Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួបពិភាក្សាការងាររវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)

spot_img

ទីក្រុងតូក្យូ, ជប៉ុន៖ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមជំនួបជាមួយ លោក Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការចំពោះមុខរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង JETRO ក្នុងការទាក់ទាញ និងជំរុញវិនិយោគនៅកម្ពុជា។

មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះ JETRO សម្រាប់ការជួយគាំទ្រដល់សកម្មភាពជំរុញ និងទាក់ទាញវិនិយោគនានាដែលផ្តួចផ្តើមឡើងដោយកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីមិត្តអំពីវឌ្ឍនភាពនៃការដោះស្រាយបញ្ហានានាដែលលើកឡើងដោយក្រុមហ៊ុនជប៉ុនក្នុងអំឡុងកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុនក្រោមក្របខណ្ឌនៃកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ។ ជាកិច្ចបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានស្នើភាគីមិត្តឱ្យបន្តផ្តល់កិច្ចសហការបន្ថែមសំដៅពន្លាតវិសាលភាពនៃកិច្ចសហប្រតិបត្តិការលើកិច្ចការវិនិយោគឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយ ជាពិសេសការចែករំលែកបទពិសោធអំពីការរៀបចំមជ្ឈមណ្ឌលផ្តល់កិច្ចសម្រួលធុរកិច្ចដែល JETRO បានរៀបចំយ៉ាងជោគជ័យ សំដៅធ្វើឱ្យប្រសើរឡើងនូវគុណភាពនៃការផ្តល់កិច្ចសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឱ្យកាន់តែល្អមួយកម្រិតទៀត។

ជាការឆ្លើយតប លោកប្រធាន JETRO បានសម្តែងនូវសេចក្តីសាទរសម្រាប់ភាពជោគជ័យនៃដំណើរបេសកកម្មគោះទ្វារវិនិយោគិនដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីមកកាន់ប្រទេសជប៉ុន។ ក្នុងស្មារតីនេះ លោកប្រធានបានឯកភាពជាគោលការណ៍តាមសំណើរបស់ភាគីកម្ពុជា និងបង្ហាញក្តីសង្ឃឹមថាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គម្រោងវិនិយោគជប៉ុនដែលកំពុងមានអត្ថិភាពនៅកម្ពុជានឹងបន្តពង្រីកខ្លួនជាលំដាប់ ហើយវិនិយោគិនជប៉ុនដែលមានបំណងពង្រីកទីផ្សាររបស់ខ្លួននឹងជ្រើសយកកម្ពុជា ជាទីតាំងសម្រាប់ការបណ្តាក់ទុនវិនិយោគនាពេលអនាគត។

spot_img
×