Friday, November 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ជុំទី១»

នៅព្រឹក ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រឡងប្រជែង «អ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ជុំទី១» ខេត្តសៀមរាប។

ក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នេះជាលើកទី១ ដែលក្រសួងកសិកម្មរៀបចំឱ្យមានការប្រឡងប្រជែងសិប្បករកែច្នៃគ្រាប់ស្វាយចន្ទី ក្នុងគោលដៅគាំទ្រឱ្យការផលិត កែច្នៃកាន់តែមានគុណភាព និងរីកចម្រើនក្នុងទីផ្សារ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានពន្យល់អំពីតម្លៃគ្រាប់ស្វាយចន្ទី ដែលអាចមានការប្រែប្រួលអាស្រ័យគុណភាព និងបរិមាណនៃការផ្គត់ផ្គង់។ ដូច្នេះអ្វីដែលត្រូវធ្វើ គឺពិនិត្យកែលម្អខ្សែច្រវាក់ផលិតកម្ម ដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ និងរក្សាស្ថិរភាពតម្លៃទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់សិប្បករកែច្នៃស្វាយចន្ទី ឱ្យរៀបចំផែនការកែច្នៃគ្រាប់ស្វាយចន្ទីឱ្យបានច្បាស់លាស់ មានកិច្ចសន្យាទីផ្សារ ដើម្បីទទួលបានទំនុកចិត្ត ការគាំទ្របន្ថែមពីដៃគូសហការ ក៏ដូចជាការផ្តល់កម្ចី ដើម្បីពង្រីកអាជីវកម្មជាដើម។ ទន្ទឹមនឹងនេះដែរ សិប្បករត្រូវពិនិត្យលទ្ធភាពក្នុងការប្រមូលទិញគ្រាប់ស្វាយចន្ទី មកសម្ងួត និងស្តុកទុក ដើម្បីធានាស្ថិរភាពនៃការផ្គត់ផ្គង់ពេញមួយឆ្នាំ ក៏ដូចជាតម្លៃទីផ្សារល្អផងដែរ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី របៀបកែច្នៃបច្ចុប្បន្ន គឺស្ថិតក្នុងកម្រិតសិប្បកម្មនៅឡើយ ដូច្នេះត្រូវពង្រឹងសមត្ថភាព ដើម្បីឈានដល់ការចូលរួមប្រឡងប្រជែងជាមួយប្រទេសនានាពេលអនាគត ពិសេសអាចមានលទ្ធភាពកែច្នៃគ្រាប់ស្វាយចន្ទីទ្រង់ទ្រាយធំ។

សូមជម្រាបជូនថា កម្មវិធីប្រឡងប្រជែងអ្នកកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយ ស្វែងរកសហគ្រាសកែច្នៃផលិតផលគ្រាប់ស្វាយចន្ទីឆ្នើមបំផុត និងធ្វើការជំរុញ លើកកម្ពស់ការអភិវឌ្ឍវិស័យស្វាយចន្ទី តាមរយៈយន្តការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា បច្ចេកទេសកែច្នៃគ្រាប់ស្វាយចន្ទី ការវិភាគសេដ្ឋកិច្ច ការប្រកួតប្រជែងទីផ្សារ និងការបន្ថែមរសជាតិលើផលិតផលគ្រាប់ស្វាយចន្ទី។ ការប្រឡងប្រជែង នេះមានសិប្បករចូលរួមចំនួន ២០រូប ហើយដំណើរការនៃការជ្រើសរើសគឺមាន ៣ជុំ ដើម្បីសំរ៉ាំងអ្នកកែច្នៃឆ្នើមចំនួន ៣រូបចុងក្រោយ៕

×