ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញនៅយប់ថ្ងៃទី11ខែឧសភាឆ្នាំ2024 បានមានប្រសាសន៍ថា” ខ្ញុំសូមអរគុណច្រើន ចំពោះប្អូនស្រីទាំងពីរនាក់ដែលបានមកដល់ ស្នងការដ្ឋ្នាននគរបាលរាជធានីមកដាក់ពាក្យបណ្ដឹងតាមការអញ្ជើញរបស់ខ្ញុំដែលបង្ហោះតាមផេក!ម្យ៉ាងក៌អរគុណប្អូនស្រីដែលក្លែងដើរតួជានគរបាលនិងថាជាកូនចៅខ្ញុំដើម្បីដើរខ្ចីលុយគេបានចូលសារភាពនៅស្នងការដ្ឋាននគរបាលរាជធានីផងដែរដោយយល់ដឹងកំហុសរបស់ខ្លួន ។
នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលេខ១១បេ ផ្លូវ០១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។
ក្រោយការអំពាវនាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ រួមមាន៖
ទី១៖ឈ្មោះ ថៅ បូរី ភេទស្រី មានទីលំនៅ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរ បោះដុំបន្លែ និងម្ជូរនៅផ្សារព្រែកព្នៅ ទំនាក់ទំនងជាមួយជនល្មេីស រកសុីក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ២០១៨ ជនល្មេីសបានខ្ចីលុយចំនួន ៤,០០០ដុល្លារ កាលពីថ្ងៃទី ០៣ ខែ៥ ឆ្នាំ២០២១ ។
ទី២ ៖ឈ្មោះ លី ពុធសិលា ភេទស្រី មានទីលំនៅ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ មុខរបរលក់បាយក្នុងផ្សារព្រែកព្នៅ ទំនាក់ទំនង ជាមួយជនល្មេីសស្គាល់គ្នាក្នុងផ្សារ រកសុីជាមួយគ្នា ចាប់ពីខែ០៥ ឆ្នាំ២០២៣ បានខ្ចីលុយជនរងគ្រោះចំនួន ២១,២០០ដុល្លារ។
ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ទៀតថា បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការតាមនីតិវិធី ទាក់ទិនករណីក្លែងជានគរបាល និងបន្លំជាកូនចៅរបស់លោក ព្រមទាំងករណីឆបោកប្រាក់ ហើយបច្ចុប្បន្ន កំពុងកសាង សំណុំរឿងបញ្ជូនទៅតុលាការហើយ ។
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសូមជម្រាបជូនសាធារណជនឲ្យបានជ្រាបថា: ក្រោយឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ថាជាកូនចៅរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋអះអាងចោទប្រកាន់ថា បានចាញ់បោកលុយកាក់ទៅលើស្រ្តីនេះអស់ជាច្រើននោះ ។
នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤សមត្ថកិច្ចបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវគឺស្ដ្រីក្នុងរូបភាពជានគរបាលនេះ គឺគ្រងឯកសណ្ឋានក្លែងបន្លំជានគរបាល គឺការពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះស៊ុន ស៊ីន នៅលើផ្លាកឈ្មោះជាមនុស្សប្រុស បម្រើការងារនៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខ៨៦៣៤៣ ភេទប្រុស ជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ឯកឧត្តមស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរឺនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕