ក្រចេះ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដែលមានប្រវែង១ ៧៦១ ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ជាមួយនឹងផ្លូវតភ្ជាប់ និងផ្លូវខ្នែង ទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ ដែលមានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៣៦,២៤% ខណៈដែលស្ពាន «ឆ្លងកាត់ទន្លេមេគង្គ-ក្រចេះ» សម្រេចបាន ៤៩,១៨% ហើយ ដោយគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៤ នេះ។
ស្ពានឆ្លងកាត់ទន្លេមេគង្គនេះ បានប្រើប្រាស់ឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន និងបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ហើយគម្រោងទាំងមូលគ្រោងនឹងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ៕