ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញដីកាសម្រេចឃុំខ្លួនគ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ដាក់ពន្ធនាគារហើយ។
បើតាមលោក អ៉ី រិន អ្នកនាំពាក្យ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា សម្រាប់ជនត្រូវចោទទាំង៣នាក់ ម្នាក់ត្រូវបានឃុំខ្លួននៅពន្ធនាគារ PJ, ម្នាក់នៅពន្ធនាគារ «ម១» និងម្នាក់ទៀតដែលជាស្រ្តីត្រូវបានឃុំខ្លួននៅពន្ធនាគារ «ម២»។
សូមបញ្ជាក់ថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សុក កែវបណ្ឌិត បានសម្រេចចោទប្រកាន់ជនទាំង៣នាក់ ពីបទរំលោភអំណាច តាមបញ្ញត្តិមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធនឹងករណីរត់ការយកមនុស្សចូលក្របខណ្ឌគ្រូបង្រៀន និងតាមក្រសួងស្ថាប័នមួយចំនួនទៀត។
ជនសង្ស័យ៣នាក់នោះ រួមមាន៖
១៖ ឈ្មោះ នង រុន ភេទប្រុស អាយុ៣៨ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យសុខអានព្រៃសណ្តែក
២៖ ឈ្មោះ ស៊ុន ពេជ្រសុមាលី ភេទស្រី អាយុ៤៣ឆ្នាំ ជាគ្រូបង្រៀនសាលាបឋមសិក្សាធន់មន់
៣៖ ឈ្មោះ ហ៊ុយ ពិសិដ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍ជនបទ នៃក្រសួងផែនការ ត្រូវបានបញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។
ជនសង្ស័យទាំង៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រោយពួកគេត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរត់ការចូលក្របខណ្ឌ។
តាមរបាយការណ៍ ACU បានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយរកឃើញថា បានសហការគ្នារត់ការបញ្ចូលចូលក្របខណ្ឌ ដោយខុសច្បាប់តាំងពីឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤ ក្នុងនោះមានសកម្មភាពដូចជា ការរត់ការចូលក្របខណ្ឌរដ្ឋ ការរត់ការចូលក្របខណ្ឌគ្រូបង្រៀន និងក្របខណ្ឌក្រសួងផ្សេងៗទៀត ការទទួលធ្វើសញ្ញាបត្រក្លែងគ្រប់ប្រភេទ ដូចជា សញ្ញាបត្របាក់ឌុប សញ្ញាបត្របរិញ្ញាបត្រ និងសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ជាដើម ក្នុងតម្លៃចាប់ពី ៤៥០ដុល្លារអាមេរិក ដល់ ១.៥០០ដុល្លារអាមេរិក។ ចំពោះការរត់ការចូលក្របខណ្ឌរដ្ឋវិញ ក៏យកតម្លៃចាប់ពី ១១.០០០ដុល្លារអាមេរិក ដល់ ១៦.០០០ដុល្លារអាមេរិក តាមប្រភេទក្របខណ្ឌផ្សេងៗគ្នា៕ព្រះរាជអាជ្ញា សម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការម្នាក់ពីបទរំលោភអំណាចក្រោយ ករណីរត់ការយកមនុស្សចូលក្របខណ្ឌ៕