រាជធានីភ្នំពេញ ÷ លោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញគោលបំណងថា ពេលនេះចង់សិក្សាផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមករវាងមន្ត្រីជំនាញប្រចាំចក្រភពអង់គ្លេស និងកម្ពុជា ពាក់ព័ន្ធនឹងកិច្ចការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មកម្រិតធ្ងន់ ដែលមានអង្គការចាត់តាំង ក្នុងនោះផ្តោតសំខាន់ទៅលើអំពើឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) កំពុងរីកសាយភាយគ្រប់ទីកន្លែង ជាពិសេសនៅតំបន់អាស៊ាន, ហើយថា កម្ពុជាមានជំហរយ៉ាងណា ខណ: នាយឧត្តមសេនីយ៍ ស ថេត បានឆ្លើយតបថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគ្រប់វិធានការដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកឆ្លងដែន អំពើជួញដូរមនុស្ស និងអំពើឧក្រិដ្ឋកម្មផ្សេងៗទៀត។
ការបង្ហាញជំហរបែបនេះរបស់ ឯកអគ្គរាជទូតចក្រភពអង់គ្លេស ធ្វើឡើងក្នុងជំនួបពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងមហាផ្ទៃ ហើយក្នុងនោះ ក៏មានការចូលរួមពី លោក រ៉ូប ក្លាក (Rob Clark) មន្រ្តីសម្របសម្រួលថ្នាក់តំបន់សម្រាប់បណ្ដាញឧក្រិដ្ឋកម្មចាត់តាំង និងធ្ងន់ធ្ងរ (Serious and Organised Crime Network)។
លោក ដូមីនិក វីល្លៀម (Dominic Williams) បានលើកជាសំណួរដោយចង់ដឹងអំពីគោលជំហររបស់នគរបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីសិក្សាផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងពិនិត្យមើលនូវវិស័យណាមួយដែលភាគីអង់គ្លេស អាចជួយបំពេញបន្ថែមគាំទ្រដល់នគបាលជាតិកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធអនឡាញ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានវាយតម្លៃខ្ពស់ចំពោះវត្តមាន ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា និងគណៈប្រតិភូ ដែលបានអញ្ជើញចូលជួបពិភាក្សាការងារ។ ជាការឆ្លើយតប នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ បានបង្ហាញពីគោលជំហររបស់នគរបាលជាតិកម្ពុជា ចំនួន ៤ ចំណុចរួមមាន ៖
១- គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគ្រប់វិធានការដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោកឆ្លងដែន ដែលជាមធ្យោបាយក្នុងការប្រព្រឹត្តអំពើជួញដូរមនុស្ស,
២- ការប្តេជ្ញាចិត្តខ្ពស់របស់សមត្ថកិច្ចនគរបាលជាតិកម្ពុជា គ្រប់លំដាប់ថ្នាក់ក្នុងការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាល,
៣- កិច្ចខិតខំប្រឹងប្រែងរបស់នគរបាលជាតិកម្ពុជា ដែលបានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកឆ្លងដែន និងការជួញដូរមនុស្សបានជាច្រើនករណី ដោយសហការផ្លាស់ប្តូរព័ត៌មានជាមួយដៃគូរសហប្រតិបត្តការ,
៤- នគរបាលជាតិកម្ពុជា ចាត់ទុកអំពើឆបោកតាមប្រព័ន្ធអនឡាញ និងការជួញដូរមនុស្ស ជាបទល្មើសមានហានិភ័យខ្ពស់ ដែលនគរបាលជាតិកម្ពុជាប្តេជ្ញា និងប្រឹងប្រែងបើកកិច្ចសហប្រតិបត្តការទូលំទូលាយជាមួយដៃគូ ដើម្បីធ្វើការបង្ការ ទប់ស្កាត់ និងប្រឆាំងបទល្មើសទាំងនោះឱ្យបានជោគជ័យ៕ ពិសិដ្ឋ CEN
ទំនាក់ទំនង : 0716140005
Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91