Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ស៊ីន ចាន់សិរីវុត្ថា ÷ ការរិះគន់លើអាកាសយានដ្ឋាននៅកម្ពុជា តែងតែកើតមាន ប៉ុន្តែអ្វីសំខាន់យើងសុទ្ធតែមានការវាស់វែង និងកែលម្អ






រាជធានីភ្នំពេញ ÷ ឆ្លើយតបនឹងមតិហាជនមួយចំនួនដែលលើកឡើងថា អាកាសយានដ្ឋាននៅកម្ពុជា មានលក្ខណៈមិនទាន់ល្អ ដោយវាតូច និងការបម្រើសេវាយឺត ជាដើម, លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងថា  ជាការពិតទោះជាយើងចង់ជួប ឬមិនចង់ជួប ក៏យើងចៀសមិនផុតនោះដែរអំពីការរិះគន់ផ្សេងៗ នេះប្រៀបដូចជាសម្លមួយឆ្នាំមានអ្នកទទួលទានច្រើននាក់ ហើយទទួលបានរសជាតិខុសៗគ្នា។

លោក ស៊ីន ចាន់សិរីវុត្ថា បានថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលថ្មីៗនេះថា ជាទូទៅអកាសយានដ្ឋាននីមួយៗសុទ្ធតែមានសូចនាករ សម្រាប់ការវាសវែងអំពីលក្ខណៈស្តង់ដារ រួមមាន ទំហំ ភាពទំនើប បច្ចេកទេស បរិស្ថាន និងការបម្រើសេវាផ្សេងៗ, ជាការពិតអ្នកណាក៏ចង់បានអ្វីៗឱ្យល្អប្រសើរ និងលេចមុខលេចមាត់លើឆាកអន្តរជាតិដែរ បើមានមតិរិះគន់ ហើយពិនិត្យទៅ យើងពិតជាមានចំណុចខ្វះខាតមែន គឺយើងបំពេញបន្ថែមទៅ ជារឿងល្អហើយ, ទាក់ទងនឹងចំនួនអ្នកដំណើរវិញ អាចថា រយៈពេល ៣ឆ្នាំទៀត ព្រលានយន្តហោះនៅកម្ពុជានឹងមានភាពសកម្មឡើងវិញដូចមុនឆ្នាំ២០១៩។ 

អាកាសយានដ្ឋានអន្ដរជាតិនៅកម្ពុជា យើងធ្លាប់វាស់វែងមុនពេលជំងឺកូវីដ-១៩ឃើញថា ស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ (Top 10) នេះជាការវាយតម្លៃរបស់ក្រុមប្រឹក្សាអាកាសយានដ្ឋានអន្ដរជាតិ (ACI) បានវាយតម្លៃថា អាកាសយានដ្ឋាននៅកម្ពុជា ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៨ ក្នុងអាស៊ីប៉ាស៊ីហ្វិច ហើយចំពោះការវាយតម្លៃនេះ គឺអនុវត្តន៍លើគោលនយោបាយបរិស្ថាន, និងកំណើនផ្នែកដឹកជញ្ជូនផ្លូវអាកាស។ ដើម្បីឱ្យវិស័យអាកាសចរណ៍ដំណើរការកាន់តែល្អប្រសើរ អាកាសយានដ្ឋានអន្ដរជាតិ កម្ពុជា បានសហការយ៉ាងស្អិតរមួតជាមួយនឹងបណ្ដាក្រុមហ៊ុនជាច្រើនដើម្បីធានាឱ្យបាននូវអនុលោមបទបញ្ញត្តិ ទាក់ទងនឹងសន្ដិសុខសុវត្ថិភាពអ្នកដំណើរ និងការផ្ដល់សេវាកម្មដល់អ្នកដំណើរ។

ទាក់ទងនឹងភ្ញៀវទេសចរ ក៏ដូចជាអ្នកដំណើរផ្លូវឱកាស លោក ស៊ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា រយៈពេល៣ឆ្នាំទៅមុខទៀត ពោលគឺ ក្នុងឆ្នាំ២០២៧ ទើបវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់កម្ពុជា អាចនឹងងើបឡើងវិញ ១០០ភាគរយ ដូចទៅនឹងឆ្នាំ២០១៩។

សម្រាប់ប្រទេសកម្ពុជា ពីមុនសមាគមដឹកជញ្ជូនអន្ដរជាតិ ធ្លាប់ធ្វើការព្យាករណ៍ និងសន្និដ្ឋានថា ការងើបឡើងវិញសម្រាប់អ្នកដំណើរផ្លូវអាកាស១០០ភាគរយនោះ គឺនឹងកើតឡើងបន្ទាប់ពីជំងឺកូវីដ-១៩បញ្ចប់ទៅ នៅក្នុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ ប៉ុន្ដែបន្ទាប់ពីធ្វើការពិនិត្យឡើងវិញ ដោយសារមានវិបត្ដិផ្សេងៗកើតឡើងផ្ទួនៗគ្នានៅក្នុងពិភពលោកនោះ គឺមិនដូចការរំពឹងទុកបានទេ, តាមការព្យាករណ៍ថ្មី របស់សមាគមដឹកជញ្ជូនអន្ដរជាតិ បង្ហាញថា កំណើនអ្នកដំណើរផ្លូវអាកាសប្រទេសកម្ពុជា នឹងងើបឡើងវិញ ស្មើឆ្នាំ២០១៩ នៅក្នុងឆ្នាំ២០២៧ខាងមុខ៕ ពិសិដ្ឋ CEN

×