សាធារណរដ្ឋកូរ៉េ ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ ។
ក្នុងវេទិកាធុរកិច្ចនេះមានវិនិយោគិនចូលរួមទាំងកម្ពុជា និងកូរ៉េ សរុបជាង៣០០នាក់ ដែលតំណាងឱ្យ ១៩៨ ក្រុមហ៊ុន ។
សាធារណរដ្ឋកូរ៉េ គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់កម្ពុជា ដែលមានទំហំពាណិជ្ជកម្មទ្វេភាគី សរុបប្រមាណ ៧៥១លានដុល្លារ ឈរលើលេខរៀងទី១១ ក្នុងឆ្នាំ២០២៣កន្លងមកនេះ ។ លើសពីនេះ ការវិនិយោគដោយផ្ទាល់ពីវិនិយោគិនសាធារណរដ្ឋកូរ៉េ (FDI) មានចំនួនសរុបរហូតដល់ជាង ៥ពាន់លានដុល្លារនិយាយជារួម និងមានចំនួនប្រមាណ ៣០លានដុល្លារ ឈរលើលេខរៀងទី៩ ក្នុងឆ្នាំ២០២៣ កន្លងទៅ។ កម្ពុជា-កូរ៉េ ក៏បានចុះជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ជាមួយគ្នាផងដែរ កាលពីខែធ្នូ ឆ្នាំ២០២២ ។ តាមរយៈកិច្ចព្រមព្រៀង CKFTA នឹងផ្តល់ភាពងាយស្រួល ដល់វិនិយោគិនកូរ៉េក្នុងការបណ្តាក់ទុន និងការនាំចេញ-នាំចូលរវាងប្រទេសទាំងពីរ ជាមួយនឹងកាលានុវត្តភាពជាច្រើនក្នុងស្រុក រួមជាមួយនឹងគោលការណ៍អនុគ្រោះការវិនិយោគ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលនឹងផ្តល់នូវ លក្ខខណ្ឌពិសេសជាច្រើន ជួយសម្រួលដល់វិនិយោគផងដែរ ។
បន្ទាប់ពីវេទិកាធុរកិច្ចកម្ពុជា-សាធារណរដ្ឋកូរ៉េ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានបន្តជាកិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាលើឯកសារចំនួន ៦ ដូចជា៖
១. អនុស្សរណៈនៃការយោគយល់គ្នា រវាង សភាពាណិជ្ជកម្មកម្ពុជា និង សភាពាណិជ្ជកម្ម និងឧស្សាហកម្មនៃសាធារណរដ្ឋកូរ៉េ
២. អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ JB Financial Group
៣. អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ KB Kookmin Bank
៤. អនុស្សរណៈនៃការយោគយល់គ្នា រវាង ធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា និង ធនាគារ WOORI Bank
៥. អនុស្សរណៈនៃការយោគយល់គ្នា រវាង ការិយាល័យឥណទានកម្ពុជា និង ការិយាល័យឥណទានកូរ៉េ ព្រមទាំងធនាគារ JB Bank
៦. អនុស្សរណៈនៃការយោគយល់គ្នា រវាង Worldbridge Group និង ក្រុមហ៊ុន Daewoo E&C៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី























