Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខណ្ឌ​ដង្កោ លាតត្រដាង​ការពិត រឿង​ករណី​ចាប់​ក្មេង​ទៅ​បង្ខាំង​កាលពី​ប៉ុន្មាន​ថ្ងៃមុន គឺ​កូនស្រី​ចាញ់បោក​គេ អស់​ម៉ូតូ​តែប៉ុណ្ណោះ​

​​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ លោក​វរសេនីយ៍ឯក ជឹម ស៊ីថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ធ្វើ​សន្និសីទកាសែត​ជាមួយនឹង​ឪពុក​ក្មេងស្រី​រងគ្រោះ ដើម្បី​បញ្ជាក់​យ៉ាងច្បាស់​ថា មិន​មាន​ករណី​ចាប់​ក្មេង​ដាក់​រថយន្ត យកទៅ​លក់​នោះ​ទេ ព្រោះ​ជា​រឿង​បំប៉ោង​សភាពការណ៍​មិន​ពិត​។ ចំណែក​ការពិត​នោះ គឺ​កូនស្រី​របស់​គាត់​ចាញ់បោក​គេ អស់​ម៉ូតូ​តែប៉ុណ្ណោះ​។​

​លោក​វរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់​ថា បន្ទាប់ពី​មាន​ព័ត៌មាន លេច​ឭ​កាលពី​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ថា​មាន​ការ​បង្ខាំង​ក្មេង​ស្រី​ជា​ច្រើន​នាក់​រួច​មក ពេលនេះ​សមត្ថកិច្ច​បាន​បំបែកសំណុំរឿង​នេះ បាន​លទ្ធផល​ល្អ ព្រោះ​ដំណើរ​រឿង​នេះ គឺ​មិន ដូច​សារព័ត៌មាន​មួយចំនួន​ដែល​បាន​ចុះផ្សាយ ពាក់​ពន្ធ័​នឹង​ការបង្ខាំង​ក្មេង​ស្រី​ជា​ច្រើន​នាក់ តាម​ការបំភ្លឺ​របស់​ឪពុក​ក្មេងស្រី​រងគ្រោះ កាលពី​ថ្ងៃ​ទី​៦​នោះទេ ។ ប៉ុន្តែ​ធាតុពិត នៅ​អធិការដ្ឋាន នគរបាល​ខណ្ឌ​ដង្កោ បាន​ទទួល​ពាក្យបណ្តឹង ពី​ឪពុក​ក្មេងស្រី​ខាងលើ តាំងពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ ដោយ​ឪពុក​ក្មេងស្រី​រងគ្រោះ បាន​មក​ប្តឹង​សមត្ថកិច្ច​ថា កូនស្រី​របស់​គាត់​ឈ្មោះ ស៊ំ ដា​វីន រៀន​ថ្នាក់​ទី​១២ បាន​ចេញពីផ្ទះ​នៅ​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ទៅ​រៀន​គួរ​នៅ​ភូមិ​បុរី​កម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ ដើម្បី​រៀន​បំប៉ន​ត្រៀមប្រឡ​gបាក់​ឌុប​ថ្នាក់ទី​១២ ដោយ​ចេញ​ទៅ​បាត់​រហូត​ដល់​ថ្ងៃ​ទី​៤ ខែ​សីហា មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ​ទេ សូមឲ្យ​សមត្ថកិច្ច​ទាំងអស់​ជួយ​ស្រាវជ្រាវ​រក​កូនស្រី​គាត់​ផង​។​

​លោក​អធិការ​បាន​ថ្លែងថា “​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​នេះ​រួច សមត្ថកិច្ច​បាន​សហកា​រ ជាប់​រហូត​ដល់​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៨ ឪពុក​ក្មេងស្រី​ខាងលើ បាន​ទៅ​ឃើញ​កូន​របស់​គាត់​នៅឯ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេងកង​២ និង​បាន​យក​កូន​មក​ដល់​ផ្ទះ​ដោយ​បាន​ជឿ​ពាក្យសម្តី​កូន ថា​មាន​ករណី​បង្ខាំង​មនុស្ស​ជាច្រើន​នៅក្នុង​ផ្ទះ ដូច្នេះហើយ​ទើប​ឪពុក​ក្មេងស្រី​ខាងលើ បាន​បំភ្លឺ​ប្រាប់​សារព័ត៌មាន​មួយចំនួន ពី​ការចាប់​បង្ខាំង​មនុស្ស​នេះ ។ ប៉ុន្តែ​ក្រោយពី​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​លម្អិត​នេះ​រួចមក កម្លាំង​នគរបាល​ខណ្ឌ​ដង្កោ ដោយ​មាន​ការចង្អុលបង្ហាញ បញ្ជា​ផ្ទាល់ ពី​លោកនាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក​ឧត្តមសេនីយ៍​ស្នងការ​រង​ទទួលជំនាញ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ប្រចាំ​ខណ្ឌ​ដង្កោ បាន​ធ្វើ​ការសម្របសម្រួល និង​ធ្វើ​ការស្រាវជ្រាវ រហូតមក​ដល់​ព្រឹក​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា លទ្ធផល គឺ​កូនស្រី​បាន​កុហក​ឪពុក ព្រោះ​កាលពី​ថ្ងៃ​ទី​៣ កូនស្រី​បាន​យក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ ចេញពីផ្ទះ​យកទៅលក់​នៅ​ហាង​ឡាក់​គី ក្នុង​ខណ្ឌ​៧​មករា ដោយ​ប្រាប់​ម្ចាស់​ហាង​ថា អត់​មាន​លុយ​បង់​សាលា ក្នុងតម្លៃ​៦៥០​ដុល្លារ ប៉ុន្តែ​ដោយសារ​តែ​អត់​អី​ជិះ ទើប​មក​ទិញ​ម៉ូតូ​ម៉ាក ធូ​ដេ ពណ៌​ប្រផេះ​លាយ​ខ្មៅ ក្នុងតម្លៃ​៥០០​ដុល្លារ ដូច្នេះ​លុយ​ដែល​នៅសល់​គឺ​១៥០​ដុល្លារ ដោយ​បាន​ជិះ​ម៉ូតូ​នេះ​ទៅ​បាត់​។ លុះដល់​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៨ នាង​បាន​យក​ម៉ូតូ​នេះ​មក​វិញ ដោយ​ពាក់​ម៉ា​ស់មុខ មក​អង្វរ​ម្ចាស់​ហាង​ថា ឪពុក​គាត់​ឈឺ​ធ្ងន់​ណាស់​នៅ​ពេទ្យ​កាល់ម៉ែត សុំ​លក់​ម៉ូតូ​នេះ ទើប​ម្ចាស់​ហាង​ព្រម​ទិញ​វិញ ។ ដូច្នេះ​មិន​មាន​ករណី​ចាប់ជំរិត ឬ​បង្ខាំង​ក្មេងស្រី​នោះ​ទេ​”​។​

​ដោយឡែក​បើ​តាម​សម្តី របស់​បុរស​ឈ្មោះ ស៊ំ វឌ្ឍនា ត្រូវជា​ឪពុក​ក្មេងស្រី​ឈ្មោះ ស៊ំ ដា​វីន បាន​បកស្រាយ​ក្នុង​សន្និសីទកាសែត​ល្ងាច​នេះ​ថា ក្រោយពី​គាត់​បាន​ស្តាប់​សមត្ថកិច្ច​បកស្រាយ ពី​ការស្រាវជ្រាវ​រួចមក គាត់​បាន​ដឹងថា គាត់​ចាញ់បោក​កូន ដោយសារ​ជឿ​ពាក្យសម្តី​កូន​គាត់​ទាំងស្រុង​ថា មានការ​ចាប់ជំរិត​ក្មេង​ស្រី​ជា​ច្រើន​នាក់ បង្ខាំង​ទុក​លក់ ដូច្នេះ​គាត់​សូម​អះអាង​សា​ជា​ថ្មី​ថា មិន​មាន​ករណី​ចាប់ជំរិត​ក្មេងស្រី ដាក់​រថយន្ត​យកទៅលក់ នៅក្នុង​ប្រទេស​កម្ពុជា របស់​យើង​នោះទេ ។​

លោក​ស៊ំ វឌ្ឍនា​បាន​បន្តថា “​នេះ​ដោយសារ​តែ​គាត់​ស្រឡាញ់ និង​ជឿ​កូន​ខ្លាំងពេក ទើប​កូន​បោក​គាត់​យក​ម៉ូតូ ទៅ​លក់​ស៊ីចាយ ភូតកុហក​គាត់​បែបនេះ​។ ក្នុងនោះដែរ ឪពុក​ក្មេងស្រី​ខាងលើ ក៏​បាន​សុំទោស​ជា​សាធារណៈ ដល់​កងកម្លាំង​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ក៏ដូចជា សុំទោស​ដល់​បងប្អូន​ប្រជាពលរដ្ឋ តាម​បណ្តាញ​សង្គម Facebook និង​បណ្តា​សារព័ត៌មាន​នានា ចំពោះ​រឿងរ៉ាវ​ទាំងនេះ និង​បាន​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​អាណាព្យាបាល​ទាំងអស់​ថា កុំ​ជឿ​ពាក្យសម្តី​កូន​ខ្លាំងពេក សូម​គិត​និង​ពិចារណា​ឲ្យ​ច្បាស់​សិន​ចាំ​ជឿ ចៀសវាង​ជួប​រឿងរ៉ាវ ដូចជា​គាត់​ពេលនេះ​”៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

×