់ ប្រសិនបើមិនសុខចិត្ត។
សូមរំលឹកថា មុនឈានដល់ការសម្រេចចិត្តរបស់តុលាការបែបនេះ គឺឪពុករូបនេះ បានសម្លាប់កូនប្រុសបង្កើតខ្លួនឯងអាយុទើបតែ២ឆ្នាំ ហើយយកសពកូនទៅលាក់ទុកលើធ្នើរក្នុងបន្ទប់ទឹក អស់រយៈពេល ៣ថ្ងៃ ទើបរកឃើញសព បង្កឱ្យការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង ៤ នង២០នាទីរសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង តាមបណ្ដោយផ្លូវ៣១០ ភូមិ១សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
សពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំ សព្វថ្ងៃរស់នៅជាមួយជីដូននឹងម្ដាយមីងក្បែរបន្ទប់កើតហេតុ។ ចំណែកជនដៃដល់មានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់កើតហេតុ។ ប្រពន្ធមានឈ្មោះ ស៊ីម រំដួល អាយុ៤២ឆ្នាំ មុខរបររើសអេតចាយ ប្រើប្រាស់គ្រឿងញៀន។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងរងគ្រោះបានបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយ មីង និងជីដូនខំដើររកច្រើនកន្លែង តែមិនឃើញ រហូតបានបីថ្ងៃ ក៏មានក្លិនស្អុយចំឡែកចេញពីបន្ទប់ទឹក ដោយមានការសង្ស័យមីង និងជីដូន ក៏បានចូលទៅអើតមើលលើធ្នើរបន្ទប់ទឹក ស្រាប់តែប្រទះឃើញជើងសពក្មេងរងគ្រោះទើរនៅលើធ្នើរគ្របក្រណាត់ ក៏ស្ទុះរត់មកក្រៅប្រាប់អ្នកជិតខាងតែម្ដង។
គ្រានោះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុត្រួតពិនិត្យ និងឈានដល់ឃាត់ខ្លួនជនដៃដល់ជាឪពុកបានភ្លាមៗ នាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌបឹងកេងកង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់៕ ពិសិដ្ឋ CEN