រាជធានីភ្នំពេញ ÷ បុគ្គល៣នាក់ ដែលជំនាញខាងរត់ការនាំមនុស្សចូលបម្រើការក្នុងក្របខ័ណ្ឌរដ្ឋ ពេលនេះអស់លក្ខណ៍ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឃាត់ខ្លួន ក្នុងនោះមានគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ បញ្ជូនទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយពួកគេប្រព្រឹត្តរត់ការនាំមនុស្សចូលបម្រើការក្នុងក្របខ័ណ្ឌរដ្ឋ ដោយមានធ្វើទាំងសញ្ញាប័ត្រក្លែងមួយកំប្លេតែម្ដង។
ក្រុមជនប្រព្រឹត្តដូចខាងលើ រួមមាន ៖
១- ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក,
២- ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់,
៣- ឈ្មោះ ហ៊ុន ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ។
ជនសង្ស័យទាំង៣នាក់នេះ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខ័ណ្ឌ ដោយខុសច្បាប់តាំងពីឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ ក្នុងនោះ មានសកម្មភាពដូចជា ការរត់ការចូលក្របខ័ណ្ឌគ្រូបង្រៀន និងក្របខ័ណ្ឌក្រសួងផ្សេងៗទៀត, រត់ការទទួលធ្វើសញ្ញាប័ត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាប័ត្របាក់ឌុប សញ្ញាប័ត្របរិញ្ញាប័ត្រ និងសញ្ញាប័ត្របរិញ្ញាប័ត្រជាន់ខ្ពស់ ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារអាមេរិក។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ ក៏យកតម្លៃចាប់ពី ១១.០០០ដុល្លារអាមេរិក ដល់ ១៦.០០០ដុល្លារអាមេរិក តាមប្រភេទក្របខ័ណ្ឌផ្សេងគ្នា៕ ពិសិដ្ឋ CEN

