រាជធានីភ្នំពេញ ÷ ដោយក្ដីបារម្ភពីការប្រកួតប្រជែងពាណិជ្ជកម្ម មិនយុត្តិធម៌ មិនស្មើភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការ ” សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ” និងពិសាអាហារសាមគ្គី ដោយលើកឡើងថា ការជំរុញកំណើនសេដ្ឋកិច្ច ការធ្វើឱ្យប្រសើរឡើងការងារធុរកិច្ច គឺទាល់តែវិស័យឯកជនចូលរួមជាមួយរាជរដ្ឋាភិបាល ទើបទៅរួច, ដោយត្រូវរួមគ្នាពង្រឹងអនុលោមភាព មានន័យថា គ្រប់គ្នាត្រូវស្រុះគ្នាអនុវត្តទៅតាមគោលការណ៍ដែលយើងបានឯកភាពគ្នា ដើម្បីឱ្យយើងប្រកួតប្រជែងមិនហត់ អាចធ្វើផែនការដោយងាយស្រួល បង្កើតភាពទុកចិត្តរវាងរដ្ឋ និងរដ្ឋ រវាងវិស័យឯកជន និងវិស័យឯកជន។
ពិធីចេញដំណើរ នៃសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលធ្វើឡើងនា រសៀលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញថា ដើម្បីធានាបាននូវអនុលោមភាពនេះ ក៏ទាមទារឱ្យមានការចូលរួមយ៉ាងស្អិតរមួតរវាងវិស័យឯកជន ជាមួយរាជរដ្ឋាភិបាល សំដៅបង្កើតបាននូវភាពជឿទុកចិត្តគ្នាទៅវិញទៅមក ទាំងវិស័យឯកជន និងវិស័យឯក ទាំងស្ថាប័នរដ្ឋ ជាមួយស្ថាប័នរដ្ឋ។ សម្រាប់សមាគមដែលត្រូវបានបង្កើតឡើងនាពេលនេះ ស្របពេលដែលយើងបានដាក់ចេញគោលការណ៍រួមហើយនោះ គឺគ្រប់សមាជិកទាំងអស់ត្រូវតែអនុវត្តឱ្យបានព្រមៗគ្នា និងត្រឹមត្រូវតាមអ្វីដែលបានកំណត់ ដើម្បីធានានូវនិរន្ដរភាពរបស់សមាគម ព្រោះបើមិនដូច្នេះទេ សមាគមនោះនឹងបែកបាក់ជាក់ជាមិនខានឡើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត លាតត្រដាងថា ប្រសិនបើសមាគមមួយ គ្រប់សមាជិកទាំងអស់ អនុវត្តតាមអនុលោមភាពព្រមៗគ្នា នោះអ្នកដែលចូលតាមក្រោយក៏ងាយស្រួលក្នុងការបំពេញកិច្ចការងារ ដោយហេតុថា មានបទដ្ឋានមួយច្បាស់លាស់។ ការគោរពអនុលោមភាព ប្រៀបដូចជាការគោរពច្បាប់ចរាចរណ៍ ដើម្បីសម្រួលដល់ការធ្វើដំណើរបានទាំងអស់គ្នា ធានាមិនឱ្យមានគ្រោះថ្នាក់ចរាចរណ៍។ ការអនុវត្តបែបនេះ គឺដើម្បីធានានិរន្ដរភាព នៃការធ្វើធុរកិច្ច ជំរុញកំណើនសេដ្ឋកិច្ច មិនមែនស្ថាប័នរដ្ឋចាំតែចាប់កំហុសនោះទេ ពោលគឺ ស្ថាប័នរដ្ឋត្រូវតែមានតួនាទីគាំទ្រពាណិជ្ជករ អ្នកជំនួញ វិនិយោគិន គ្រប់ស្ថានភាព ដើម្បីឱ្យពួកគេដើរលើកបន្ទាត់ច្បាប់មួយយុត្តិធម៌ ប្រកបដោយបរិយាប័ន្ន៕ ពិសិដ្ឋ CEN

















