ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនា
ព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤នេះបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធសមិទ្ធផលនានា ក្នុងវត្តសិរីសោភា (ហៅវត្តអង្គតាម៉ិញ) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រោមអធិបតីភាព
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ នៅក្នុងបរិវេណវត្តអង្គតាម៉ិញ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖
សមិទ្ធផលដែលយើងសម្ពោធនៅពេលនេះគឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សប្បុរសជននិងពុទ្ធបរិស័ទជិតឆ្ងាយ។ យើងទាំងអស់គ្នាត្រូវចងចាំថា
ការដែលយើងអាចជួបជុំនាំគ្នា កសាងនូវសមិទ្ធផល
នៅក្នុងទីនេះបាន គឺដោយសារយើងរស់នៅក្នុងដំបូលសន្តិភាព ដែលបានផ្ដល់ឱកាសឲ្យយើងជួបជុំគ្នា ធ្វើបុណ្យរួមគ្នាបាន។
ឯកឧត្ដម បានបន្តថា សន្តិភាព ស្ថេរភាពនយោបាយបាននាំឲ្យយើងមានឱកាស ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិឲ្យរីកចម្រើន ជាមួយនឹងការធ្វើឲ្យប្រទេសជាតិមានឈ្មោះបោះសំឡេង នៅលើឆាកអន្តរជាតិ តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលធំៗ ដែលមានទាំងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសមហាអំណាចនៅលើពិភពលោក ក៏បានមកចូលរួមប្រជុំដល់កម្ពុជា ហើយកម្ពុជា រក្សាបាននូវសន្តិសុខពេញលេញ សម្រាប់ថ្នាក់ដឹកនាំទាំងនោះផងដែរ។ កត្តាសុខសន្តិភាពទាំងនេះ គឺបានមកពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដោយសម្ដេចបានប្ដូរជីវិតចំពោះជាតិតាំងពីឆ្នាំ ១៩៧៧ រហូតទទួលបានសន្តិភាពពេញលេញនៅទូទាំងប្រទេសនៅឆ្នាំ ១៩៩៨។
ក្នុងឱកាសនោះដែរ ឯកឧត្តមហ៊ុន ម៉ានី ក៏បានសូមឲ្យបងប្អូនប្រជាពលរដ្ឋ មហាជន សិស្ស និស្សិតទាំងអស់ រួមគ្នា គាំទ្រ ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននិងសម្ដេចបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឲ្យគម្រោងនេះ សម្រេចបានជោគជ័យសម្រាប់ជាផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាយើង។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងពីប្រវត្តិនៃវត្តអង្គតាម៉ិញ ដោយឯកឧត្ដមបញ្ជាក់ថា៖ ទីតាំងវត្តអង្គតាមិញ ពីមុនជា
វាលស្រែ ដែលម្ចាស់ដីស្រែនោះ ឈ្មោះលោកតាម៉ិញ។ តាម៉ិញគាត់បានប្រគល់ដីនេះជូនព្រះសង្ឃហើយព្រះសង្ឃក៏បានសម្រេចដាក់ឈ្មោះវត្តនេះជាអង្គតាម៉ិញ ក្នុងឆ្នាំ១៨៩៨។ បច្ចុប្បន្ន វត្តអង្គតាម៉ិញ
បានប្រើឈ្មោះមួយទៀត គឺវត្តគោកចំបក់។ ការដាក់ឈ្មោះវត្តគោកចំបក់នេះ ដោយសារទីវត្តអារាមនេះមានដើមចំបក់ដ៏ធំមួយ។ វត្តអង្គមិញ គិតមកដល់ពេលនេះមានអាយុកាល១២៦ឆ្នាំហើយ ជាវត្តមាន
បារមីស័កសិទ្ធដែលធ្វើអោយពុទ្ធបរិស័ទនិងប្រជាពលរដ្ឋមានជំនឿ ជឿងជាក់យ៉ាងខ្លាំងផងដែរ។
ឯកឧត្ដមបានបន្ថែមទៀតថា៖ ចំពោះសមិទ្ធផលដែលសម្ពោធដាក់ឲ្យប្រើប្រាស់នានាពេលនេះ មានដូចជាការកសាង ប្រាសាទ ការពង្រីកសាលាធម្មសភា ការកសាងព្រះពុទ្ធរូបអង្គធំកម្ពស់១៥ ម៉ែត្រមួយអង្គជាមួយនឹងព្រះពុទ្ធរូបតូចៗចំនួន១៤អង្គ គំនូរ និងសមិទ្ធផលផ្សេងៗទៀត ដែលសរុបជាទៅប្រាក់ប្រមាណ៣០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕