ភ្នំពេញ ៖សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញការឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ។ កម្លាំងនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ បានចាប់ខ្លួនលោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ពេលចុះពីលើយន្តហោះ ក្រោយបង្ហោះតាមបណ្តាញសង្គម នាំឲ្យពលរដ្ឋយល់ច្រឡំ និងបង្កឲ្យមានភាពវឹកវរក្នុងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មាន ឱ្យដឹងថា ករណីឃាត់ខ្លួនឈ្មោះ ស៊ុន ចន្ធី សមត្ថកិច្ចអនុវត្តដោយទទួលបានការអនុញ្ញាត ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាឱ្យចូលខ្លួន ចុះថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ពាក់ព័ន្ធសំណុំរឿងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ ហើយនៅវេលាម៉ោង ០៩៖០០នាទី ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុន ចន្ធី ភេទប្រុស អាយុ ៤៤ឆ្នាំ ប្រធានគណបក្សកម្លាំងជាតិ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលបានប្រព្រឹត្តតាមរយៈបង្ហោះផ្សព្វផ្សាយ ព័ត៌មានលើបណ្តាញសង្គម ក្នុងចេតនាញុះញង់បំភ្លៃព័ត៌មានមិនពិត នាំឱ្យប្រជាពលរដ្ឋមានការយល់ច្រឡំបង្កឱ្យ មានភាពវឹកវរក្នុងសង្គម។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី កសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ៕