Monday, May 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋប្ដឹងអតីតចៅក្រម ម៉ៅ ស៊ីណា ទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពីបទ ប្រព្រឹត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌ក្នុងសង្គម

spot_img






រាជធានីភ្នំពេញ ÷ ចៅក្រមក៏ដោយ ព្រះរាជអាជ្ញាក៏ដោយ ឱ្យតែអនុវត្តនីតិវិធីច្បាប់អយុត្តិធម៌ពេកចំពោះពលរដ្ឋ នឹងរងនូវការបណ្ដឹងមិនខាន មិនខុសទេ ដូចពាក្យចាស់ពោលថា ទីណាមានការជិះជាន់ គាបសង្កត់ អយុត្តិធម៌ ទីនោះមានការរើបង្រះ, ជាក់ស្ដែង ពលរដ្ឋឈ្មោះ អ៊ុង សួនរស្មី ហៅ ឡាច ម៉េងលី ស្នាក់នៅផ្ទះលេខ៩E0 ផ្លូវ៤៦៦ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បានដាក់ពាក្យប្តឹងលោក ម៉ៅ ស៊ីណា ជាអតីតចៅក្រមម្នាក់នៅសាលាដំបូងរាជធានីភ្នំពញ និងបច្ចុប្បន្នជាព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ទៅកាន់ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោយចោទថា អតីតចៅក្រមម្នាក់នេះ កាត់ក្ដីសំណុំរឿងរបស់ខ្លួនមានភាពលម្អៀងទៅលើភាគីម្ខាងទៀត។ 

យោងតាមពាក្យបណ្តឹងរបស់ លោក អ៊ុង សួនរស្មី មានខ្លឹមសារថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឈ្មោះ ហេង ពៅ ដែលជាដើមចោទបានប្តឹងលោកទៅសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់មកដើមចោទដដែលនេះបានដាក់ពាក្យសុំកែតម្រូវពាក្យបណ្តឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០, ចំណែករូបលោកឯណេះ បានដាក់ពាក្យបណ្តឹងតបនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១។

សំណុំរឿងនេះ ត្រូវបានប្រធានសាលាដំបូងរាជធានីភ្នំពេញ ប្រគល់សិទ្ធិអំណាចឱ្យចៅក្រមឈ្មោះ ម៉ៅ ស៊ីណា ជាចៅក្រមទទួលបន្ទុកក្នុងសំណុំរឿងលេខ ១៤៩៧ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។ នៅពេលដំណើរការរឿងក្តី ចៅក្រម ម៉ៅ ស៊ីណា រូបនេះ បានមានទំនាក់ទំនងជាមួយដើមចោទឈ្មោះ ហេង ពៅ យ៉ាងជិតស្និទ្ធិ ហើយពួកគេទាំង២នាក់ បានលេងល្បែងតុងទីនជាមួយគ្នា។

ពេលដឹងថា ចៅក្រម ម៉ៅ ស៊ីណា និងដើមបណ្តឹងបណ្តឹងមានទំនាក់ទំនងគ្នាជិតស្និទ្ធិបែបនេះ លោកបានដាក់ពាក្យបណ្តឹងដិតចិត្ត (សុំដូរចៅក្រម) ទៅលើចៅក្រមឈ្មោះ ម៉ៅ ស៊ីណា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដោយបានភ្ជាប់ភស្តុងតាងមួយចំនួន ប៉ុន្តែត្រូវបានសាលាដំបូងរាជធានីភ្នំពញ ច្រានចោលពាក្យបណ្តឹងលោកនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១។ បន្ទាប់មកសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោកចៅក្រម ម៉ៅ ស៊ីណា ទទួលបន្ទុកសំណុំរឿងក្តីលោក បានចេញសាលក្រមលេខ ៤០៧ «ព» ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ដោយសម្រេចឱ្យលោកចាញ់ក្តីដោយអយុត្តិធម៌។

លោក អ៊ុង សួនរស្មី បន្តថា ដោយសារតែសាលក្រមនេះបានទាញហេតុផលដោយមិនមានវត្តមានលោក និងមេធាវី, លោកក៏បានដាក់ពាក្យបណ្តឹងទាស់នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ ទៅសាលាដំបូងរាជធានីភ្នំពេ។ ទោះបីជាមានពាក្យ បណ្តឹងទាស់ក៏ដោយ ក៏ដំណើររឿងក្តីបណ្តឹងទាស់នេះ មិនត្រូវបានដំណើរការនីតិវិធីទេ ហើយបែរជាឲ្យលោកប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមលេខ ៤០៧ «ព» ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ទៅវិញ។

បន្ទាប់មកសាលាឧទ្ធរណ៍ បានចេញសាលដីកា ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ដោយតម្កល់ទុកសាលក្រមលេខ ៤០៧ «ព» ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញទុកជាការដដែល។ បន្ទាប់មក តុលាការកំពូលក៏បានសម្រេចតម្កល់សាលក្រមសាលាឧទ្ធរណ៍ទុកជាបានការដដែល។ ចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ និងតុលាការកំពូល ដោយសារតែតុលាការទាំងពីរថ្នាក់ បានផ្អែកសាលក្រមលេខ ៤០៧ «ព» ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ , ប៉ុន្តែហេតុអ្វីសាលាដំបូងរាជធានីភ្នំពេញ មិនយកចិត្តទុកដាក់ចំពោះបណ្ដឹងដិតចិត្ត និងបណ្ដឹងទាស់របស់លោក?! លោកមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ។ ហេតុដូច្នេះហើយ ទើបពេលនេះ លោកដាក់ពាក្យបណ្ដឹងគោរពជូន ឯកឧត្តមឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជួយធ្វើអធិការកិច្ច និងអន្តរាគមន៍រកការពិត ចំពោះបុគ្គល ម៉ៅស៊ីណា អតីតចៅក្រម ប្រព្រឹត្តខុសក្រមសីលធម៌ និងវិជ្ជាជីវៈ ដើម្បីធ្វើយ៉ាងណាឱ្យពលរដ្ឋមានជំនឿចិត្តលើប្រព័ន្ធយុត្តិធម៌ក្នុងសង្គម៕ ពិសិដ្ឋ CEN

spot_img
×