រាជធានីភ្នំពេញ ÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការរៀបចំពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រះរាជពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំព្រះវិហារ នៃក្រសួងព័ត៌មាន។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គឺធ្វើឡើងដើម្បីស្នើសុំឱ្យមានការចូលរួមពីគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់រួមជាកម្លាំងគ្នាតែមួយទាំងរដ្ឋ និងឯកជន ពិនិត្យលទ្ធភាពនៃការថតផ្សាយផ្ទាល់ពិធីបុណ្យព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។
ពិធីបុណ្យព្រះសព ដែលធ្វើឡើងដ៏ធំនាពេលខាងមុខនេះ គឺត្រូវមានកិច្ចសហការពីគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ ដើម្បីចែកទីតាំងគ្នាថតនៅពេលដង្ហែតាមបណ្តោយផ្លូវនានាដែលគណៈកម្មាធិការបុណ្យបានរៀបចំ និងថតពីធីថ្វាយព្រះភ្លើងព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ធ្វើយ៉ាងណាថតឱ្យបានគ្រប់ទិដ្ឋភាពសំខាន់ៗ ដើម្បីផ្សព្វផ្សាយឱ្យបានល្អ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ចាប់ពីពេលនេះ គឺត្រូវបន្តរៀបចំផែនការសកម្មភាពឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាឱ្យការថត ផ្សព្វផ្សាយពិធីបុណ្យព្រះសព ប្រព្រឹត្តទៅប្រកបដោយភាពខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាមប្រពៃណីជាតិ ស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា៕ ពិសិដ្ឋ CEN