Friday, November 1, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងអាមេរិក បានឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ

ភ្នំពេញ៖ នារសៀលថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាចប់អាណត្តិ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍កោតសរសើរចំពោះអាណត្តិបេសកកម្ម និងកត់សម្គាល់អំពីបុគ្គលិកលក្ខណៈជាអ្នកកាទូតរបស់ ឯកឧត្តម Patrick Murphy ។

ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានបង្ហាញការកត់សម្គាល់ថា ឯកឧត្តម Patrick Murphy បានដើរតួនាទីយ៉ាងសកម្មក្នុងការបន្តពង្រឹងនូវចំណងទំនាក់ទំនងការទូតដ៏យូរលង់ជាង ៧ ទសវត្សរ៍ រវាងកម្ពុជា និងអាមេរិក និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តម «ក្នុងនាមជាអ្នកការទូតគួរជាទីគោរព ប្រកបដោយចំណេះដឹង និងបទពិសោធន៍ជ្រៅជ្រះអំពីតំបន់អាស៊ីប៉ាស៊ីហ្វិក» ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងមហាផ្ទៃ ក៏ដូចជាប្រជាជនកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងដំណើរការស្តារកសាង និងអភិវឌ្ឍរបស់កម្ពុជាក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយនេះ តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អាមេរិក (USAID)។

ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការវាយតម្លៃរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ដូចជាការគាំទ្រ និងការឆ្លើយតបយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កិច្ចការពារសន្តិសុខ និងសុវត្ថិភាព ដល់និវេសនដ្ឋានទូត និងពលរដ្ឋអាមេរិក ព្រមទាំងកិច្ចសហការយ៉ាងហ្មត់ចត់ជាមួយភ្នាក់ងារអនុវត្តច្បាប់អាមេរិក។

ឯកឧត្តម Patrick Murphy ក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានប្រព្រឹត្តទៅប្រកបដោយតម្លាភាព។ ឯកឧត្តម ក៏បង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក នឹងបន្តផ្ដល់លទ្ធផលប្រសើរជាបន្តបន្ទាប់នាពេលខាងមុខទៀត។

ក្នុងជំនួបនេះផងដែរ ភាគីទាំងពីរបានអបអរសាទរចំពោះវឌ្ឍនភាព និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលប្រកបដោយផ្លែផ្កា នៅក្នុងអាណត្តិបេសកកម្មរបស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត។ ភាគីទាំងពីរបានឯកភាពបន្តប្ដេជ្ញាពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួមសម្រាប់ជាតិ និងប្រជាជន នៃប្រទេសទាំងពីរ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×