ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានផ្ញើលិខិតជូន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាលរាជធានី ខេត្ត លើការបន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព ជូនដល់មន្ត្រី បុគ្គលិកសុខាភិបាល ដែលបំពេញការងារ ក៏ដូចជាអ្នកជំងឺនិងគ្រួសារដែលទទួលសេវា ឬស្នាក់នៅព្យាបាលនៅតាមមូលដ្ឋានសុខាភិបាល ។
បើតាមឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា, សូមជម្រាបជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ជ្រាបថា ក្រសួងសុខាភិបាលបាននិងកំពុងជំរុញការផ្តល់ សេវាសុខាភិបាល ២៤ម៉ោង ក្នុងមួយថ្ងៃ ៧ថ្ងៃ ក្នុងមួយសប្តាហ៍ នៅគ្រប់មូលដ្ឋានសុខាភិបាលទាំងអស់ ជាពិសេសការផ្តល់សេវាសុខាភិបាលជាសារវ័ន្ត និងការថែទាំសុខភាពបឋម នៅមណ្ឌលសុខភាព និងប៉ុស្តិ៍ សុខភាព ដែលជាគ្រឹះនៃការឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនាពេលអនាគត ស្របតាម យុទ្ធសាស្ត្របញ្ចកោណ – ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងឱកាសនេះ ក្រសួងសុខាភិបាលសូមថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃរដ្ឋបាលរាជធានី ខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែងតែយកចិត្តទុកដាក់រក្សា សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ដើម្បីអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពនូវគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ក្រសួងសុខាភិបាលសូម ឯកឧត្តម លោកជំទាវ មេត្តាបន្តណែនាំបន្ថែមទៀតដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសកម្លាំងសមត្ថកិច្ច តាមប៉ុស្តិ៍នគរបាលនៅគ្រប់ឃុំ សង្កាត់ទូទាំងប្រទេស ឱ្យចល័តចុះឃ្លាំមើលជាប់ជាប្រចាំតាមគ្រប់មធ្យោបាយ ជំនាញនៅកន្លែងសំខាន់ៗជុំវិញមូលដ្ឋានសុខាភិបាល ជាពិសេស មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព ដែល ស្ថិតនៅតំបន់ដាច់ស្រយាលទាំងអស់ ដើម្បីឱ្យមន្ត្រីបុគ្គលិកសុខាភិបាល អ្នកជំងឺ និងក្រុមគ្រួសារប្រជាពលរដ្ឋ កាន់តែមានភាពកក់ក្តៅ ទាំងនៅពេលថ្ងៃ និងពេលយប់ ប្រកបដោយសេចក្តីសុខសុវត្ថិភាព៕រក្សាសិទ្ធដោយ ៖ សុទ្ធលី