ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានគាំទ្រចំពោះការសហការវិនិយោគ រវាងសហគមន៍អឺរ៉ុប និងក្រុមហ៊ុនអង្ករកសិកម្មរុងរឿងចំកាត់ លើវិស័យកសិកម្ម នៅកម្ពុជា ជាពិសេសក្រុមហ៊ុន ត្រូវបន្តជួយជំរុញផលិតកម្មពូជស្រូវ សុទ្ធល្អ ឆ្លើយតបតាមទម្រូវការទីផ្សារ ធ្វើទំនើបកម្មផលិតកម្មដំណាំស្រូវ លើកស្ទួយកម្រិតជីវភាពប្រជាកសិករ តាមរយៈបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក ជីវ អានុសន នាយកក្រុមហ៊ុនអង្ករកសិកម្មរុងរឿងចំកាត់ និងសហការី ចូលលជួបសម្តែងការគួរសម និងពិភាក្សាអំពីគម្រោងវិនិយោគទុន ជាមួយសហគមន៍អឺរ៉ុប លើវិស័យកសិកម្ម ក្រោមកិច្ចសហការជាមួយ ក្រុមហ៊ុនអង្ករកសិកម្មរុងរឿងចំកាត់។
លោកនាយកក្រុមហ៊ុន បានជម្រាបជូនលោករដ្ឋមន្ត្រីថា រហូតមកទល់បច្ចុប្បន្នក្រុមហ៊ុន បានវិនិយោគលើដំណាំស្រូវ និងកែច្នៃអង្កក្នុងខេត្តគោលដៅចំនួន៤ គឺខេត្តកំពង់ស្ពី កំពត តាកែវ និងខេត្តកណ្តាល ដោយអនុវត្តផលិតកម្មកសិកម្ម តាមកិច្ចសន្យាជាមួយកសិករជាង ២ម៉ឺនគ្រួសារផលិតស្រូវចំណី និងជាង ២ពាន់គ្រួសារទៀត ជាអ្នកផលិតពូជ តាមរយៈផ្តល់ពូជ និងបច្ចេកទេស រួចប្រមូលទិញ ដើម្បីធ្វើការកែច្នៃរួចនាំចេញទៅកាន់ទីផ្សារប្រទេសចិន និងអឺរ៉ុប។
លោកបន្តថា អនាគតក្រុមហ៊ុន មានគ្រោងពង្រីកផលិតកម្មបន្ថែម នៅតាមខេត្តទូទាំងប្រទេស ដោយខ្ចីទុនវិនិយោគ ពីសហគមន៍អឺរ៉ុប។
ទាក់ទងនឹងគម្រោងវិនិយោគខាងលើ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងនេះ ដោយហេតុថា៖១-ជួយជំរុញផលិតកម្មពូជស្រូវ សុទ្ធល្អ ឆ្លើយតបតាមទម្រូវការទីផ្សារ ២-រួមគ្នាជំរុញការធ្វើទំនើបកម្មផលិតកម្មដំណាំស្រូវ និងទី៣-ចូលរួមលើកស្ទួយកម្រិតជីវភាពប្រជាកសិករ តាមរយៈបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុក។
ជំហានបឋមលោករដ្ឋមន្ត្រី ស្នើឲ្យក្រុមហ៊ុន សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នាយដ្ឋានពាក់ព័ន្ធ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃខេត្តគោលដៅ ដើម្បីពិនិត្យ និងសិក្សាវាយតម្លៃទៅលើគោលការណ៍ច្បាប់ និងបច្ចេកទេសឲ្យបានទូលំទូលាយ និងស៊ីជម្រៅជាមុនសិន។
ទោះជាយ៉ាងណា ក្រសួងនៅតែគាំទ្រចំពោះគម្រោងដែលក្រុមហ៊ុន បានលើកឡើងខាងលើ និងរង់ចាំផ្តល់កិច្ចសហការ៕ ដោយ៖កូឡាប